ក្រោយពេលដែលប្រាសាទកោះកេរអតីតរាជធានីខ្មែរ កាលពីជាង ១០០០ឆ្នាំមុន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ កញ្ញា ២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត…
ក្រោយពេលដែលប្រាសាទកោះកេរអតីតរាជធានីខ្មែរ កាលពីជាង ១០០០ឆ្នាំមុន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ កញ្ញា ២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត វានឹងក្លាយជាការទាក់ទាញថ្មីមួយ សម្រាប់ទេសចរដែលចូលចិត្តទស្សនា និងយល់ដឹងអំពីប្រាសាទល្បីៗនិងស្រស់ស្អាតប្រកបដោយភាពទាក់ទាញរបស់កម្ពុជា ។
ដូច្នេះ ស្ថាប័នដែលពាក់ព័ន្ធគួរតែបង្កើតកញ្ចប់ សៀគ្វីទេសចរណ៍ចតុកោណមួយដាក់ជូនភ្ញៀវទេសចរហើយ ។ ក្រុមប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដោយប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថាអតីត រាជធានីកោះកេរ មានទំហំផ្ទៃដី១៦គីឡូម៉ែត្រការ៉េ ។
ប្រាសាទដែលមានរូបរាងដូចជា ប្រាសាទពីរ៉ាមីននៅអេស៊ីបមាន៧ជាន់ មានកម្ពស់៣៥ម៉ែត្រ នៅតំបន់កោះកេរ ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃ បានកសាងឡើងនៅក្នុងឆ្នាំ៩២១ ដោយព្រះបាទជ័យវរ្ម័នទី៤ ដែលអ្នកស្រាវជ្រាវមួយចំនួនបានចោទព្រះអង្គ ថាជាក្សត្រ ជ្រែករាជ្យ បានយាងចេញពីរាជធានីយសោធរបុរៈ ពោល គឺអង្គរមកកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់នោះ ។
នៅមុនពេលដាក់ស្នើសុំចុះបញ្ជីអ្នកស្រាវជ្រាវបានរកឃើញសំណង់ប្រាសាទនៅក្នុងតំបន់នោះប្រមាណជា៧០ប្រាសាទ ដោយប្រាសាទដែលចាស់ជាងគេភាគច្រើន គឺប្រាសាទឥដ្ឋដែលកសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨ បន្ទាប់ គឺប្រាសាទថ្មភក់ នៅឆ្នាំ៩២៨ និងប្រាសាទថ្មបាយក្រៀម នៅចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១ ។
ដោយឆ្លងកាត់នូវសង្គ្រាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ រីឯការលួចវត្តុបុរាណការបំផ្លាញចំពោះសម្បត្តិ បេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើឲ្យប្រាសាទមួយ ចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី ដូច្នេះចាប់ពីពេលនេះតទៅ ប្រាសាទនេះ ត្រូវតែការពារ ហើយក្លាយជាធនធានវប្បធម៌របស់មនុស្សជាតិដែលទាំងអស់គ្នាគួរតែចូលរួម ។
នៅពេលនេះ កម្ពុជាមានប្រាសាទបុរាណធំៗចំនួន៤ ហើយដែលចុះបញ្ជីបេតិកភណ្ឌពិភពលោក ។ ដូច្នេះការបង្កើតសៀឃ្វីទេសចរណ៍ចតុកោណ គឺអាចបានដោយគេដឹងថា ជ្រុងទីមួយ គឺប្រាសាទអង្គរវត្តនៅសៀមរាប ដែលចុះបញ្ជីនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ នាឆ្នាំ២០០៨ ប្រាសាទសំបូរព្រៃគុក នៅក្នុងខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០១៧ និងចុងក្រោយ គឺប្រាសាទកោះកេរ នៅក្នុងឆ្នាំ២០២៣ នេះ ។
ប្រាសាទអង្គរវត្តតែមួយ គឺត្រូវបានការពារនៅលើផ្ទៃដីសរុបដល់ទៅ ៤០.១០០ ហិកតា រីឯប្រាសាទព្រះវិហារមានផ្ទៃដីអភិរក្សសរុប ១៥៤,៧ ហិកតា ប្រាសាទសំបូរព្រៃគុក មានផ្ទៃដីសរុបជាង៨៤០ហិកតា ហើយប្រាសាទកោះកេរនេះ មានផ្ទៃដីសរុប១.១៨៧ ហិកតា ។ សរុបទៅផ្ទៃដីរាប់រយហិកតា ហើយនៅក្នុងផ្ទៃដីទាំងនោះក្រៅពីប្រាសាទធំៗជាគោលទាំង៤ជ្រុង គឺនៅមានប្រាសាទតូចៗរាប់រយ ហើយព្រៃបៃតងធម្មជាតិយ៉ាងធំល្វឹងល្វើយ ដែលសមស្របបំផុតសម្រាប់អ្នកដែលពាក់ព័ន្ធយកមកកែច្នៃជាមាសជាពេជ្រ ដើម្បីបង្កើន ការទាក់ទាញភ្ញៀវទេសចរតាមបែបធម្មជាតិ និងអភិរក្ស ។
សរុបសេចក្តីទៅ ដើម្បីឲ្យប្រាសាទកោះកេរដែលជាប្រាសាទមានលក្ខណៈជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម បន្តគង់វង្សយូរអង្វែងតទៅមុខទៀត ស្ថាប័នពាក់ព័ន្ធដូចជា អាជ្ញាធរជាតិ អប្សារា អាជ្ញាធរជាតិព្រះវិហារ ដែលជាអ្នកដុតដៃដុតជើង នៅក្នុងការចុះបញ្ជីអាជ្ញាធរ ខេត្តព្រះវិហា ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ សហការជាមួយនឹងខេត្ត និងជំនាញពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរ និង ខេត្តកំពង់ធំ ដែលមានប្រាសាទសំបូរព្រៃគុកគួរតែបង្កើតសៀឃ្វីទេសចរណ៍ចតុកោណមួយរួមជាមួយនឹងប្រាសាទព្រះវិហារ ផ្ទាល់ បន្ថែមលើកម្មវិធីអបអរដែលកំពុងតែរៀបចំ ហើយគ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំរំលឹកដល់ប្រាសាទទាំង៤ ។
សូមរិះគិត និងដាក់ចេញជាកញ្ចប់ទេសចរណ៍មួយដែលមានសព្វគ្រប់តាំងពីសេវាកម្ម ស្នាក់នៅ ហូបចុក ធ្វើដំណើរ និងកម្មវិធីទេសចរណ៍អមដោយកម្មវិធីផ្សេងៗបន្ថែមលើជ្រុងនៃមុំចតុកោណទាំង៤ ពីព្រោះក្រៅពីមើល និងទស្សនាស្វែងយល់ពីប្រាសាទភ្ញៀវទេសចរក៏ត្រូវការ សកម្មភាពប្លែកៗសប្បាយៗ និងសេវាកម្មផ្សេងៗផងដែរ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ