ខេត្តកំពត ៖ ដើម្បីបង្កើនសោភ័ណឌភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាត្រៀមលក្ខណៈក្នុងព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីនាខែវិច្ឆិកាខាងមុខ រដ្ឋបាលខេត្តកំពតបាននិងកំពុងរៀបចំតុបតែងលំអតាមសួនច្បារ និងតំបន់សំខាន់ៗក្នុងក្រុងកំពតឱ្យបានមុនថ្ងៃកម្មវិធី ។
ខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រ ហើយខេត្តនេះ ក៏ជាខេត្តមួយដែលជាគោលដៅទេសចរណ៍ដ៏សំបូរបែបសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែរកម្សាន្តផងដែរ ។ ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបឆ្នាំ២០២៣នេះ ខេត្តកំពតក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីផងដែរ ដែលព្រឹត្តិការណ៍មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ ។
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីបង្កើនសោភ័ណភាព ក៏ដូចជាបង្កើននូវភាពទាក់ទាញភ្ញៀវទេសចរផងនោះ រដ្ឋបាលខេត្តកំពតបានរៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុង ដូចជាការស្ថាបនាសួនកម្សាន្តមុខសាលាខេត្តចាស់ ដែលសួននេះអាចឱ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ ក៏ដូចជាមើលថ្ងៃលិចលើខ្នងភ្នំបូកគោជាដើម។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងត្រូវបានកែប្រែពីផ្លូវកៅស៊ូ មកជាផ្លូវបេតុងដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ភ្លើងពណ៌លម្អតាមសួនច្បារសាធារណៈ និងទីតាំងសំខាន់ៗត្រូវបានរៀបចំឡើងកែលំអបន្ថែម ហើយការកែលម្អនេះនឹងត្រូវធ្វើឱ្យរួចរាល់នៅមុនពេលព្រឹត្តិការណ៍នៃការប្រណាំងទូកមកដល់ ។
តាមការឱ្យដឹងពីលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ព្រឹត្តិការណ៍នៃការ
ប្រណាំងទូក.0ងខ្នាតប្រពៃណីក្នុងឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញបំផុត ដែលក្នុងព្រឹត្តិការណ៍នេះនឹងមានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច ព្រមទាំងមានការតាំងពិពរណ៌ភូមិមួយផលិតផលមួយ ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលក្នុងខេត្តកំពតផងដែរ។
លោកនាយករដ្ឋបាលបានបន្ថែមថា ចំពោះការរៀបចំតុបតែងលំអសោភ័ណភាពក្នុងក្រុង ក៏ដូចជាកែលំអហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជាការពង្រីកផ្លូវនៅខាងត្បូងសាលាខេត្តទៅដល់រង្វងមូលត្រីផ្សោតដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ការស្ថាបនាសួនកម្សាន្តមុខសាលាខេត្តចាស់ ការកាត់សម្រួលមែកឈើព្រមទាំងមានការបំពាក់ភ្លើងពណ៌តាមដើមឈើតាមបណ្តោយព្រែកកំពង់បាយផងដែរ ។
ចែករំលែកព័តមាននេះ