រាជធានីភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំង ទោះបីជាមិនបញ្ចេញឈ្មោះចំក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើលោកសម រង្ស៊ី ដែលសម្តេចចាត់ទុកថា ជាអ្នកនយោបាយចាស់វស្សា គួរតែអបអរសារទរដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំង។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចមិនបន់ឱ្យអ្នកនយោបាយវ័យចំណាស់ម្នាក់ ស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្ដែគួរតែឱ្យតម្លៃទៅលើអ្វីដែរផ្ដល់ផលប្រយោជន៍របស់ប្រទេសជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង ដោយប្រាប់លោក ម៉ាក្រុង ថា ប្រយ័ត្នចាញ់បោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ។
សម្ដេចធិបតី គូសបញ្ជាក់ថា ៖ «ក្នុងនាមជាអ្នកនយោបាយ វ័យចំណាស់ម្នាក់ នៅកម្ពុជា ការចេញសារបែបនេះ តើមានគិតទេ ? ចេញសារធ្វើយ៉ាងណាកុំឱ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលទាំងពីរនេះ បានទៅដោយរលូន។ បង្កើតនូវភាពមិនទុកចិត្តគ្នាទៅហើយ តើសារនេះបានន័យស្អី ? ក្នុងនាមជាអ្នកនយោបាយ ចង់អ្នកឯងស្រលាញ់រាជរដ្ឋាភិបាល មិនស្រលាញ់រដ្ឋាភិបាល ប៉ុន្ដែគួរតែឱ្យតម្លៃ ទៅលើអ្វីដែរផ្ដល់ផលប្រយោជន៍របស់ប្រទេសយើងទៅ ជៀសជាងធ្វើនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនអ្នកស្រលាញ់ជាតិ» ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងថា អ្នកនយោបាយចាស់វស្សា កំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរនោះ គួរតែអបអរសាទ រដល់ទំនាក់ទំនង រវាងរដ្ឋាភិបាលកម្ពុជា និងបារាំង នាពេលនេះផងដែរ ។
សម្ដេចធិបតី បានគូសបញ្ជាក់ទៀតថា ៖ «គិតអំពីផលប្រយោជន៍ជាតិ ជៀសជាងផលនយោបាយ ហើយដាក់នយោបាយចំពោះមុខទាំងអស់ ខ្ញុំ មិនបន់ឱ្យស្រលាញ់ខ្ញុំទេ ខ្ញុំមិនថា ឱ្យឈប់រិះគន់នោះទេ ជាសិទ្ធិរបស់គាត់ ប៉ុន្ដែយ៉ាងយោចណាស់ គួរឱ្យគិតថាពេលណាដែរ ផ្ដល់ផលប្រយោជន៍ជាតិ យើងត្រូវរួមគ្នាទៅ» ។
សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជាមួយប្រទេសបារាំង និងបណ្ដាប្រទេសផ្សេងៗ នៅក្នុងទ្វេអឺរ៉ុប គឺកម្ពុជាប្រកាន់ជំហរដូចគ្នា ក្នុងការគោរពអធិបតេយ្យភាព និងឯករាជ្យភាព ទៅវិញ ទៅមក និងជជែកគ្នា ដើម្បីពង្រឹងផលប្រយោជន៍ជាតិ ទាំងនេះ គឺជាគោលដៅការទូតរបស់កម្ពុជា នៅក្រៅប្រទេស ៕
ចែករំលែកព័តមាននេះ