ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ភី​ថា លី​ម​ចា​រឿ​ន​រ៉ាត់ ចាញ់​នៅ​ក្នុង​សភា ប៉ុន្តែ​នៅ​ក្នុង​ទឹកចិត្ត​ពលរដ្ឋ​ថៃ​ដែល​ជា​ម្ចាស់​ឆ្នោត អតីត​នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​វ័យ​៤២​ឆ្នាំ​រូប​នេះ​មិន​បាន​ចាញ់​ឡើយ​នៅ​ក្នុង​ទឹកចិត្ត​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត ។ ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ក្រោយ​ពេល​ដែល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពីរ​ដង ហើយ​គណបក្ស​ភឿ​ថៃ…

លោក ភី​ថា លី​ម​ចា​រឿ​ន​រ៉ាត់ ចាញ់​នៅ​ក្នុង​សភា ប៉ុន្តែ​នៅ​ក្នុង​ទឹកចិត្ត​ពលរដ្ឋ​ថៃ​ដែល​ជា​ម្ចាស់​ឆ្នោត អតីត​នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​វ័យ​៤២​ឆ្នាំ​រូប​នេះ​មិន​បាន​ចាញ់​ឡើយ​នៅ​ក្នុង​ទឹកចិត្ត​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត ។

ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ក្រោយ​ពេល​ដែល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពីរ​ដង ហើយ​គណបក្ស​ភឿ​ថៃ បាន​ដណ្តើម​តំណែង​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​សភា​ក៏​ពិតមែន ប៉ុន្តែ​លោក ភី​ថា នៅ​តែ​បន្ត​ជីវភាព​នយោបាយ និង​សង្គម​ជា​ធម្មតា​ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់បំព្រង ។

លោក ភី​ថា គឺជា​អ្នកនយោបាយ​ថៃ​ដ៏​មាន​ឥទ្ធិពល និង​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​មិន​ឆេវឆាវ មិន​ប្រថុយប្រថាន ប៉ុន្តែ​មាន​គោលការណ៍ និង​ទស្សនៈវិស័យ​រឹងប៉ឹង​ច្បាស់លាស់​ដែល​នោះ​ហើយ គឺជា​អ្វី​ដែល​ពលរដ្ឋ​ថៃ​កំពុង​តែ​ដាក់​ពិន្ទុរ​ជូន​លោក ។ អ្នកនយោបាយ​ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិ​ថី​ដ៏​គ្រោះថ្នាក់​នេះ​ប្រមាណ​ជា​១០​ឆ្នាំ លោក​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​គ្មាន​នរណា​អាច​នឹង​ស្មាន​ដល់ ដោយ​លោក​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន​ជាងគេ ពោល គឺ​៣៨​ភាគរយ ជាមួយនឹង​គោលនយោបាយ ដើម្បី​ទប់ស្កាត់​ទំនាក់ទំនង​រវាង​អំណាច​ឥស្សរជន​យោធា និង​រាជា​និយម​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​សង្គម​ថៃ ។

នៅ​បរិបទ​សង្គម​ថៃ​បច្ចុប្បន្ន គោលនយោបាយ​នេះ គឺជា​ការ​ប្រថុយប្រថាន ប៉ុន្តែ​ភាព​ក្លាហាន របស់ លោក ភី​ថា អាច​យកឈ្នះ​ទឹកចិត្ត​ក្រុម​យុវជន និង​បញ្ញា​វ័​ន្ត​ថៃ​រហូត​ទទួល​ទទួល​បាន​អ​សនៈ​សភា​ចំនួន​១៥១ អាសនៈ ។

លោក​បរាជ័យ​នៅ​ក្នុង​សភា នៅ​ក្នុង​ការ​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល ដើម្បី​កែទម្រង់​យោធា និង​របប​រាជា​និយម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា កាលពី​ខែកក្កដា​ពីរ​ដង ពិតមែន ប៉ុន្តែ​អនាគត​លោក​អាច​នឹង​ទទួល​ការ​គាំទ្រ​កាន់តែ​ខ្លាំង ដោយសារ​តែ​ពលរដ្ឋ​ថៃ​ដឹង​ថា លោក គឺជា​អ្នក​ដែល​គោរព​ឆ​ន្ទះ​ពួក​គេ​ដែល​ជា​ម្ចាស់​ឆ្នោត​ពិតប្រាកដ​ដោយ​មិន​មានការ​សម្របសម្រួល ដើម្បី​តែ​អំណាច ហើយ​បោះបង់​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន ។

នៅ​មុន​ពេល​សភា​គាំទ្រ លោក ស្រ៊ី​ថា ថា​វី​ស៊ី​ន មក​ពី​គណបក្ស​ភឿ​ថៃ​ដែល​ជា​គណបក្ស​ធំ​ទី​ពីរ នៅ​ក្នុង​សភា គេ​ជឿជាក់​ថា ប្រសិនបើ​លោក ភី​ថា បន្ទន់​គោល​ជំហរ​នយោបាយ​នោះ លោក ស្រ៊ី​ថា និង​ដៃគូ ១១​បក្ស​របស់​លោក​ប្រហែលជា​គ្មាន​ឱកាស​ឡើយ ប៉ុន្តែ​លោក​បាន​សុខចិត្ត ជ្រើសរើស​នូវ​ជម្រើស​នយោបាយ​មួយ​ស្រប​តាម​គោលការណ៍​ដែល​លោក​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត ។

នៅ​ក្រោយ​ពេល​ដែល​លទ្ធផល​បោះ​ឆ្នោត​ខែឧសភា​ចេញ លោក ភី​ថា ត្រូវ​បាន​គេ​ឃើញ​ថា មិន​ផ្តោត​ខ្លាំង​លើ​សកម្មភាព​បញ្ចុះបញ្ចូល ហើយ និង​សម្របសម្រួល​ជាមួយនឹង​អ្នកនយោបាយ​នៅ​បាងកក​ឡើយ ដោយ​លោក​ចំណាយពេល​ជា​ច្រើន​ជាមួយនឹង​មហាជន​ដែល​គាំទ្រ​លោក ។ នៅ​ក្រោយ​ពេល​ដែល​លទ្ធផល​នៅ​សភា​ចេញ មាន​បាតុភាព​តវ៉ា​ខ្លះ​បាន​ផ្ទុះ ប៉ុន្តែ លោក ភី​ថា មិន​ជ្រើសរើស​តវ៉ា និង​នយោបាយ​ប្រទូស​សា​រ៉ា​យ នៅ​តាម​ដងផ្លូវ​ដែល​អ្នកនយោបាយ​ថៃ​ឡើយ ។

មក​ដល់​ពេល​នេះ គោល​ជំហរ​ដែល​គណបក្ស​ឆ្ពោះទៅ​មុខ និង​លោក ភី​ថា ប្រកាន់​យក គឺ​នៅ​តែ​ផ្តល់​អាទិភាព​ពាក់ព័ន្ធ​នឹង​ច្បាប់​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ ដែល​គេ​ស្គាល់​ថា​ជា ប្រមាថ​ព្រះមហាក្សត្រ ឬ​មាត្រា​១១២ ។ មាត្រា ១១២​នេះ គឺជា​ចំណុច​ដែល​សង្គម​ថៃ​ខ្លាច​បំផុត ហើយ​ក៏​មាន​អ្នកនយោបាយ និង​ពលរដ្ឋ​មិន​តិច​ឡើយ​ដែល​ត្រូវ​មាន​ពិរុទ្ធ ។ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២០ មក​មនុស្ស​ជាង​២០០ នាក់ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​តាម​មាត្រា​នេះ​ទាក់ទង​នឹង​សកម្មភាព​នៅ​ក្នុង​បាតុកម្ម​គាំ ទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បញ្ចេញមតិ​ដែល​ធ្វើ​ឡើង នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប៉ុន្តែ​លោក ភី​ថា និង ក្រុម​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ​ពេញចិត្ត​នឹង​តស៊ូ​យក​វា គឺជា​គោលនយោបាយ​ចម្បង​របស់​បក្ស ។

លោក ភី​ថា ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មនុស្ស​ដែល​មាន​ចរិត​តស៊ូ ហើយ​នៅ​វ័យ ២៥​ឆ្នាំ នៅ​ពេល​ដែល​បាត់បង់​ឪពុក​លោក​នោះ​លោក​បាន​មក​ដឹកនាំ​ក្រុមហ៊ុន​គ្រួសារ ដែល​មានឈ្មោះ​ថា Agrifood ងើប​ពី​បំណុល​ក្លាយជា​ក្រុម​ផលិត​ប្រេង​កន្ទក់​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ។

ក្រោយមក​នៅ​ក្នុង​ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើការ​នៅ​ក្នុង​ផ្នែក​ធនាគារ និង​ប្រឹក្សា​យោបល់​មួយ​រយៈពេល​ខ្លី​លោក​ក៏​ក្លាយជា​នាយក​ប្រតិបត្តិ Grab Thailand ហើយ​បាន​ចូល​ជីវភាព​នយោបាយ​នៅ​ឆ្នាំ​២០១៩ និង​ក្លាយជា​សមាជិក​សភា​នៅ​ក្នុង​គណបក្ស​អនាគត​ទៅ​មុខ​ដែល​ក្រោយមក​នៅ​ខែមីនា ឆ្នាំ​២០២០ ក៏​ត្រូវ​រំលាយ​ចោល ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​ឆ្ពោះទៅ​មុខ​ងើប​ចេញពី​ផេះ​នៃ​គណបក្ស​អនាគត​ទៅ​មុខ​លោក​ក៏​ក្លាយជា​អ្នកដឹកនាំ ។

នៅ​ក្នុង​ជីវិត​គ្រួសារ លោក​បរាជ័យ ដោយ​បែកបាក់​ជាមួយនឹង​លោកស្រី ជូ​តិ​ម៉ា ថេ​ន​ផា​ណាត (Chutima Teenpanart)​ដែល​ជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ថៃ​ជាមួយនឹង​កូន ស្រី​ម្នាក់ ប៉ុន្តែ​៧​ឆ្នាំ ក្រោយ​បែកបាក់ អតីត​ភរិយា និង កូនស្រី​របស់​លោក​បាន​ក្លាយជា​ខ្នងបង្អែក​ខាង​អារម្មណ៍​នៅ​ពីក្រោយ​លោក ។

លោក អេ​ម ស៊ី​ន​ផេង (Aim Sinpeng) សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ ស៊ី​ដ​នី​បាន​និយាយ​ថា លោក​ភី​ថា គឺជា​អ្នកនយោបាយ​ហើយ​ឆ្ពោះទៅ​មុខ​គឺជា​គណបក្ស​ដែល​មិន​ដំណើរការ​លើ​លុយ​ទេ ប៉ុន្តែ​នៅ​លើ​គំនិត និង​មនោ​គម​វិជ្ជា​ច្បាស់លាស់​ដែល​ជា​ចលនា​នៃ​ការ​ប្រែប្រួល​នៅ​ពេល​អនាគត ។

រីឯ​លោក ណា​ផុ​ន ចា​ទុ​ស្រ៊ី​ភី​តាក ( Napon Jatusripitak ) អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហ​បុរី​យល់​ស្រប​ថា គណបក្ស ឆ្ពោះទៅ​មុខ​របស់​ប្រទេស​ថៃ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្លាំង ។

លោក​បាន​សង្កត់ធ្ងន់​ថា ទោះបីជា គេ​អាច​ហាមឃាត់ ភី​ថា ឬ​រំលាយ​គណបក្ស​នេះ​ចោល ប៉ុន្តែ​តាម​រយៈ​ឆ​ន្ទះ និង​ខ្សែរ​បន្ទាត់នយោបាយ​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ចលនា​នេះ​ក្លាយជា​ការ​គាំទ្រ​កាន់តែ​ខ្លាំង​សម្រាប់​ការ​ចាប់បដិសន្ធិ​នៃ​ជោគជ័យ​នា​ពេល​អនាគត ៕ ដោយៈ ហេង ចេស្តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ