បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានក្លាយជាប្រធានបទសំខាន់មួយ ដែលប្រទេសមួយចំនួនបានលើកឡើងមកជជែកជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា ។ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាប្រធានបទមួយដែលបណ្តាប្រទេស និងអង្គការអន្តរជាតិមួយចំនួនបានរិះគន់កម្ពុជា ប៉ុន្តែពេលនេះបញ្ហានេះត្រូវកម្ពុជាបើកចំហជជែកជាមួយប្រទេសជាដៃគូ ។
គណៈប្រតិភូព្រឹទ្ធសភាអាមេរិក នៅពេលជួបជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដល់បញ្ហាសិទ្ធិមនុស្សនេះ ។ ដោយឡែកកម្ពុជា និងប្រទេសជប៉ុនបានរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនេះជាមួយគ្នាដែរ ។ ខណៈដែលនៅក្នុងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលក៏បានសន្យាថា នឹងពង្រឹងលើកកម្ពស់បញ្ហាសិទ្ធិមនុស្សនេះដែរ ។
ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក អាឡិច ខានស៍ (Alex Carnes) គណៈប្រតិភូព្រឹទ្ធសភាអាមេរិក កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជាតាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភណ្ឌ និងកាត់ដេររបស់កម្ពុជាតាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ ។
ដោយឡែក លោក អាឡិច ខានស៍ បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក ។ លោកបានវា.យតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិកតាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា ។
នាយករដ្ឋមន្ត្រីបញ្ជាក់ទៅដៃគូថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ចនូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក ។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយសម្លឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ ។ នាយករដ្ឋមន្ត្រីកម្ពុជាថា ត្រៀមខ្លួនជាស្រេចក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
កម្ពុជា និងអាមេរិក បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ នេះបើតាមការបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ។
ក្រសួងការបរទេសឯណោះវិញបានប្រកាសឱ្យដឹងថា អនុរដ្ឋលេខាធិការក្រសួងនេះ មួយរូបបានជួបជាមួយលោក Naofumi Hashimoto ឯកអគ្គរាជទូត ទទួល បន្ទុកសិទ្ធិមនុស្សនិងស្ថិរភាព និងសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសជប៉ុនបានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុនស្តីពីសិទ្ធិមនុស្សលើកទី១២ កាលពីថ្ងៃទី២៩ ខែសីហា ។
តាមសេចក្តីប្រកាសព័ត៌មាននៅកិច្ចសន្ទនានេះ ភាគីទាំងពីបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើប្រធានបទសិទ្ធិមនុស្ស ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោតសេរីភាពជាមូលដ្ឋានកំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិមនុស្សនៃក្រុមងាយរងគ្រោះ ។ លើសពីនេះភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
ផ្អែកទៅលើទឡ្ហិករទាំងអស់នេះ កម្ពុជាបានកំពុងយកចិត្តទុកដាក់បន្ថែមទៅ លើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ កម្ពុជាក៏ខំប្រឹងផងដែរ បង្កើតមិត្តជាងសត្រូវ ។ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសផ្សេងៗ គេត្រូវយកចិត្តទុកដាក់រកចំណុចរួមនៃកិច្ចសហប្រតិបត្តិការជាជាងចាប់យកចំណុចខ្សោយ ឬខុសគ្នាមកធ្វើអោយពាំងទើសទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ៕
ចែករំលែកព័តមាននេះ