ខេត្តតាកែវ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកគីរីវង់ បានប្រាប់អោយដឹងថា មានជនចម្លែក៣រូប បានមកជួលផ្ទះស្នាក់នៅមុខផ្សារទម្លាប់ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ហើយដើរធ្វើសកម្មភាពតាមផ្ទះពលរដ្ឋដែលមានឆ្នោតឡូតូស្របច្បាប់ឱ្យបិទជាបន្ទាន់ បើមិនបិទទេ គឺត្រូវបង់លុយឱ្យពួកគេក្នុងម្នាក់ចំនួន២០ម៉ឺនរៀល សរុប៣នាក់ គឺបង់ចំនួន៦០ម៉ឺនរៀលក្នុង១ខែ តែបើមិនបង់ក៏អត់ទៅ ប៉ុន្តែត្រូវដាក់ឆ្នោតឡូតូក្រុមរបស់ពួកគេ។
ពលរដ្ឋបានអោយដឹងទៀតថា ជនទាំង៣នាក់ខាងលើនេះ មាន ១- ឈ្មោះ ទឹម ម៉ៅ ចំណែក២នាក់ទៀត ពលរដ្ឋមិនស្គាល់ឈ្មោះនោះទេ ហើយជនខាងលើនេះ គឺដើរធ្វើសកម្មភាពដដែលៗជារៀងរាល់ថ្ងៃពេញទឹកដីស្រុកគីរីវង់តែម្ដង។
ជុំវិញករណីខាងលើ សមត្ថកិច្ចស្រុកគីរីវង់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យកោះសន្តិភាពដឹងថា ពិតជាមានជនចម្លែកទាំង៣នាក់នេះដើរធ្វើសកម្មភាពដូចពលរដ្ឋលើកឡើងមែន ហើយករណីនេះ គឺបានរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្តរួចរាល់ហើយ ហើយកម្លាំងជំនាញខេត្តក៏កំពុងធ្វើការស្រាវជ្រាវ ដើម្បីមានចំណាត់ការផងដែរ។
ចែករំលែកព័តមាននេះ