ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ចាត់​ទុក​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​មួយ មក​ដល់​ពេល​នេះ​វិស័យ​សុខាភិបាល​កម្ពុជា បាន​បោះ​ជំហាន​ចេញពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​ហើយ​។ ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​ក៏​ដោយ កុំ​ភ្លេច

ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ចាត់​ទុក​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​មួយ មក​ដល់​ពេល​នេះ​វិស័យ​សុខាភិបាល​កម្ពុជា បាន​បោះ​ជំហាន​ចេញពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​ហើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កុំ​ភ្លេច​បញ្ហា​ប្រឈម​ថ្មី​។

ការ​រីក​ចម្រើន​នៃ​វិស័យ​សុខាភិបាល​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ខ្លាំង​ចាប់តាំងពី​សម័យកាល​នៃ​ការ​រាតត្បាត​នៃ​ជំ​ងឹ​កូ​វី​ដ​១៩ ដោយ​កម្ពុជា​អាច​ទ្រទ្រង់ និង​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​យ៉ាង​ជោគ​ជ័យ ហើយ​ចាប់ពី​ពេល​នោះ​មក ស្តង់ដា និង​ទំនើប​កម្មវិស័យ​សុខាភិបាល​ក៏​ត្រូវ បាន​ពង្រឹង​។

មក​ដល់​ពេល​នេះ សឹងតែ​គ្រប់​មន្ទីរពេទ្យ​ដែល​សាងសង់​ថ្មី​ទាំងអស់ គឺ​សុទ្ធតែ​បំពាក់​ទៅ​ដោយ​ឧបករណ៍ និង​សម្ភារៈ​ដ៏​ទំនើប​ៗ និង​ស្តង់ដា សម​ស្រប​តាម​គោលដៅ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​អណ​ត្តិ​ថ្មី ដែល​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​អ្វី​ដែល​មាន​ស្រាប់​។

មន្ទីរពេទ្យ​ដែល​ទើបតែ​សាងសង់​ថ្មី​មិន​ថា ដោយ​រូបភាព​ណា​នោះ​ទេ គឺ​កំពុង​តែ​បំពាក់​ដោយ​ឧ​បរ​កណ៍​​ទំនើប​ៗ​បំផុត ប៉ុន្តែ​ក្តី​បារម្ភ គឺ​ខ្លាច​មន្ទីរពេទ្យ​ទាំងនោះ​មិន​មាន​ធនធានមនុស្ស​ល្អ​ៗ ដែល​មាន​សមត្ថភាព និង​ចេះ​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំងនោះ ដើម្បី​ប្រើ​វា​អោយ​អស់​សមត្ថភាព​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​យើង​។

វា​ពិតជា​មោទនភាព​ណាស់ ដែល​ឃើញ​វិស័យ​សុខាភិបាល​របស់​យើង​បន្ត​រីក​ចម្រើន​ឡើង​យ៉ាង​ឆាប់រហ័ស ពោល​គឺ​សឹងតែ​គ្រប់​មន្ទីរពេទ្យ​ថ្មី​ៗ​ដែល​បាន​សាងសង់​ហើយ​ទាំងអស់ គឺ​សុទ្ធតែ​បំពាក់​ឧបករណ៍​ឯកទេស​ល្អ​ៗ​ទំនើប ដែល​សឹងតែ​នៅ​ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​។

ជាក់ស្តែង ដូច​ជា​ករណី​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល​ជាដើម គឺ​ពិតជា​ឃើញ​ហើយ​ភ្ញាក់ផ្អើល ។ មន្ទីរពេទ្យ​នេះ ត្រូវ​បាន​សាងសង់​ថ្មី ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ១០​លាន​ដុល្លារ​។

ដ្បិតតែ​វា​មា​នទី​តាំងនៅ​ស្រុក​មួយ​នៃ​ខេត្តកណ្តាល ក្បែរ​នឹង​ព្រំដែន​វៀតណាម ប៉ុន្តែ​មន្ទីរពេទ្យ​នេះ មាន​អគារ​ថ្មី​ចំនួន​៣​ខ្នង មាន​ទំហំ​សរុប​ស្មើនឹង ១២.៥៤៤ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​គ្រែ​អ្នកជំងឺ​បាន​ចំនួន​១៥០​គ្រែ ហើយ​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​បច្ចេកទេស​ទំនើប​ៗ​បម្រើ​ឱ្យ​ការ​ព្យាបាល​។

ឃើញ​អគារ​ដែល​បាន​សាងសង់​ហើយ និង​ឃើញ​ឧបករណ៍​ដែល​បំពាក់ គឺ​ពិតជា​កក់ក្តៅ ហើយ​ពិតជា​ត្រេកអរ​សម្រាប់​ពលរដ្ឋ​នៅ​ខាង​ស្រុក​កោះធំ និង​តំបន់​នៅ​ជិត​ៗ​នោះ ពីព្រោះ​ឧបករណ៍​ដែល​បំពាក់​នៅ​ទីនោះ គឺ​ពិតជា​ទំនើប​មែន​។ ប៉ុន្តែ​កុំ​ភ្លេច​ថា ទោះបីជា​មន្ទីរពេទ្យ​បំពាក់​ឧបករណ៍​ទំនើប​យ៉ាង​ណា ប៉ុន្តែ​ប្រសិនបើ​មន្ទីរពេទ្យ​ខ្វះ​គ្រូពេទ្យ ឬ​វេជ្ជបណ្ឌិត​ជំនាញ​ពិតប្រាកដ ដែល​យល់​ច្បាស់​អំពី​ការ​ប្រើប្រាស់​ឧបករណ៍ និង​បរិក្ខារ​សុខាភិបាល​ទាំងនេះ មិន​ច្បាស់លាស់​ទេ​នោះ វា​នឹង​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។

សូម​បន្ត​រិះគិត និង​ពង្រាយ​ល្បាយ​គ្រូពេទ្យ​ដែល​មាន​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​មន្ទីរពេទ្យ អោយ​ស្រប​តាម​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ដែល​នៅ​តែ​បន្ត​ចាត់​ទុក​វិស័យ​សុខាភិបាល នៅ​តែ​ជា​វិស័យ​អាទិភាព​បំផុត​របស់​ប្រទេស ។

នៅ​ក្នុងឆ្នាំនេះ តាម​ពង្រាង​ច្បាប់​ថវិកាជាតិ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​បន្ធូរ​ដៃ​លើ​ការ​ចំណាយ​បន្តិច ដោយ​ថវិកាជាតិ​ឆ្នាំ​នេះ គឺ​ប្រុង​ចាយ​លុយ​តែត្រឹម​ប្រមាណ​ជា ៣៧.១១០.៤០៤ ពាន់​លាន​រៀល ដោយ​ថយ​ចុះ ៥,៣​ភាគរយ ធៀប​នឹង​ថវិកាជាតិ​ឆ្នាំ​២០២៣​នេះ ដែល​មាន​ទឹកប្រាក់​សរុប ៣៩.២០៦.២០៥ ពាន់​លាន​រៀល ប៉ុន្តែ​ការ​ចំណាយ​នៅ​លើ​វិស័យ​សុខាភិបាល គឺ​មិន​ទម្លាក់​ដៃ​ឡើយ ។

រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​លើកកម្ពស់​គុណភាព សេវា​សុខាភិបាល និង​ពង្រីក​ការ​ទទួល​សេវា​ថែទាំ​សុខភាព ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ ស្ត្រី​និង​កុមារ រួម​ទាំង​ការ​បន្ត​គាំទ្រ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ជាយថាហេតុ​ជាដើម ។

តាម​ពង្រាង​ច្បាប់​ថវិកា​នោះ គឺ​គ្រាន់តែ​នៅ​លើ​ការ​ពង្រីក​សេវា​ថែ​ទាំង​សុខភាព ឆ្ពោះទៅ​រក​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សាកល រាជរដ្ឋាភិបាល​គ្រោង​នឹង​ទម្លាក់​ថវិកា​សរុប​ដល់​ទៅ ៣៤០ ពាន់​លាន​រៀន ដែល​មាន​សម​មូលប្រមាណ​ជា ៨៣ លាន​ដុល្លារ​។ ចំណែក​វិស័យ​សុខាភិបាល​ទាំងមូល រដ្ឋ​គ្រោង​ចំណាយ​ដល់​ទៅ​ប្រមាណ​ជា​២.៦៦៨ ពាន់​លាន​រៀល ។

សរុប​មក​វិញ ជាមួយនឹង​ធនធាន​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ សប្បុរ​ជន និង​ប្រទេស​ជំនួយ​ផ្សេង​ៗ​ទៀត យើង​សង្ឃឹមថា វិស័យ​សុខាភិបាល​យើង​ចាប់ពី​ពេល​នេះ​តទៅ នឹង​កាន់តែ​កែ​លម្អ​ឡើង​មួយ​កម្រិត​ថែម​ទៀត សំដៅ​លុប​បំបាត់​អោយ​បាន​នូវ​បញ្ហា​អសកម្ម និង​ការ​រិះគន់​កន្លង​មក ៕

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ