ទីក្រុងប៉េកាំង៖ មានហេតុការណ៍ឆេះអគារមួយកន្លែងនៅប្រទេសចិន បណ្ដាលឱ្យស្លាប់មនុស្ស២៦នាក់ និងរបួសរាប់សិបនាក់។ ហេតុការណ៍នេះកើតឡើងនៅខេត្តសានស៊ី (Shanxi) ដោយមានចំណុចចាប់ផ្ដើមចេញពីអគារកម្ពស់៤ជាន់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយ៉ុងជូ (Yongju) នៅវេលាម៉ោងប្រហែល៦:៥០ព្រឹក។ ទូរទស្សន៍ចិនផ្សាយថាមនុស្ស៦៣នាក់ត្រូវជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ។ នៅក្នុងចំណោមនោះ ៥១នាក់ជាអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ពេលនេះ ភ្លើងបានរលត់ទៅវិញទាំងស្រុងហើយ ហើយអាជ្ញាធរចាប់ផ្ដើមស៊ើបអង្កេតមូលហេតុនៃការឆេះ។ តាមរយៈវីឌីអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញវេបូ (Weibo) គេឃើញអគារឆេះនៅក្នុងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ និងឃើញផ្សែងដ៏ខ្មៅងងឹតហោះហើរពេញផ្ទៃអាកាស។ អ្នកនៅក្បែរនោះបានត្រឹមតែឈរមើលពីចម្ងាយព្រោះពួកគេមិនអាចធ្វើអ្វីលើសពីនេះទេ។
ហេតុការណ៍នេះកើតឡើងចំពេលដែលលោកស៊ីជីនពីង ប្រមុខដឹកនាំចិន ស្ថិតនៅប្រទេសអាមេរិកដើម្បីជួបគ្នាទ្វេភាគីជាមួយលោកបៃដិន និងដើម្បីចូលរួមកិច្ចប្រជុំកំពូលអេប៉ិក (APEC)។ លោកចាត់ទុកថាអគ្គិភ័យនេះជាមេរៀនដែលត្រូវចងចាំទុកឱ្យបានច្បាស់ដើម្បីជៀសវាងបញ្ហានេះនាពេលអនាគត។ រដ្ឋបាលថ្នាក់មូលដ្ឋានត្រូវតែស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើហានិភ័យលាក់មុខនៅតាមឧស្សាហកម្មសំខាន់ៗ, កែលម្អប្រព័ន្ធឆ្លើយតប និងចាត់វិធានការទប់ស្កាត់គ្រោះមហន្តរាយ។
លោកក៏បានអំពាវនាវឱ្យខិតខំអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នករបួសឱ្យបានជាសះស្បើយឡើងវិញ និងព្យាបាលភ្នាក់ងារពន្លត់អគ្គិភ័យដែលរងរបួសនៅពេលបំពេញការងារ។ គួរកត់សម្គាល់ថាករណីគ្រោះថ្នាក់ផ្សេងៗនៅក្នុងរោងចក្រ និងឧស្សាហកម្មនៃប្រទេសចិនឧស្សាហ៍កើតឡើងជាញឹកញាប់ដោយសារមិនបានបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាព។
ខាងក្រោមនេះជាគ្រោះថ្នាក់ដែលធ្លាប់កើតឡើងកាលពីអតីតកាល។
– ខែមេសា ឆ្នាំ២០២៣ មានហេតុការណ៍ឆេះមន្ទីរពេទ្យនៅទីក្រុងប៉េកាំង បណ្ដាលឱ្យស្លាប់មនុស្ស២៩នាក់។ អ្នកដែលរស់រានមានជីវិតពីហេតុការណ៍នេះត្រូវបង្ខំចិត្តវាយកញ្ចក់បង្អួចដើម្បីលោតចុះមកក្រោមសឹងស្លាប់ សឹងរស់។
– ខែមិថុនា ឆ្នាំ២០២៣ មានហេតុហេតុការណ៍ឆេះហាងលក់សាច់អាំង បណ្ដាលឱ្យស្លាប់មនុស្ស៣១នាក់។
– ខែកក្កដា ឆ្នាំ២០២៣ មានហេតុការណ៍បាក់ដំបូលកន្លែងហាត់ប្រាណនៅសាលារៀន បណ្ដាលឱ្យស្លាប់មនុស្ស១១នាក់។
– ឆ្នាំ២០១៥ មានហេតុការណ៍ឆេះឃ្លាំងដាក់សារធាតុគីមីនៅទីក្រុងធានជីន (Tianjin) បណ្ដាលឱ្យស្លាប់មនុស្ស១៦៥នាក់៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/china-building-fire-26-dead-dozens-hospitalised-3925026
ចែករំលែកព័តមាននេះ