រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យចាប់អ្នកបើកបរណា បង្កគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លា.ប់ មិនបាំបាច់សុំគោលការណ៍ទេ គឺចាប់ដាក់ខ្នោះ តែម្ដងទៅ ព្រោះសាក្សី បានឃើញហើយ ។
ថ្លែងនាឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឱ្យអនុវត្តច្បាប់ចំពោះ អ្នកបើកបរទាំងឡាយណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លា.ប់ ដោយមិនចាំបាច់សុំគោលការណ៍ទេ គឺចាប់តែម្ដង បើតវ៉ាចាប់វ៉ៃខ្នោះ ព្រោះមានខ្នង នាយករដ្ឋមន្ត្រីការពារហើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សមត្ថកិច្ច ករណីមានបទល្មើសជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លា.ប់ គឺសមត្ថកិច្ច ត្រូវអនុវត្តច្បាប់ ឃាត់ខ្លួនជនល្មើសភ្លាម ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា ៖ «កន្លងទៅ អារឿងបុកមនុស្សស្អីៗ មិនចាំបាច់សុំគោលការណ៍ ខ្ញុំ ចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្ដែង ឧបទាហរណ៍បើកឡានបុកគេស្លា.ប់ មិនចាំបាច់គោលការណ៍ គឺចាប់តែម្ដងទៅ ឃាត់ខ្លួនតែម្តងទៅ ហើយបើគាត់តវ៉ា ចាប់វ៉ៃខ្នោះទៅ» ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា បើសិនសមត្ថកិច្ចអនុវត្តស្របច្បាប់ គឺអនុវត្តចុះ ហើយខ្នងបង្អែករបស់បងប្អូន គឺនាយករដ្ឋមន្ត្រី ហើយអ្នកការពារពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកបង្កត្រូវតែទទួលចំពោះមុខច្បាប់។
សម្តេចធិបតី ក៏បានប្រាប់ទៅសមត្ថកិច្ច និងកងរាជអាវុហត្ថ ថា ក្នុងបទល្មើសជាក់ស្តែង បើសិនបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តចុះ ហើយខ្នងរបស់បងប្អូន គឺជានាយករដ្ឋមន្ត្រី និយាយឲ្យច្បាស់ តែម្តងទៅ ។
សម្តេចបញ្ជាក់ថា ៖ «បើសិន ជាគេថា មានខ្នងទៀត មិនចាំសួរទេ ព្រោះនាយករដ្ឋមន្ត្រី ចេញគោលការណ៍ហើយ«…» ហើយបើសិនអ្នកណាគំរាមថា ទៅដល់កន្លែងគេដកបញ្ឈរឈរ ប្រាប់មកខ្ញុំ ខ្ញុំតម្លើងស័ក្តិឲ្យ» ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានលើកឡើងថា ចំពោះមេសមត្ថកិច្ចណា ដែលដាក់កំហុសកូនចៅខ្លួន គ្មានមូលហេតុ សម្តេចនឹងចាត់វិធានការ បើគ្នាធ្វើត្រូវហើយ ត្រូវលើកទឹកចិត្ត ប្រសិនត្រូវបំបាក់ទឹកចិត្ត អ្នកផ្សេងទៀត តើសង្គមយើងនឹងទៅជាយ៉ាងណា ? ។
សម្តេចសង្កត់ធ្ងន់ថា ៖ «សូមអនុវត្តតែម្តងទៅ ព្រោះវាវិលមុខពេក! ច្បាប់យើងចែងថា បើមានភស្តុតាងផឹកស្រវឹង គេបុកប៉ុណ្ណឹងហើយឃាត់ខ្លួនយកទៅ សាក្សីមានហើយ បើនរណាថា ហ៊ានចាប់គេ តើដឹងថាមានខ្នងប៉ុណ្ណាអត់ ? ប៉ូលិស ត្រូវប្រាប់ទៅថា ខ្នងខ្ញុំគឺនាយករដ្ឋមន្ត្រី» ៕
ចែករំលែកព័តមាននេះ