អតីតប្រធានសហគមន៍ក្រីក្រទំនប់២ ត្រូវចៅបង្កើតដឹកយកទៅបោះចោលមុខវត្តសែនសុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានចៅស្រីបង្កើតដាច់ធម៌មេត្តា ប្រមូលអីវ៉ាន់ដឹកតាម
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានចៅស្រីបង្កើតដាច់ធម៌មេត្តា ប្រមូលអីវ៉ាន់ដឹកតាម
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានចៅស្រីបង្កើតដាច់ធម៌មេត្តា ប្រមូលអីវ៉ាន់ដឹកតាមរថយន្តយកទៅបោះចោលនៅមុខវត្តសែនសុខ ក្នុងភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយគ្មានទំពឹងពាក់ស្នាក់អាស្រ័យ ដេកតាមសំយាបផ្ទះគេ និងរស់នៅដោយសារតែការអាណិតអាសូរពីអ្នកភូមិ។
ស្ត្រីដ៏សែនកម្សត់១រូបខាងលើនោះឈ្មោះ ឡាយ សារុំ អាយុ៦៨ឆ្នាំ ជាអតីតប្រធានសហគមន៍ក្រីក្រទំនប់ទី២(ប៊ូឌីង) និងរស់នៅជាមួយចៅស្រីបង្កើតម្នាក់ឈ្មោះធា យ៉ាយ៉ា ហៅខេង អាយុ២២ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅម្តុំភ្នំរាបសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីកូនស្រី បានស្លា.ប់ចោលទៅ។
បើតាមប្រភពពីលោក សេក ថុល អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ និងមានប្រពន្ធជាអ្នកលក់ដូរនៅមុខវត្តសែនសុខ បានឱ្យកោះសន្តិភាពដឹងថា ស្ត្រីចំណាស់រូបនោះ ត្រូវបាននារីម្នាក់ជិះរថយន្តកូរ៉ូឡា១គ្រឿង អមដោយម៉ូតូ១គ្រឿង ដឹកយកទៅបោះចោលនៅមុខវត្តសែនសុខ កាលពីវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រាប់ថា ខ្លួនជាអ្នកជិតខាងរបស់គាត់។បន្ទាប់ពីនារីរូបនោះទៅបាត់ ស្ត្រីចំណាស់រូបនោះបានប្រាប់ថា នាងត្រូវជាចៅស្រី ដឹកគាត់យកទៅបោះចោល ។
តាមស្ត្រីចំណាស់រូបនោះបានអោយកោះសន្តិភាពដឹងថា គាត់ត្រូវបានចៅស្រីបង្កើតដឹកមក ដោយប្រាប់ថា រកជួលផ្ទះអោយស្នាក់នៅ ហើយទំលាក់ចោលកាលពី៤ថ្ងៃមុន។
ស្ត្រីរូបនោះបានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា គាត់ជាអតីតប្រធានសហគមន៍ក្រីក្រីទំនប់២(តំបន់ប៊ូឌីង) នៅអំឡុងឆ្នាំ២០០១ គ្រួសារគាត់ និងកូនប្រុសម្នាក់ ស្រីម្នាក់ ត្រូវបានសាលារាជធានីភ្នំពេញដេញអោយមករស់នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លុះក្រោយមក គាត់បានបែកបាក់គ្រួសារ ជីវភាពក្រីក្រក៏បានលក់ដី ហើយកូនប្រុសឈ្មោះមាស វាសនា អាយុ៤២ឆ្នាំបានទៅរស់នៅស្រុកឆ្លូង ខេត្តក្រចេះ ជាមួយប្រពន្ធក្រោយ ។ ចំណែករូបគាត់បានរស់នៅជាមួយកូនស្រី ឈ្មោះធា សោភណ្ឌ នៅក្នុងភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តែជាអកុសលនៅឆ្នាំ២០២០ កូនស្រីក៏បានស្លា.ប់ដោយសារតែជំងឺកូវីដ១៩ ហើយគាត់ក៏បានទៅរស់នៅជាមួយចៅស្រីឈ្មោះធា យ៉ាយ៉ា ហៅខេង ជាកម្មការីនីកាត់ដេរ។
ស្ត្រីរូបនោះបានអោយដឹងទៀតថា នៅពេលថ្មីៗនេះ ដោយសារតែគាត់មានជំងឺលើសឈា.ម ទឹកនោមផ្អែម ចៅស្រីមិនបានយកចិត្តទុកដាក់មើលថែឡើយ ទុកគាត់ចោលនៅផ្ទះតែម្នាក់ឯង ។ លុះនៅថ្ងៃទី៩ ខែវិច្ឆិកា ចៅស្រីក៍បានរៀបចំខោអាវ ដោយប្រាប់ថា មកជួលផ្ទះអោយគាត់ស្នាក់នៅ ក្នុងភូមិសែនសុខ ដែលជាកន្លែងធ្លាប់រស់នៅ ហើយក៏បានដឹកគាត់មកទំលាក់ចោលនៅគំនរសំរាមតែគាត់អត់ព្រមចុះ ក៏បានដឹកមកទំលាក់ចោលនៅមុខវត្តសែនសុខតែម្តង ។
ស្ត្រីរូបនោះបានឱ្យដឹងបន្តទៀតថា ប៉ុន្មានថ្ងៃនេះ គាត់បានដេកនៅខ្ទមអ្នកតា មុខវត្តសែនសុខ ហើយនៅពេលភ្លៀងធ្លាក់ក៍បានរត់ទៅដេកតាមសំយាបផ្ទះគេ និងបានអ្នកភូមិអាណិតអាសូរផ្តល់ជាបាយទឹកតែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទទួលបានការបំភ្លឺណាមួយពីចៅស្រី ឡើយ ៕
ចែករំលែកព័តមាននេះ