ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jose Magsaysay Jr (ហូសេ ម៉ាកសាយសាយជូនៀ) ហៅក្រៅថា Mr. Potato Corner…

លោក Jose Magsaysay Jr (ហូសេ ម៉ាកសាយសាយជូនៀ) ហៅក្រៅថា Mr. Potato Corner ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារស្នាដៃបង្កើត franchise លក់ដំឡូងបំពងដែលមានរសជាតិច្រើនបែប និងការរីកលូតលាស់ដ៏អស្ចារ្យរបស់វា ចាប់តាំងពីទសវត្សរ៍ទី៩០។

Potato Corner របស់បុរសជនជាតិហ្វីលីពីនរូបនេះ បានចាប់ផ្ដើមពីរទេះដ៏តូចមួយ នៅក្នុងឆ្នាំ១៩៩២ រហូតដល់មានសាខាចំនួន ៧០ នៅក្នុងឆ្នាំ១៩៩៤ ហើយបន្ដរីកចម្រើនដល់មាន ១២០ ហាង នៅក្នុងឆ្នាំ១៩៩៧។

បច្ចុប្បន្ននេះ Potato Corner មានហាងចំនួន ១,១០០ កន្លែង នៅប្រទេសហ្វីលីពីន និងហាងចំនួន ២០០ នៅក្រៅប្រទេស។ ម៉ាកយីហោនេះក៏ធ្លាប់ទទួលបានកំណត់ត្រាលក់រហូតដល់ ១ ពាន់លានប៉េសូ (ជិត ១៧.៦ លានដុល្លារ) នៅក្នុងឆ្នាំ២០១៥ ហើយជាមួយនឹងវត្តមានរបស់វានៅក្នុងប្រទេសចំនួន ១១ ផ្សេងទៀត វាបានធ្វើឱ្យ Potato Corner ក្លាយជាម៉ាកយីហោអន្តរជាតិមួយ។

ភាព​ជោគជ័យ​របស់​លោក ម៉ាកសាយសាយ ​បាន​ចាប់​ផ្តើម​ពីដំណាក់កាលដ៏លំបាកមួយ ពោលគឺនៅពេលដែលលោកទទួលបានការងារដំបូងជាអ្នកអនាម័យឱ្យហាង Wendy’s ក្នុងឆ្នាំ១៩៨៣ ស្របពេលដែលគាត់ជានិស្សិតនៅឡើយ។ បន្ដមកទៀតគាត់បានធ្វើការក្នុងផ្នែកគ្រប់គ្រងសិក្ខាកាម ហើយក៏បានបន្ដទៅជាក្រុមប្រឹក្សាភិបាលក្នុងរយៈពេលមួយទសវត្សរ៍។ លោក ម៉ាកសាយសាយ មិនដែលភ្លេចថាគាត់មកពីណា ឬថានរណាជាអ្នកបង្រៀនគាត់ឡើយ។

លោកតែងតែរំលឹកដល់លោក Jose T. Pardo ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាប្រធានក្រុមហ៊ុន Wendy’s នៅហ្វីលីពីន ដែលបានជំរុញទឹកចិត្តចំពោះគំនិតនៃការបង្កើតអាហារបំពងច្រើនរសជាតិ ទោះបីជាគាត់កំពុងធ្វើការនៅ Wendy’s ក៏ដោយ។ លោក ម៉ាកសាយសាយ ក៏បានបម្រើការជាអ្នកគ្រប់គ្រងទូទៅនៃហាង Mister Donut ក្នុងឆ្នាំ១៩៩៩ និងបានពង្រីកសាខារបស់ហាងពី ២៥០ ដល់ ៨០០ កន្លែង នៅពេលលោកចាកចេញនៅឆ្នាំ២០០១។ ដោយមានការយល់ដឹងពីសហគ្រិនភាពយ៉ាងស្ទាត់ជំនាញ លោកបានទទួលពានរង្វាន់ជាច្រើនដូចជា៖ Franchise Excellence Hall of Fame ក្នុងឆ្នាំ២០០៣; ពានរង្វាន់ MVP Bossing ក្នុងឆ្នាំ២០១១; ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ AIM Triple A Distinguished Alumni ក្នុងឆ្នាំ២០១៩។

លោក ម៉ាកសាយសាយ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសហគ្រិនពីវិទ្យាស្ថានគ្រប់គ្រងអាស៊ីក្នុងឆ្នាំ២០០១ និងបានបញ្ចប់កម្មវិធីគ្រប់គ្រងភាពជាម្ចាស់/ប្រធាន មកពីសាលា Harvard Business School ក្នុងឆ្នាំ២០១៦។ លោកក៏ជាសហស្ថាបនិកនៃសមាគម Filipino Franchisors, Inc., ជាក្រុមប្រឹក្សាភិបាលរបស់ Philippines Franchise Association, ជាសមាជិកនៃសមាគមគ្រប់គ្រងនៃប្រទេសហ្វីលីពីន (MAP) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន៕ ប្រភព៖ esquiremag.ph