ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ស្តារ​ទំនុកចិត្ត​ភ្ញៀវ​ចិន​! ថៃ​គ្រោង​ស្នើ​ប៉ូលិស​ចិន​ចូលរួម​ល្បាត​តំបន់​ទេសចរណ៍​ខ្លួន

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) គ្រោង​ស្នើ​ប៉ូលិស​ចិន​ចូល

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) គ្រោង​ស្នើ​ប៉ូលិស​ចិន​ចូលរួម​ល្បាត​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ ដើម្បី​ទាក់ទាញ​ការ​ជឿ​ទុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​មក​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Thaiger ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា គោលនយោបាយ​លើកលែង​ទិដ្ឋាការ​កំពុង​ទទួល​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​ថៃ បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ អ្នកទេសចរ​ចិន​ភាគច្រើន​ត្រូវ​បាន​រាយការណ៍​ថា ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ពួក​គេ​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ការ​ស្លាប់​ស្ត្រីជន​ជាតិចិន​ម្នាក់ នៅ​ក្នុង​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​នៅ​ផ្សារ​ទំនើប​ស្យាម​ប៉ា​រ៉ា​ហ្គ​ន (Siam Paragon) ទីក្រុង​បាងកក និង​របាយការណ៍​ជា​ច្រើន​នៃ​ការ​ចាប់ជំរិត ដើម្បី​លោះ​ជនជាតិ​ចិន​ក្នុង​ប្រទេស​ថៃ​។

នៅ​ក្នុង​គោលបំណង ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ចិន​ឡើង​វិញ លោកនាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ពី​ប៉ូលិស​ទេសចរណ៍​, នគរបាល​អន្តោប្រវេសន៍​, អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) និង​ក្រសួងទេសចរណ៍ និង​កីឡា​។ នាយក​រដ្ឋមន្ត្រី​ថៃ​មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ បន្ទាប់​ពី​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ដោយសារ​លោក​ត្រូវធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច APEC 2023 ដោយ​ទម្លាក់​ភារកិច្ច​នេះ​ជូន​លោកស្រី Thapanee Kiatpaiboon នាយក​អាជ្ញាធរ​ទេសចរណ៍​ថៃ ដែល​ហៅ​កាត់​ថា TAT ។

លោកស្រី Thapanee នាយក TAT ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​ពន្យល់​ថា TAT បាន​ពិគ្រោះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អំពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ប្រទេស​ថៃ ដោយ​ផ្តោត​លើ​ភ្ញៀវ​ទេសចរ​ចិន​តែ​ម្តង​។ ជា​លទ្ធផល TAT គ្រោង​នឹង​ចាប់ផ្តើម​គម្រោង​ល្បាត​ជាមួយ​ប៉ូលិស​ចិន ហើយនឹង​ពិភាក្សា​ជាមួយនឹង​ស្ថានទូត​ចិន នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆាប់​ៗ​ខាង​មុខ​នេះ​។ លោកស្រី​បាន​លើក​ឡើង​ថា ប៉ូលិស​ចិន​នឹង​ល្បាត​តំបន់​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ រួម​ជាមួយ​ប៉ូលិស​ថៃ ហើយ​អាជ្ញាធរ​សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​បានការ​ទុកចិត្ត​ពី​ជនជាតិ​ចិន​ឡើង​វិញ ដូច​ករណី​នៅ​ប្រទេស​អ៊ី​តា​លី​។

លោកស្រី Thapanee បាន​ពន្យល់​បន្ថែម​ថា ប្រទេស​ថៃ​ចង់ឱ្យ​ប៉ូលិស​ចិន​មើល​ពី​របៀប​ដែល​ប៉ូលិស​ថៃ​ធ្វើការ ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកទេសចរ​។ ជនជាតិ​ចិន​គោរព​មន្ត្រី​របស់​ពួក​គេ ដូច្នេះ​ប៉ូលិស​ចិន​នឹង​ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ធានា​នូវ​វិធានការ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ចិនដីគោក​។ ជាមួយ​គម្រោង​ល្បាត​នេះ លោកស្រី​ជឿជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នឹង​ឈាន​ដល់​គោលដៅ​ពី ៤ ទៅ ៤.៤​លាន​នាក់​នៅ​ឆ្នាំ​នេះ​។ លើស​ពី​នេះ​ទៀត ប៉ូលិស​ភូមិន្ទ​ថៃ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ពួក​គេ​បាន​និង​កំពុង​បង្ក្រាប​អាវុធ​ខុសច្បាប់ អាជីវកម្ម​ខុសច្បាប់ និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ