ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ដក Antony ចេញពី​ក្រុម​ត្រៀម​ប្រកួត​ជម្រុះ World Cup ជុំវិញ​រឿងអាស្រូវ​ហិ.ង្សា​លើ​អតីត​មិត្ត​ស្រី

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេ​ស៊ី​ល បាន​សម្រេច​ដក​ឈ្មោះ​ខ្សែបម្រើ​ស្លាប Antony ចេញពី​

ប្រេ​ស៊ី​ល ៖ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេ​ស៊ី​ល បាន​សម្រេច​ដក​ឈ្មោះ​ខ្សែបម្រើ​ស្លាប Antony ចេញពី​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ហិង្សា​ពី​សំណាក់​អតីត​មិត្ត​ស្រី​របស់​គេ​។

សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ដែល​ហៅ​កាត់​ថា CBF លើក​ឡើង​ថា ខ្សែបម្រើ​ស្លាប Antony វ័យ​២៣​ឆ្នាំ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Manchester United ត្រូវ​បាន​ដក​ចេញពី​ក្រុម បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​ជា​សាធារណៈ ដែល​ចាំបាច់​ត្រូវ​តែ​មានការ​ស៊ើបអង្កេត ខណៈ​ដែល​សារព័ត៌មាន​ប្រេ​ស៊ី​ល UOL បាន​ចុះ​ផ្សាយ​លើ​ការ​ចោទប្រកាន់​ធ្វើ​ឡើង​ដោយ​អតីត​មិត្ត​ស្រី Antony កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ប៉ូលិស​ទីក្រុង​សៅ​ប៉ូ​ឡូ (Sao Paulo) ប្រទេស​ប្រេ​ស៊ី​ល និង Greater Manchester ចក្រភព​អង់គ្លេស​កំពុង​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់ ដែល​កីឡាករ​រូប​នេះ បាន​ធ្វើការ​បដិសេធ​។ Antony បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ការ​ចោទប្រកាន់​នេះ​មិន​ពិត ហើយ​ភស្តុ​តាង​ដែល​មាន​ស្រាប់ និង​ភស្តុ​តាង​ផ្សេង​ទៀត នឹង​បង្ហាញ​ថា ខ្ញុំ​គ្មាន​កំហុស​ចំពោះ​ការ​ចោទប្រកាន់ ដែល​បាន​ធ្វើ​ឡើង​នេះ​។ ខ្ញុំ​ជឿជាក់​ថា ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​នឹង​បង្ហាញ​ការ​ពិត​អំពី​ភាព​គ្មាន​កំហុស​របស់ខ្ញុំ​»​។ អតីត​ខ្សែបម្រើ​ស្លាប​ក្រុម Ajax រូប​នេះ បន្ថែម​ថា ទំនាក់ទំនង​ស្នេហា​រវាង​គេ​ជាមួយ​អតីត​ដៃគូ​គឺ ច្របូកច្របល់​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​បាន​ទទូច​ថា រូបគេ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ខាង​រាង​កាយ​ណាមួយ​លើ​រូប​នាង​ឡើយ​។

សារព័ត៌មាន​ប្រេ​ស៊ី​ល​បាន​ផ្សាយ​ថា Antony ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​វាយ​អតីត​មិត្ត​ស្រី​របស់​គេ​គឺ​នាង Gabriela Cavallin ដោយ​វាយ​ចំ​ក្បាល ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​មេន​ឆេ​ស្ទ័​រ (Manchester) កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​។ នាង​ក៏​បាន​ចោទប្រកាន់​ថា Antony បាន​ដាល់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ខូច​ស៊ី​លី​កូន​សុដន់​សិប្ប​និ​មត្តិ ដែល​ទាមទារ​ឱ្យ​មានការ​វះកាត់​កែតម្រូវ​។

ប៉ូ​លី​ស Greater Manchester (GMP) បាន​បញ្ជាក់​ថា ខ្លួន​ដឹង​ពី​ការ​ចោទប្រកាន់​ដែល​បាន​ធ្វើ​ឡើង ហើយ​ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត ដើម្បី​រក​ភាព​យុត្តិធម៌​ជុំវិញ​របាយការណ៍​នេះ​។ យើង​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​នៅ​ពេល​នេះ​»​។ ស្រប​ពេល​ដែល​ក្លិប Manchester United មិន​មានការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក្រោម​ការ​ដឹកនាំ​គ្រូបង្វឹក​បណ្តោះអាសន្ន លោក Fernando Diniz បាន​ធ្វើការ​កោះហៅ​កីឡាករ​សំខាន់​ៗ​របស់​ខ្លួន​ចូល​ជំរុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2026 ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង ដោយ​ក្រុម​រហស្សនាម «​សាំ​បា​» មួយ​នេះ ត្រូវ​ទទួល​បូ​លី​វី នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា មុន​បន្ត​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​ប៉េ​រូ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆាប់​ៗ​ខាង​មុខ​នេះ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ