រាជធានីភ្នំពេញ ៖ កម្លាំងគណៈប្រជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងបា.ញ់ទឹកលាងសម្អាតសួនច្បារស្របមាត់ទន្លេជាប្រចាំ ដើម្បីបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងត្រៀមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ព្រមទាំងត្រៀមចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ដើម្បីធានាឱ្យបាននូវសោភ័ណភាពស្រស់ស្អាត និងអនាម័យ បរិស្ថានមានភាពល្អប្រសើរ ។
ការចុះបាញ់ទឹកលាងសម្អាតនេះ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានចាត់ឱ្យមន្ត្រីសណ្ដាប់ធ្នាប់ខណ្ឌចុះបា.ញ់ទឹកសាប៊ូលាងជាប្រចាំ ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅសួនច្បារស្របមាត់ទន្លេផងដែរ។
លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានឲ្យដឹងផងដែរថា ការចុះបា.ញ់ទឹកលាងសម្អាតនៅក្នុងមូលដ្ឋានតាមបណ្ដាមហាវិថីធំៗ ក៏ដូចជាសួនច្បារស្របមាត់ទន្លេនេះ គឺអាជ្ញាធរធ្វើជាប់ជាប្រចាំ មិនមែនដើម្បីតែពិធីបុណ្យជាតិនោះទេ គឺដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អជាប្រចាំតែម្ដង ចៀសវាងមានក្លិនឆ្អេះឆ្អាប និងបរិស្ថានអនាម័យមិនល្អ។
ជាចុងក្រោយអាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋដែលមកលេង និងហាត់ប្រាណតាមសួនច្បារស្របមាត់ទន្លេ សូមចូលរួមជាមួយអាជ្ញាធរ ដើម្បីរក្សាបរិស្ថានអនាម័យឲ្យបានល្អប្រសើរនិងទុកដាក់សំរាមតាមធុងសំរាមរបស់អាជ្ញាធរដែលមានដាក់នៅលើសួនច្បារនោះផងដែរ៕ ដោយ ៖ រដ្ឋា
ចែករំលែកព័តមាននេះ