ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូ​នឈើ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ព្រៃ​លិច​ទឹក​ធំ​​ល្វឹង​ល្វើយ​នៃ​ខេត្ត​បាត់​ដំបង គឺ​​ជា​ជំរក​ត្រី​ពង​កូន​​ និង​ជា​ប្រភព​ចំណី​​​ដ៏​ប្រសើរ​បំផុត។ ​ការ​វិវឌ្ឍ​​នៃ​សង្គម និង​ការ​រីក​ចំរើន​ផ្នែក​បច្ចេក​ទេស​វិទ្យា​សាស្ត្រ ​ព្រម​ទាំង​តំរូវ​ការ​​​ដែល​ចេះ​​តែ​កើន​ឡើង​​​បណ្តាល​ឱ្យ​​សម្ពាធ​ទៅ​លើ​ធន ​​ធាន​ធម្ម​ជាតិ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ហេតុ​នេះ​ហើយ​ទើប​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ តុលា អង្គ​ភាព​ជល​ផល​ខេត្ត​បាន​រៀប​ចំ​ពិធី​ដាំ​កូន​ឈើ​ក្នុង​តំបន់​ព្រៃ​​លិច​ ទឹក និង​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់

ខេត្ត​បាត់​ដំបង ៖ ព្រៃ​លិច​ទឹក​ធំ​​ល្វឹង​ល្វើយ​នៃ​ខេត្ត​បាត់​ដំបង គឺ​​ជា​ជំរក​ត្រី​ពង​កូន​​ និង​ជា​ប្រភព​ចំណី​​​ដ៏​ប្រសើរ​បំផុត។ ​ការ​វិវឌ្ឍ​​នៃ​សង្គម និង​ការ​រីក​ចំរើន​ផ្នែក​បច្ចេក​ទេស​វិទ្យា​សាស្ត្រ ​ព្រម​ទាំង​តំរូវ​ការ​​​ដែល​ចេះ​​តែ​កើន​ឡើង​​​បណ្តាល​ឱ្យ​​សម្ពាធ​ទៅ​លើ​ធន​​ធាន​ធម្ម​ជាតិ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ហេតុ​នេះ​ហើយ​ទើប​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ តុលា អង្គ​ភាព​ជល​ផល​ខេត្ត​បាន​រៀប​ចំ​ពិធី​ដាំ​កូន​ឈើ​ក្នុង​តំបន់​ព្រៃ​​លិច​ទឹក និង​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​បរិ​វេណ​វត្ត​ព្រែក​ត្រប់ ស្ថិត​ក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ក្រោម​អធិ​បតី​ភាព​លោក​ណៅ ធួក ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល លោក​​ប្រាជ្ញ ចន្ទ អភិ​បាល​ខេត្ត​​​ដោយ​មាន​ការ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​នានា​ជុំ​វិញ​ខេត្ត លោក​អភិ​បាល​ស្រុក ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក ​​អធិ​ការ​នគរ​បាល​​ស្រុក លោក​មេ​ឃុំ​ជាប់​ដែន​នេសាទ​ លោក​-លោក​ស្រី​ជា​មន្ត្រី​ជលផល ​ព្រម​ទាំង​សមា​ជិក សមា​ជិកា​នៃ​សហ​គមន៍​នេសាទ​យ៉ាង​ច្រើន​កុះ​ករ។

លោក​កក អ៊ីឡែន នាយ​​ផ្នែក​រដ្ឋ​បាល​ជល​ផល​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​​មាន​កំណែ​ទំរង់​វិស័យ​ជល​ផល​ រាជ​រដ្ឋា​ភិបាល​បាន​សំរេច​លុប​ និង​កាត់​បន្ថយ​​ផ្ទៃ​ឡូត៍​នេសាទ​ចំនួន​៤៣.៨១៤​ហិកតា ពី​ផ្ទៃ​ឡូត៍​នេសាទ​សរុប​ ដើម្បី​ទុក​ជូន​ប្រជា​ពល​រដ្ឋ​​ធ្វើ​ការ​នេសាទ​​ជា​លក្ខណៈ​គ្រួសារ។ ដើម្បី​ឱ្យ​មាន​ការ​ចូល​រួម​កាន់​តែ​​ច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ថែរក្សា​ ការ​ពារ​​អភិ​រក្ស​ និង​ប្រើ​ប្រាស់​ធន​ធាន​ជល​ផល​ប្រកប​ដោយ​និរន្តរ​ភាព​ រាជរដ្ឋា​ភិបាល​បាន​រៀប​ចំ​ជា​សហ​គមន៍​នេសាទ​ក្នុង​​ផ្នែក​រដ្ឋ​បាល​ជល​ផល​​ព្រែក​ទាល់​​ដែល​មាន​សហគមន៍​នេសាទ​ទាំង​អស់​ចំនួន​២០​​ និង​កន្លែង​អភិ​រក្ស​ត្រី​មេ​ពូជ​ចំនួន​២០​កន្លែង។ កន្លែង​អភិ​​រក្ស​ត្រូវ​បាន​រៀប​ចំ​ជំរក​សុវត្ថិ​ភាព​សំរាប់​​ត្រី តាម​រយៈ​ការ​ដាក់​លូ​​ សំរាស់ និង​បោះ​បង្គោល​ត្រឹម​ត្រូវ​ មាន​នៅ​​បឹង​​រាំ​ពេន​បី, ស្ទឹង​ភាស, បឹង​តា​ឯក, បឹង​ទឹក​ខ្មៅ, ព្រែក​ក្បាល​កោះ, កោះ​ជីវាំង និង​អូរ​កោះ​ជី​តី។

លោក​​កក អ៊ីឡែន បាន​បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០០៩ បាន​រៀប​ចំ​ថ្នាល​បណ្តុះ​​កូន​ឈើ់​ចំនួន​២​កន្លែង​មាន​ចំនួន​១៦.០០០​ដើម​ ដាំ​ក្នុង​ដែន​នេសាទ​ចំនួន​៦.០០០​ដើម លើ​ផ្ទៃ​ដី​១២​ហិកតា និង​ដាំ​តាម​កន្លែង​អភិ​រក្ស​ និង​សហ​គមន៍​​ស្រះ​ជំរក​ត្រី​​ចំនួន​១០.០០០​ដើម។ ដោយ​ឡែក​នៅថ្ងៃ​​នេះ​ យើង​បាន​យក​កូន​​ឈើ​ចំនួន​២.៥០០​ដើម ដែល​ជា​ការ​អនុ​វត្ត​​កិច្ច​សន្យា​របស់​ឡូត៍​នេសាទ​លេខ​១០ សំរាប់​ដាំ​លើ​ផ្ទៃ​ដី​ចំនួន​៣​ហិកតា នៅ​ជុំ​វិញ​កន្លែង​អភិ​រក្ស បឹង​ទឹក​ខ្មៅ។ ជា​មួយ​នេះ ​ក៏​មាន​ការ​ដុត​បំផ្លាញ​វត្ថុ​តាង​បទ​ល្មើស​​នេសាទ​ដែល​រឹប​អូស​​រួម​មាន​ឧបករណ៍​នេសាទ​ស្បៃ​មុង​ចំនួន​៧៩​មាត់ អាំង​​វែរ​ទ័រ​ឆក់​ចំនួន​១៣៣​គ្រឿង ឡុក​ចាប់​ត្រី​ចំនួន​៦​គ្រឿង អាគុយ​ឆក់​ចំនួន​៣៥​គ្រឿង ដង​ឆក់​៧​គូ រណារ​ដៃ​២​គ្រឿង សាច់​ម៉ាញ់​១​គ្រឿង កាំបិត​១ សាច់​មង​ និង​អួន​ប្រវែង​៣១០​ម៉ែត្រ។

លោក​ណៅ ធួក បាន​​ថ្លែង​ថា ការ​រៀប​ចំ​ប៉ម​យាម គឺ​ជា​ការ​ល្អ​ ប៉ុន្តែ​ប៉ម​យាម​នេះ គួរ​តែ​ធ្វើ​ឡើង​អំពី​ដែក ឬ​បេតុង​ ព្រោះ​វា​ធានា​ជាប់​បាន​​យូរអង្វែង​​ ហើយ​ស្នើ​​ឱ្យ​អាជ្ញា​ធរ​​​​ឃុំ​ ស្រុក ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​អភិ​រក្ស​ និង​ការ​ពារ​ព្រៃ​លិច​ទឹក​ក្នុង​​ឃុំ​ព្រែក​នរិន្ទ នេះ​ឱ្យ​បាន​គង់​វង្ស និង​បំផុស​ឱ្យ​ប្រជា​កសិ​ករ​​មាន​ស្រះ​ចិញ្ចឹម​ត្រី ដើម្បី​ឱ្យ​​ផល​​ត្រី​កើន​​ឡើង​​សំរាប់​បរិ​ភោគ​ផង ​ផ្តល់​នូវ​សេដ្ឋ​កិច្ច​គ្រួសារ​ផង និង​នាំ​​ឱ្យ​មាន​ទឹក​ក្នុង​ស្រះ ​ផង ពេល​ដែល​មាន​ការ​ប្រែ​ប្រួល​ធាតុ​អាកាស។ បើ​សិន​ជា​បង​ប្អូន​ណា​ចង់​ចិញ្ចឹម​ត្រី​ ចង់​រៀន​បច្ចេក​ទេស​​ភ្ញាស់​ត្រី ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​លោក​នឹង​ទទួល​យក​ទៅ​បង្រៀន​ ពិសេស​​​ក្មួយៗ​ដែល​បោះ​បង់​សាលា​រៀន​កុំ​​នាំ​គ្នា​ទៅ​ធ្វើ​ក្មេង​ទំនើង ​ត្រូវ​ទៅ​រៀន​​ភ្ញាស់​ត្រី​ បង្ក​ង​ក៏​បាន​ដែរ។

លោក​ប្រាជ្ញ​ ចន្ទ បាន​មាន​ប្រសាសន៍​​​ថា ​ការ​ការ​ពារ​ដែន​ព្រៃ​លិច​ទឹក​នៅ​ដែន​ទន្លេ​សាប និង​វិធាន​ការ​មិន​អនុ​ញ្ញាត​ឱ្យ​ប្រើ​ប្រាស់​​ឧបករណ៍​នេសាទ​ខុស​​ច្បាប់​​ គឺ​ដូច​ជា​ការ​ពារ​អាយុ​ជីវិត​ ​របស់​បង​ប្អូន​ដែល​រស់​នៅ​តាម​ដែន​ទន្លេ​សាប​នេះ​ដែរ។ ដូច្នេះ​បង​ប្អូន​ដែល​រស់​នៅ​ក្នុង​តំបន់​ដែន​នេសាទ​ជុំ​វិញ​បឹង​ទន្លេ​សាប​ ចាំ​បាច់​ណាស់​នូវ​ការ​ថែរក្សា​ធន​ធាន​​ជល​ផល​របស់​យើង ដើម្បី​ការ​ពារ​និរន្តរ​ភាព​យូរ​អង្វែង​​សំរាប់​យើង​​ក៏​​ដូច​ជា កូន​​ចៅ​ប្រជា​ព​លរដ្ឋ​របស់​យើង​ទៅ​តាម​អ្វី​ដែល​​កំណត់​ដោយ​ច្បាប់​ជល​ផល​នោះ៕