ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ដឹក​អ្នកដំណើរ បើក​បុក​រះ​ម៉ូតូ​ជា​ច្រើន​​គ្រឿង​ផ្អើល​រង្វង់​មូល​ស្រុក​ថ្មគោល

1 ឆ្នាំ មុន
  • បាត់ដំបង

រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ដេក​លក់​មួយភាំង បាន​បើក​បុក​រះ​គ្មាន​ប្រណី​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ

ខេត្តបាត់ដំបង ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ដេក​លក់​មួយភាំង បាន​បើក​បុក​រះ​គ្មាន​ប្រណី​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ តែ​សំណាងល្អ ពុំ​មាន​មនុស្ស​ស្លា​.​ប់​បាត់បង់​ជីវិត​នោះ​ទេ គ្រាន់តែ​រង​របួសស្រាល​ចំនួន​៤​នាក់​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​របស់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​រង្វង់​មូល​ស្រុក​ថ្ម​គោល ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​ត្រឡប់​ទៅ​វិញ។

របាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​នេះ ពាក់​ស្លាក​លេខ រដ្ឋ​07 3-0114 បើក​បរ​ដោយ​ឈ្មោះ ហួម ជន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្តបន្ទាយមានជ័យ ត្រឡប់​ទៅ​កាន់​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ដាក់​អ្នកដំណើរ​អស់ពី​រថយន្ត​។

បើ​តាម​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​របស់​រដ្ឋ​ខាងលើ​នេះ បាន​ដឹក​អ្នកដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​២១ ខែកក្កដា លុះ​ពេល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ថ្មគោល​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ទំនងជា​ដេក​លក់​មួយភាំង ក៏​បុក​រះ​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ចំនួន​៣​គ្រឿង បណ្ដាល​ឱ្យ​របួសស្រាល​អ្នកដំណើរ​ចំនួន​០៤​នាក់​។ ប៉ុន្តែ​រថយន្ត​នេះ បាន​ជ្រុល​ទៅ​បុក​ស្ដង់​លក់​ម៉ូតូ​មួយ​កន្លែង​ទៀត បណ្ដាល​ឲ្យ​ខូចខាត​អស់​ចំនួន​៣​គ្រឿង និង​ប៉ះពាល់​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​ចំនួន​២​កន្លែង​។

បើ​តាម​ការ​ស្រង់​សម្ដី​អ្នក​បើករថយន្ត​បង្កហេតុ​ខាងលើ លោក ហួម ជន បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា លោក​បាន​ដឹក​អ្នកដំណើរ​ចេញពី​ភ្នំពេញ ទៅ​កាន់​ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើ​ដំណើរ​​ពេល​យប់ រហូត​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា លោក​ក៏​ត្រឡប់​ទៅ​ភ្នំពេញ​វិញ តែ​ពុំ​មាន​អ្នក​ជិះ​ទេ​។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​ក្នុងស្រុក​ថ្មគោល ស្រាប់តែ​លោក​ហាក់​ដេក​លក់​មួយភាំង ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​គេ​នៅ​លើ​ដងផ្លូវ​តែ​ម្ដង​។

អ្នក​បើករថយន្ត​បាន​បញ្ជាក់​ថា នៅ​ពេល​បើកបរ​នោះ លោក​ងុ​យ​ដេក ដោយសារ​តែ​បើករថយន្ត​ដឹក​អ្នកដំណើរ​ពេល​យប់​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ទៅ​បោះ​ឆ្នោត លុះ​ត្រឡប់​ទៅ​វិញ លោក​បើក​ម្នាក់ឯង ទើប​ដេក​លក់​មួយភាំង ហើយ​បង្ក​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។

ទោះបីជា​យ៉ាងណា បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ពិនិត្យ​​ទោ​លើ​សកម្មភាព​បុក​រះ​ខាងលើ​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់ តែ​សំណាងល្អ​ពុំ​មាន​មនុស្ស​ស្លា​.​ប់​នោះ​ទេ គ្រាន់តែ​រង​របួសស្រាល​ចំនួន​០៤​នាក់​តែ​ប៉ុណ្ណោះ​។ ហើយ​ពេល​នេះ កម្លាំង​ជំនាញ​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​ទាំង​០៦​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ថ្មគោល​ជា​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ