សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបគ្រូបង្វឹក និងអត្តពលិក មុនចេញទៅប្រកួតព្រឹត្តិការណ៍ Asian Games នៅចិន
- ភ្នំពេញ
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងស្អែកនេះ ប្រតិភូថ្នាក់ដឹកនាំគ្រូបង្វឹក និងអត្តពលិក សរុប…
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងស្អែកនេះ ប្រតិភូថ្នាក់ដឹកនាំគ្រូបង្វឹក និងអត្តពលិក សរុប…
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងស្អែកនេះ ប្រតិភូថ្នាក់ដឹកនាំគ្រូបង្វឹក និងអត្តពលិក សរុប ៩៩នាក់ ដែលត្រៀមចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួត Asian Games នៅប្រទេសចិន នឹងត្រូវចូលជួបសម្ដែងការគួរសម និង ទទួលអនុសាសន៍ណែនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជួបជុំនេះ នឹងធ្វើឡើង នៅវិមានសន្តិភាព វេលាម៉ោង ៣រសៀល ថ្ងៃទី២០កញ្ញា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ី Asia Games ធ្វើឡើង នៅទីក្រុងហាងចូវ ប្រទេសចិន ដោយមានអត្តពលិកសរុបចំនួន ១២,២០០នាក់ ចូលរួមប្រកួតប្រជែង ដណ្តើមមេដាយ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឱ្យដឹងថា កម្ពុជាបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡា ដែលមានប្រតិភូ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប្រមាណ ១៨០នាក់ ចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ ប្រភេទកីឡា ដែលកម្ពុជា បញ្ជូនអត្តពលិកទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន ពេលនេះ រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។
សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡា ចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមាន មេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះ វីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ី លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕
ចែករំលែកព័តមាននេះ