ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ATP Finals ៖ Djokovic បង្កើត​កំណត់​ត្រា​ពិភព​លោក ក្រោយ​ឈ្នះ​កីឡាករ​វ័យក្មេង​អ៊ី​តា​លី

11 ខែ មុន

អ៊ី​តា​លី ៖ កំពូល​កីឡាករ​វាយ​តេ​ន្នី​ស Novak Djokovic បាន​ឈ្នះ​ជើងឯក ATP Finals កំណត់​ត្រា​

អ៊ី​តា​លី ៖ កំពូល​កីឡាករ​វាយ​តេ​ន្នី​ស Novak Djokovic បាន​ឈ្នះ​ជើងឯក ATP Finals កំណត់​ត្រា​ពិភពលោក​ជា​លើក​ទី​៧ បន្ទាប់​ពី​យកឈ្នះ​លើ​កីឡាករ​វ័យក្មេង Jannik Sinner កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​។

Novak Djokovic កីឡាករ​សញ្ជាតិ​ស៊ែ​ប​វ័យ​៣៦​ឆ្នាំ ដែល​បាន​ចាញ់​កីឡាករ Jannik Sinner សញ្ជាតិ​អ៊ី​តា​លី​វ័យ​២២​ឆ្នាំ នៅ​វគ្គ​ចែក​ពូ​ល​នោះ សងសឹក​បាន​សម្រេច​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​លទ្ធផល ៦-៣ និង ៦-៣ នៅ​ទីក្រុង​ទូ​រី​ន (Turin) ប្រទេស​អ៊ី​តា​លី សម្រាប់​ព្រឹត្តិការណ៍ ATP Finals 2023 ដែល​ជា​ពានរង្វាន់​បិទ​រដូវ​កាល​កីឡា​តេ​ន្នី​ស​។

កីឡាករ​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក Djokovic បាន​ថ្លែង​ក្រោយ​ឈ្នះ​ជើងឯក​ជា​លើក​ទី​៧​របស់​ខ្លួន​ថា «​រដូវ​កាល​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​មាននៅ​ក្នុង​ជីវិត​របស់ខ្ញុំ ដោយ​គ្មាន​ការ​សង្ស័យ​នោះ​ទេ​។ វា​ពិតជា​ពិសេស​ណាស់ ដើម្បី​យកឈ្នះ​កីឡាករ​ម្ចាស់​ស្រុក Jannik ។ តាម​បច្ចេកទេស ខ្ញុំ​បាន​លេង​ខុស​ពី​ការ​ប្រកួត​ក្នុង​ពូ​ល​ទល់​នឹង Jannik​។ ប៉ុន្តែ​សរុប​មក​វិញ គឺ​ជាស​ប្តា​ហ៍​ដ៏​អស្ចារ្យ​មួយ​»​។

មុន​ឈ្នះ​ពានរង្វាន់ ATP Finals ជា​លើក​ទី​៧ ដែល​ជា​ចំនួន​កំណត់​ត្រា​ពិភពលោក Djokovic មាន​កំណត់​ត្រា​ឈ្នះ​ពានរង្វាន់​ឯកត្តជន​មួយ​នេះ ៦​លើក​ស្មើ​ជាមួយ​កំពូល​កីឡាករ​ស្វី​ស Roger Federer ហើយ​ការ​ឈ្នះ​នេះ​មាន​ន័យ​ថា Djokovic បញ្ចប់​យុទ្ធនាការ​កីឡា​វាយ​តេ​ន្នី​ស​រដូវ​កាល​នេះ នៅ​ក្នុង​នាម​កីឡាករ​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក​។

Djokovic បច្ចុប្បន្ន​ក៏​កំពុង​ឈរ​ជា​កីឡាករ​ឈ្នះ​ពានរង្វាន់ Grand Slam ច្រើន​ជាងគេ​បំផុត​ពោល​ចំនួន ២៤​សម័យកាល ដោយនៅ​ក្នុង​រួម​មាន ៖ Australian Open ១០​ដង French Open ៣​ដង Wimbledon ៧​ដង និង US Open ៤​ដង តាម​ពីក្រោយ​ដោយ​កំពូល​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ដែល​ឈ្នះ Grand Slam ចំនួន ២២​សម័យកាល​។

សូម​ជម្រាប​ថា ATP Finals គឺជា​ព្រឹត្តិការណ៍​បញ្ចប់​រដូវ​កាល​កីឡា​វាយ​តេ​ន្នី​ស ដោយ​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ចំនួន​៨​រូប ដោយ​ត្រូវ​ចែក​ចេញ​ជា​២​ពូ​ល (Green Group & Red Group) ដោយ​ក្នុង​១​ពូ​ល​មាន​៤​រូប ហើយ​កីឡាករ​កំពូល​២​រូប​ក្នុង​ពូ​ល​នីមួយ​ៗ ត្រូវ​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ