រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០ នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២៣ ដែលអ្នកសារព័ត៌មានទើបតែទទួលបាន ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមួយនេះ បានបញ្ជាក់ថា វគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងនេះ គឺជាប្រភេទសញ្ញបត្របច្ចេកទេសវិជ្ជាជីវៈ ១ លើមុខជំនាញចំនួន ១៥ ដូចជា ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ២៨០ នាក់, ការថែទាំនិងជួសជុលរថយន្តចំនួន ២៧០ នាក់, ការថែទាំនិងជួសជុលអគ្គិសនីរថយន្តចំនួន ២៧០ នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០ នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនធុនតូចចំនួន ១៨០ នាក់, ការថែទាំនិងជួសជុលរថយន្តហ្វដចំនួន ២១០ នាក់, ការផ្សារអគ្គិសនីចំនួន ១៥០ នាក់, ការផ្សារលោកហៈដោយធ្នូអគ្គិសនី (ធូប) ចំនួន ១៥០ នាក់, ការបន្ស៊ីលោហៈចំនួន ២១០ នាក់ សេវាកម្មកុំព្យូទ័រចំនួន ១៨០ នាក់, ការចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៨០ នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ២៨០ នាក់, ការថែទាំ និងជូសជុលជណ្តើរយន្តចំនួន ១៥០ នាក់, សេវាកម្មគ្រប់គ្រងយានដ្ឋាន ៣០ នាក់ និងការផ្សារឧស្ម័ន ៩០ នាក់ ។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៤ ខែនោះផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ