- ភ្នំពេញ
តម្រូវការលុយ ដើម្បីធ្វើការអភិវឌ្ឍន៍ និងជំរុញអោយរដ្ឋាភិបាលបន្តខ្ចីលុយ គឺប្រមាណជាង ២២០០ លានដុល្លារនៅឆ្នាំ២០២៤ ខណៈដែលបំណុលបានកើនឡើងដល់១០ ៧៤១ លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣
តម្រូវការលុយ ដើម្បីធ្វើការអភិវឌ្ឍន៍ និងជំរុញអោយរដ្ឋាភិបាលបន្តខ្ចីលុយ គឺប្រមាណជាង ២២០០ លានដុល្លារនៅឆ្នាំ២០២៤ ខណៈដែលបំណុលបានកើនឡើងដល់១០ ៧៤១ លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣
តម្រូវការលុយ ដើម្បីធ្វើការអភិវឌ្ឍន៍ និងជំរុញអោយរដ្ឋាភិបាលបន្តខ្ចីលុយ គឺប្រមាណជាង ២២០០ លានដុល្លារនៅឆ្នាំ២០២៤ ខណៈដែលបំណុលបានកើនឡើងដល់១០ ៧៤១ លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣។ នេះបើតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមពេលនោះ សម្រាប់ឆ្នាំ២០២៤ខាងមុខ តាមឯកសារមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជានឹងធ្វើការបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ឬប្រមាណជា ១០៨ លានដុល្លារ ហើយនឹងកំណត់តម្រូវការខ្ចីប្រាក់ពីដៃគូរអភិវឌ្ឍន៍នៅក្នុង កម្រិត ១.៧០០ លានអេសដេអ៊ែរ ឬប្រមាណជា ជាង២.២០០ លានដុល្លារ សម្រាប់គម្រោងផ្សេងៗ។
តើរដ្ឋបន្តខ្ចីលុយគេមកធ្វើអ្វីដែរ?
ឯកសារនោះបានបញ្ជាក់ថា ការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងការបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ ប៊ីលានរៀល ឬប្រមាណជា ១០៨ លានដុល្លារ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិការជាតិ ។
ប្រភពដដែលបានបន្ថែមថា សម្រាប់កម្មវិធីកម្ចីដែលគ្រោងខ្ចីពីដៃគូរអភិវឌ្ឍន៍ គឺអនុវត្តកម្មវិធី និងគម្រោងសំខាន់ៗ ដែលរួមមានដូចជា ៖ វិស័យថាមពល១គម្រោង, វិស័យធារាសាស្ត្រ៣គម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន១៦គម្រោង, វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២គម្រោង និងវិស័យអទិភាពផ្សេងទៀតចំនួន២គម្រោង។
ប្រភពដដែលបានបន្តថា ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានគ្រោងនឹងចំណាយលើការទូទាត់ប្រាក់ខ្ចីក្នុងឆ្នាំ២០២៤ ជាមួយនឹងគម្រោងហិរញ្ញប្បទានចំនួន ២.១១៥ ប៊ីលានរៀល ត្រូវជា១,៤៨ភាគរយ នៃអត្រាផលិតផលនៅក្នុងស្រុកសរុប ពោលគឺមានកំណើនកើនឡើងដល់១៣,៧ ភាគរយធៀបនឹងច្បាប់ថវិការឆ្នាំ២០២៣ សម្រាប់រំលស់បំណុលសាធារណៈក្នុង និងក្រៅប្រទេស ។
ពាក់ព័ន្ធជាមួយនឹងគម្រោងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះមួយចំនួន ដែលរួមមានខ្ចីឥណទានក្នុងទំហំសមស្របនឹងស្ថានភាពថវិកា និងសេដ្ឋកិច្ចដែលអាចទ្រទ្រង់បាន ហើយរាជរដ្ឋាភិបាលខ្ចីតែឥណទានណាដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ កម្ចីទាំងនោះ គឺសម្រាប់តែវិស័យអទិភាព សម្រាប់ទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬ ផលិតភាពផលិតកម្ម ។
រាជរដ្ឋាភិបាលក៏បានប្រកាសរួចហើយថា នឹងប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់បំផុត ហើយមិនតែប៉ុណ្ណោះ គឺប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ស្របតាមគោលការណ៍នៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិនៅក្នុងដំណាក់កាលថ្មីពិសេសគឺធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ។
តាមឯកសារនេះ រាជរដ្ឋាភិបាលបានព្យាយាមលំអិតអស់ហើយ ជូនសាធារណជន ដូច្នេះឆ្លងតាមឯកសារនេះ យើងសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងគម្រោងនឹងអនុវត្ត និងគ្រប់គ្រង ក៏ដូចជា ចំណាយអោយចំគោលដៅ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីបន្តធ្វើយ៉ាងណាអោយសង្គម កម្ពុជាយើងបន្តឃើញវឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ខណៈដែលគិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៣ កម្ពុជាមានបំណុលសរុប ១០.៧៤១ លាន ដុល្លារ ។
អត្ថបទដោយ ៖ ហេង ចេស្តា
ចែករំលែកព័តមាននេះ