រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមគ្រាប់ពូជស្រូវ បម្រុងទុកសម្រាប់ប្រជាកិសករ ដែលជួបគ្រោះធម្មជាតិ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងមកនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រកសិកម្ម និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបាន ទៅធ្វើការត្រួតពិនិត្យលើការប្រមូលផល ការសំងួត និងការស្តុកគ្រាប់ស្រូវពូជ ដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅ ដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ ។
លោកបានមានប្រសាសន៍ថា នៅទូទាំងប្រទេសយើងមានស្ថានីយផលិតគ្រាប់ពូជស្រូវ ចំនួន៦កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករ អ្នកផលិតគ្រាប់ពូជស្រូវនៅច្រើនកន្លែងថែមទៀត ដែលជាផ្នែកសំខាន់មួយ នៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទោះយ៉ាងណាក្តី គេមិនទាន់ដឹងថា តាមរយៈក្រសួងកសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងបញ្ចេញគ្រាប់ពូជស្រូវចំនួនប៉ុន្មាននោះទេខណៈនៅតាមបណ្តាខេត្តមួយចំនួន បាននិងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៕
ចែករំលែកព័តមាននេះ