ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ថ្ងៃ​នៃ​បុណ្យអុំទូក ក្រសួង​ការងារ បានផ្សព្វផ្សាយ​ពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​ពលរដ្ឋ​ជិត ​៥ ​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម ( ប​.​ស​.​ស​. ) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​សរុប​ជិត ​៥ ​ម៉ឺន​នាក់​…

រាជធានីភ្នំពេញ ៖ បេឡា​ជាតិ​សន្តិសុខ​សង្គម ( ប​.​ស​.​ស​. ) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​សរុប​ជិត ​៥ ​ម៉ឺន​នាក់​ ស្តី​ពី​របប​សន្តិសុខ​សង្គម ពិសេស​គឺ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័​យ​និ​យោ​ជ​ន៌ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ពី​ថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ​។

ឯកឧត្តម ហេង សុ​ផា​ន់​ណា​រិ​ទ្ធ អ្នកនាំពាក្យ និងជា​អគ្គនាយករង ប​.​ស​.​ស​. មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ នេះ​ថា ក្នុង​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​តាម​ទីប្រជុំជន និង​ការ​ផ្សព្វផ្សាយ​តាម​ស្តង់​ពិ​ព័រណ៌ ក្នុងអំឡុងពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល ៣ ​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ទូ​ទាំង ២៥ រាជធានី​ខេត្ត មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា ៤៩ ៦៦១​ នាក់ ក្នុង​នោះ​ស្រី ៣២ ៥១៥ ​នាក់ បាន​ចូលរួម​ឈ្វេងយល់​ពី​របប​សន្តិសុខ​សង្គម ពិសេស​គឺ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ ។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​កន្លង​មក ក៏​ដូច​ជា​យុទ្ធ​ការ​ក្នុងអំឡុងពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល ៣​ ថ្ងៃនេះ ឯកឧត្តម​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​ហាក់​មានការ​យល់​ដឹង​ច្រើន​ស្តី​ពី​របប​សន្តិសុខ​សង្គម ហើយ​ពួក​គាត់​ភាគច្រើន គឺ​ស្គាល់​បណ្ណ ប​.​ស​.​ស​. និង​បានដឹង​ពី​អត្ថប្រយោជន៍​បណ្ណ ប​.​ស​.​ស​. ដែល​នៅ​ពេល​ឈឺ ឬ​គ្រោះថ្នាក់​ផ្សេង​ៗ​ទៅ​ពេទ្យ​មិន​អស់ប្រាក់ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទៀត​ផង ​។

កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពន្យល់​ពី​ផល​ចំណេញ​របស់​សមាជិក ប​.​ស​.​ស​. និង​អ្នក​នៅ​ក្នុង​បន្ទុកគ្រួសារ​ចំពោះ​ការ​ព្យាបាល​ជំងឺ​និង​ការ​ថែទាំ​សុខភាព​ថា​ពេល​ដែល​មានគ្រួសារ បងប្អូន​មួយ​ចំនួន​ធ្វើការ​ទាំង​ពីរ​នាក់ ក៏​ប៉ុន្តែ​មាន​បងប្អូន​មួយ​ចំនួន ពេល​មានកូន​អាច​មាន​ម្នាក់​ផ្អាក​ពី​ការងារ ឬ​ឈប់​ធ្វើការ​ដើម្បី​មើលថែ​ទាំ​កូន ចឹ​ង​សល់​តែ​មនុស្ស​ម្នាក់​គត់​ធ្វើការ​និង​មាន​ចំណូល ហើយ​ចំណូល​នោះ​ក៏​ត្រូវ​ជួយ​ដល់​អ្នក​នៅផ្ទះ និង​ចំណាយ​ផ្សេង​ៗ​ទៀត​ផង ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា បើសិនជា​បងប្អូន​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​បី​នាក់ ដោយ​ក្នុង​មួយ​នាក់​ត្រូវ​បង់ ១ ៥៦០០ ​រៀល នៅ​ពេល​មានកូន ​៣ ​ក្នុង​បន្ទុក គឺ​ត្រូវ​ចំណាយ​ប្រហែល​អស់ ​១២​ដុល្លារ ហើយ​បើ​មានកូន​ឈឺ នោះក្នុង​មួយ​ខែ​ៗ​អាច​នឹង​ត្រូវ​ចំណាយ​ច្រើន​លើស​ពី​នេះ​ទៀត​ ។ ដូច្នេះ​បើ​បងប្អូន​បង់​ភាគទាន ប​.​ស​.​ស​. នោះ​បងប្អូន​ច្បាស់​ក្នុង​ខ្លួន​ថា ប្រាក់ខែ​ដែល​នៅ​សល់ បន្ទាប់​ពីផាត់​ចំណាយ​លើសោហ៊ុយ​ធ្វើ​ដំណើរ បន្ទប់​ជួលបងប្អូន​អាច​ចំណាយ​លើ​ការ​ចំណាយ​ផ្សេង​ៗ​បាន​ទៀត ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​អនុវត្ត​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​នេះ ជា​សមិទ្ធផល​មួយ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ជា​ចម្បង​បំផុត ទៅ​ដល់​សុខុមាលភាព​របស់​កម្មករនិយោជិត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ទទួល​បានការ​ព្យាបាល​ជំងឺ នៅ​ពេល​ដែល​មាន​ជំងឺ​នោះ​ឡើយ ដែល​នេះ​ជា​ការ​គ្របដណ្ដប់​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ​។

សូម​បញ្ជាក់​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ពោល​គឺ​គិត​ចាប់ពី​ថ្ងៃ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ដំបូង រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នេះ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ បងប្អូន​អាជីវករ និង​បងប្អូន​កម្មករនិយោជិត​សរុប​ប្រមាណ​ជា​៥៧៧ ៩៤២ ​នាក់ ស្មើនឹង ១ ៦៩៤​ លើក ទទួល​បានការ​ផ្សព្វផ្សាយ​ស្តី​ពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ ៕ អត្ថបទសហការ