ខេត្តសៀមរាប ៖ ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ SAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប បានធ្វើសួនច្បារជារនាំងឃាំងលើផ្លូវថ្មើរជើង និងនៅលើគំរបលូកម្ពស់ជិត១ម៉ែត្រ ដែលវាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយជាយថាហេតុដល់អ្នកដំណើរណាមួយជាក់ជាមិនខាន ។
ទាក់ទិនករណិនេះ អាជ្ញាធរក្រុងសៀមរាបបាននិយាយថា នឹងចុះទៅពិនិត្យមើលពីច្បាប់ទម្លាប់
របស់ទីតាំងនេះឡើងវិញ ។
បើតាមពលរដ្ឋនិយាយថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ SAVIMEX មិនគួរធ្វើរនាំងបិទផ្លូវថ្មើរជើងខ្ពស់នៅជាប់ភ្លើងស្តុប៧មករាយ៉ាងដូច្នេះទេ ព្រោះវាជាកន្លែងសម្រាប់អ្នកដំណើរទូទៅឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន ។ ពលរដ្ឋបានធ្វើការសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធក្រុងនិងខេត្តសៀមរាប មេត្តាចុះពិនិត្យមើលទីតាំងខាងលើនេះ
ផង ។
លោកសាម ឡន ចៅសង្កាត់សាលាកំរើកបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា នេះថា ករណីស្ថានីយលក់ប្រេងធ្វើសួនច្បារលើចំណីផ្លូវនេះ អាជ្ញាធរសង្កាត់សាលាកំរើកបានធ្វើរបាយការណ៍ទៅជូនរដ្ឋបាលខេត្តសៀមរាបដើម្បីចុះពិនិត្យនិងសម្រេចរួចរាល់ហើយ ។ លោកបន្តថា ការងារនេះវាហួសពីសមត្ថភាពរបស់លោក ដោយត្រូវឱ្យខាងអាជ្ញាធរក្រុងសៀមរាបរៀបចំគណៈកម្មការមួយដើម្បីចុះពិនិត្យស្ថានីយលក់ប្រេងខាងលើនោះ ។
រីឯមន្ត្រីនៃមន្ទីរសាធារណៈដឹកជញ្ជូនខេត្តសៀមរាបបានប្រាប់ដែរថា ករណីខាងលើនេះ លោកមានគណៈកម្មការក្រុងនិងខេត្តជាអ្នកទទួលខុសត្រូវ ។ ចំណែកអាជ្ញាធរខេត្តសៀមរាបក៏បានប្រាប់ថា បានចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងខាងលើនេះហើយ តែនៅមិនទាន់ដឹងថាយ៉ាងណាទេ កំពុងរង់ចាំការបង្ហាញរបាយការណ៍របស់មន្ត្រីសិនដែរ ។
មហាជនក្នុងក្រុងសៀមរាបបានលើកឡើងថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធដែលសាងសង់នៅកណ្តាលក្រុងសៀមរាប ដោយខុសបច្ចេកទេសបែបនេះ តើគាត់មានគិតពីសុខទុក្ខរបស់អ្នកដំណើរដែរ ?
ចែករំលែកព័តមាននេះ