ខេត្តកំពង់ចាម ៖ សកម្មភាពជីករណ្ដៅដីនិងថ្មភ្នំនៅជើងភ្នំបាធាយ ស្ថិតក្នុងភូមិស្រះព្រីង និងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ជាយូរឆ្នាំមកហើយនោះ កំពុងបង្កហានិភ័យយ៉ាងខ្លាំង ដោយដីជើងភ្នំបាធាយ ក៏ត្រូវបានគេរំលោភយកធ្វើជាកម្មសិទ្ធិផងដែរ ទាំងនេះជាកត្តាសំខាន់ដែលធ្វើអោយប៉ះពាល់ដល់អនាគតភ្នំបាធាយទាំងមូលនោះផងដែរនេះ ។
យ៉ាងណាក៏ដោយ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ចាមអះអាងថា រណ្តៅដីនោះមានច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយមន្ទីរជំនាញ។ ប៉ុន្តែសួរថា វាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឬយ៉ាងណានោះគ្មាន អ្នកណាមកអើតឈ្ងោកមើលនោះឡើយ សង្ស័យត្រូវគ្នាតាំងពីអើយ…ហេ!ហេ! ។
យោងតាមសេចក្តីព្រាងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ក្បែររណ្ដៅដីនេះឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋរស់នៅភូមិបាធាយ,ស្វាយពកនិងស្រះព្រីង បានកើតទុក្ខមិនសុខចិត្តចំពោះបុគ្គលម្នាក់ឈ្មោះ ហែម សុវណ្ណថន ដែលបានធ្វើសកម្មភាពជីកកាយរណ្ដៅដី នៅជើងភ្នំបាធាយហើយបានវាតបោះ បង្គោល យកដីជើងភ្នំដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើជាសម្បត្តិរបស់ខ្លួនថែមទៀត ដោយគ្មាននរណាហ៊ានប៉ះ ពាល់បុគ្គលនេះបានឡើយ ។
សកម្មភាពរបស់ឈ្មួញខាងលើនេះបានបង្កឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជុំវិញភ្នំបាធាយកើតការមិនពេញចិត្តជាខ្លាំង ។ បុគ្គលឈ្មោះហែម សុវណ្ណថន គឺជាអ្នកដែលប្រើគ្រឿងចក្រដោយផ្ទាល់ក្នុងប្រតិបត្តិការជីករណ្តៅដី ។ ប៉ុន្តែអ្នកឈរនៅពីក្រោយខ្នងនៃការជីករណ្តៅដីនេះ គឺលោក សិតកុសល ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅសាលាស្រុកបាធាយ មានខ្នងបង្អែកយ៉ាងនេះហើយ ទើនឈ្មួញធ្វើអ្វីស្រេចតែក្បាលវ៉ាល់ ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថា ក្រុមឈ្មួញដែលជាអ្នកប្រកបអាជីវកម្មរណ្ដៅដី និងថ្មភ្នំទាំងនេះ គឺកាចៗប្រៀបដូចជាឆ្កែដាក់ច្រវ៉ាក់យ៉ាងដូច្នោះដែរ ។ សូម្បីតែកូនចៅប្រជាពលរដ្ឋរើសថ្ម១ដុំ ឬកាយដី១រ៉ឺម៉កមកចាក់បំពេញផ្លូវនៅក្នុងភូមិក៏មិនបានផង ។ សកម្មភាពរបស់ពួកគេ ហាក់ដូចជាបានទិញដីរួមសម្បត្តិរបស់រដ្ឋនេះធ្វើជាកម្មសិទ្ធិ ក្នុងការជីកកកាយនោះទៅហើយ ។ រីឯដំណើរការនៃការជីកកកាយនោះទៀតសោត គឺមានជម្រៅជ្រៅ ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋក្បែរខាងជិតៗនោះ ជាពិសេសតំបន់ភ្នំ ។ ហើយលើសណៅនេះទៀតនៅរដូវ វស្សាសូម្បីតែគោ,ក្របីអ្នកភូមិ ក៏មិនហ៊ានទៅក្បែរផងព្រោះខ្លាចធ្លាក់ចូលក្នុងរណ្តៅដីក្ស័យជីវិត ព្រោះជម្រៅហួសក្បាលប្រេតទៅហើយ ។
ពលរដ្ឋអ្នកភូមិខ្សឹបខ្សៀវថា រណ្តៅដីនោះត្រូវបានគ្រប់គ្រងដោយបុរសម្នាក់ឈ្មោះសិត កុសល ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ស្រុកបាធាយអ្នកធ្វើអាជីកម្មដីភ្នំបាធាយ ។ ប្រភពឲ្យដឹងថា កាលប៉ុន្មានឆ្នាំ មុនក៏មានចរន្តនៃការតវ៉ាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះដែរ។ កាលនោះ រណ្តៅដីនេះត្រូវបានគ្រប់គ្រងដោយឪពុកលោកសិត កុសល ផ្ទាល់តែម្ដង ហើយក៏មានការស្វែងរកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ដឹកនាំខេត្តដែរ ប៉ុន្តែមិនបានជោគជ័យ ពីព្រោះពាក្យបណ្ដឹងនោះមិនដល់ដៃថ្នាក់ដឹកនាំខេត្តឡើយ ។
ប្រភពបានឱ្យដឹងថា ការជីករណ្ដៅដីស្ទើររលាយភ្នំបាធាយនេះ វាជាប្រភពចំណូលនៃការឃុបឃិតគ្នារវាងឈ្មួញនិងអាជ្ញាធរស្រុក ។ បើទោះជាស្ថាប័នជំនាញអះអាងថា មានច្បាប់អនុញ្ញាតចេញពីមន្ទីរ រ៉ែ និងថាមពលក៏ដោយ ប៉ុន្តែវានៅតែមានការគុបគិតគ្នាទៅលើបច្ចេកទេសដដែល សង្ស័យចែកគ្នារស់ក៏យូរឆ្នាំមកហើយដែរ ។
បើនិយាយរួមទៅអ្នកភូមិមើលឃើញថា សកម្មភាពអាជីវកម្មរណ្តៅដី និងថ្មភ្នំបាធាយ ដ៏មហន្តរាយទាំងនោះ មិនបានបម្រើឲ្យផលប្រយោជន៍ នៅក្នុងសហគមន៍ទេ។ ផ្ទុយទៅវិញវាជាប្រភពចំណូលរបស់ពួកមន្ត្រីខិលខូចនិងឈ្មួញនៅក្នុងមូលដ្ឋាននោះតែប៉ុណ្ណោះ ។ ដូច្នេះ គេរំពឹងថា លោកកែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ក៏ដូចជា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមពិនិត្យមើលករណីអាជីវកម្មរណ្ដៅដី និងថ្មភ្នំ នៅជើងភ្នំបាធាយ ស្ថិតក្នុងស្រុកបាធាយនោះផង សំខាន់ល្មមឆ្កឹះចោលខ្លះទៅ មន្ត្រីជើង១០… ហេ! ហេ!
ព័ត៌មានបន្ថែមមានផ្សាយជូននៅលើកាសែតកោះសន្តិភាពនៅពេលក្រោយ ។
ចែករំលែកព័តមាននេះ