រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដោយសារ អង្កការសុខភាពពិភពលោក (WHO) ពុំទាន់ទទួលស្គាល់ នោះទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដោយបានលើកឡើងថា ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្ននេះ មានបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ។
ក្រសួងសុខាភិបាល សូមបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ» ។
ក្រសួងបានបន្តថា ក្នុងខណៈនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមាន អំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាម កន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាម ម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ។
ក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺ គ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជីកានៅក្នុង ប្រទេសកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការ យកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព ដោយមធ្យោបាយសមស្រប ដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល» ។
ក្រសួងបានលើកឡើងទៀតថា ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល សូមអំពាវនាវដល់ សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូល រួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជាសំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគ សញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់ ៕
ចែករំលែកព័តមាននេះ