ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញ​សេចក្តីប្រកាសព័ត៌មាន ស្តីពី វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្រ្តី…

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ១កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
មានប្រសាសន៍បើកវេទិកា នាឱកាសនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃនេះ ត្រូវបានចាត់ទុកជា​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ដែលពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រពលរដ្ឋ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារបស់រាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា និងជាការអនុវត្តតាមការសន្យាដែល សម្ដេច ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សម្ដេចធិបតី គូសបញ្ជាក់ទៀតថា«វេទិកានេះ ក៏បានបង្ហាញពីភាពបន្ទាន់ និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងធ្វើដំណើរការរួមគ្នារវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន តាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងមានភាពសុខដុម ដើម្បីឈានទៅសម្រេចបានមហិច្ឆតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

សម្ដេចធិបតី បានរម្លឹកអំពីភាពប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដូចផ្ដើមរៀបចំ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ជាលើកដំបូង កាលពីឆ្នាំ១៩៩៩ និងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ រួមចំណែកធ្វើឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ឱ្យទៅជាប្រទេសមានចំណូល​មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ទាញប្រជាជនកម្ពុជា រាប់លាននាក់ឱ្យចាកផុតពីភាពក្រីក្រ។

ខ្លឹមសារបន្ថែម សូមអាននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ