ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ទិញ​ផ្ទះ​បុរី​«​កំ​បូល​ស៊ី​ធី​»​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​ពី​ម្ចាស់​បុរី

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​តំណាង​ឲ្យ​ជាង​៦០​គ្រួសារ​ ដែល​បាន​ទិញ​ផ្ទះ​រស់នៅ​ក្នុង​បុរី​ «​កំ​បូល​ស៊ី​ធី​»​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០…

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​តំណាង​ឲ្យ​ជាង​៦០​គ្រួសារ​ ដែល​បាន​ទិញ​ផ្ទះ​រស់នៅ​ក្នុង​បុរី​ «​កំ​បូល​ស៊ី​ធី​»​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ ពួក​គាត់​បាន​ឈរ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ខាង​មុខ​បុរី​ខាងលើ ធ្វើការ​កូដកម្ម​ទាមទារ​សុំ​ឲ្យ​ម្ចាស់​បុរី​ខាងលើ​ក៏​ដូច​ជា​អាជ្ញារ​ធរ​ខណ្ឌ​កំ​បូល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ​នា​ពេល​នេះ ។

នៅ​ពេលធ្វើការ​តវ៉ា​នោះ​ប្រជា​ពេល​រដ្ឋ​ទាំងនោះ បាន​នាំ​គ្នា​យក​សំបក​កង់​រថយន្ត​ចាស់​ៗ​ជា​ច្រើន​ទៅ​ដាក់​លើ​គ្នា ប្រុង​ចាក់​ប្រេង​ដុត​បង្ហុយ​ឲ្យ​មាន​ផ្សែង​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​លោក​អភិបាលរង​ខណ្ឌ​កំ​បូល​ម្នាក់ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​និង​សម្របសម្រួល​ទាន់​ពេល ទើប​ប្រជា​ពលរដ្ឋ​បោះបង់​ចោលការ​ដុត​បំពក់​សំបក​កង់​រថយន្ត​នោះ​វិញ ហើយ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ។

ក្រុម​អ្នក​តវ៉ា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ការ​តវ៉ា​នា​ពេល​នេះ​ពួក​គាត់​ទាមទារ​សុំ​ឲ្យ​ភាគី​ម្ចាស់​បុរី​កំ​បូល​ស៊ី​ធី​នោះ​ចេញ​មក​ដោះស្រាយ​នូវ​បញ្ហា​២​ចំណុច​ទី​១, សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​អាច​រស់នៅ​ក្នុង​បុរី​បន្ត​ទៀត ស្នើរ​សុំ​បង់ប្រាក់​រំលស់​ប្រចាំខែ ទៅ​ក្រុមហ៊ុន​បុរី​នេះ​រយៈពេល​០២​ឆ្នាំ ដោយ​មិន​គិតការ​ប្រាក់ ។ ទី​២, សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​អាច​រស់នៅ​ក្នុង​បុរី​បន្ត​តទៅ​ទៀត ស្នើរ​សុំ​ប្រាក់​វិញ​ចំនួន​៥០% នៃ​ចំនួន​ប្រាក់​សរុប​ដែល​បាន​បង់​រួច ក្រៅពី​នេះ​ក៏​នៅ​មាន ផល​លំបាក​និង​ការ​ប្រឈម​ផ្សេង​ៗ​ច្រើន​ទៀត ដែល​ពួក​គាត់​ត្រូវ​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ទៀត​ថា ម្ចាស់​បុរី​កំ​បូល​ស៊ី​ធី​នេះ​គ្មាន​ចេតនា​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​នោះ​ទេ និង​បាន​គេចវេស​រហូត ជាក់ស្ដែង​ក្នុង​ពេល​កន្លង​មក​ពេល​ពួក​គាត់​តវ៉ា​អាជ្ញាធរ​ខណ្ឌ​កំ​បូល​បាន​ហៅ​ឲ្យ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់ ក៏​ម្ចាស់​បុរី​នេះ​មិន​បាន​ទៅ​ចូលរួម ឬ​ចាត់​តំណាង​ឲ្យ​ទៅ​ចូលរួម​នោះ​ឡើយ គឺ​ដាំ​ដើម​គ​ធ្វើ​មិនដឹងមិនឮ​សោះ ។

ផ្ទុយ​ទៅ​វិញ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​មានគំនិត​ចង់​តែ​រឹបអូស​យក​ផ្ទះ​ពី​អតិថិជន​ដូច​ជា​ពួក​គាត់​វិញ​ទទេ​ៗ ព្រមទាំង​ផ្ដាច់​ទឹក​ផ្ដាច់​ភ្លើង​មិន​ឲ្យ​ពួក​គាត់​ប្រើប្រាស់​បាន​ទៀត​ផង ក្នុង​ពេល​ដែល​ពួក​គាត់​រក​ប្រាក់​បង់​រំលស់​ថ្លៃ​ផ្ទះ​មិន​ទាន់ ឬ គ្មាន​លទ្ធភាព​ប្រចាំខែ​បង់គ្រប់​នោះ ។ ដោយ​ម្ចាស់​បុរី​នេះ​មិន​បាន​យល់យោគ​ថា ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​បាន​បង់ថ្លៃ​ផ្ទះ​ខ្ទង់​ម៉ឺន​ដុល្លារ​ទៅ​ហើយ​នោះ​ទេ ហើយដោយ​សារ​តែ​រក​លុយ​បង់​មិន​បាន និង​ត្រូវ​ក្រុមហ៊ុន​រឹបអូស​យក​ផ្ទះ​ផង កាត់​ផ្ដាច់​ទឹក​ភ្លើង​ផង​មិន​ឲ្យ​ប្រើ​បាន​ផង​នោះ ទើប​អ្នកខ្លះ​មិន​អាច​រស់នៅ​កើត​តទៅ​ទៀត ហើយ​ក៏​បាន​ចាកចេញ​តែ​ម្ដង ។

ប្រជាពលរដ្ឋ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ផ្ទះ​នៅ​ក្នុង​បុរី​កំ​បូល​ស៊ី​ធី​នេះ ១​ល្វែង​ថ្លៃ​ចាប់ពី​ជាង​៦​ម៉ឺន​ដុល្លារ ដល់​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ ទៅ​តាម​ផ្ទះ​ដែល​ស្ថិត​នៅ​ជួរ​ខាង​មុខ ឬ នៅ​ជួរ​ខាង​ក្រោយ ហើយ​ពេល​ទៅ​ទិញ​ត្រូវ​បង់​មុន​១០​ភាគរយ​នៃ​តម្លៃ​ផ្ទះ ។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​លក់​ផ្ទាល់​នោះ​ទេ​គឺ​លក់​តាម​រយៈ​(Sell) ហើយ​គ្មាន​គោលការណ៍​ច្បាស់លាស់​ជាមួយ​អតិថិជន​នោះ​ឡើយ នៅ​ពេល​ចូល​ទិញ​មុន​ដំបូង​ពួក​គាត់​មិន​បានដឹង​នោះ​ទ ចំណែក​ក្រុម​Seel​នោះ​ពូកែ​និយាយ​ឃោសនា​អូស​ទាញ​ខ្លាំង​ណាស់ ។

ពួក​គេ​និយាយ​យ៉ាងម៉េច​ឲ្យ​តែ​អតិថិជន​ទន់​ចិត្ត​ព្រម​កក់​លុយ​ប៉ុណ្ណោះ ហើយ​ក្រោយ​ពួក​គាត់​កក់​លុយ​រួច​និង​បង់​រំលស់​បាន​មួយ​រយៈ​ទើប​ដឹង​ថា​រញ៉េរញ៉ៃ ប៉ុន្តែ​ត្រូវ​ជាប់ផុង​និង​ខកខ្លួន​ហើយ បើ​ទោះជា​ចង់​ដកខ្លួន​ចេញ​វិញ​ក៏​មិន​រួច​ដែរ ដូចនេះ​ក៏​ចេះ​តែ​ទ្រាំ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​ក៏​ទ្រាំ​លែង​បាន​ទៀត ទើប​ផ្ទុះ​ការ​តវ៉ា​បែប​នេះ​តែ​ម្ដង​ទៅ ។

ក្រុម​កូដ​ករ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា តាម​គោលការណ៍​ពួក​គាត់​បង់​រំលស់​ប្រាក់​ថ្លៃ​ទិញ​ផ្ទះ​នោះ​រយៈពេល​២៥​ឆ្នាំ ហើយចាប់ពី​ឆ្នាំ​ដំបូង​ដល់​ឆ្នាំ​ទី​៣​ការ​ប្រាក់​០,៨៤% និង​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ការ​ប្រាក់​១,៣% ហើយ​ពួក​គាត់​ខ្លះ​ត្រូវ​បង់​ជិត​១​ពាន់​ដុល្លារ​ឯណោះ ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​នេះ​បាន​តម្រូវ​ឲ្យ​បង់​២​បែប​គឺ​ទី​១,​បង់​ជា​កញ្ចប់​ឆ្នាំ​ដោយ​ក្នុង​១​ឆ្នាំ​ពី​៥,០០០​ដុល្លារ​ទៅ​៦,០០០​ដុល្លារ ប៉ុន្តែ​បាន​តែ​ការ​សុទ្ធ​អត់​បាន​រំលស់​ដើម​ទេ ចំណែក​ទី​២,​បង់​ជា​ខែ ដោយ​ក្នុង​១​ខែ​២៩៧​ដុល្លារ​រយៈពេល​៣​ឆ្នាំ ក្នុង​នោះ​បាន​រំលស់​ប្រាក់​ដើម​តែ​២៨​ដុល្លារ​ក្នុង​១​ខែ​ប៉ុណ្ណោះ ក្រៅពី​នេះ​ប្រាក់​ការ​ទាំងអស់ ។ ផុត​ពី​៣​ឆ្នាំទៅ​ការ​ប្រាក់​ក៏​ឡើង ហើយ​លែង​បង់​២៩៧​ដុល្លារ​ទៀត​ដែរ គឺ​បង់​កាន់តែ​ច្រើន​ឡើង​ៗ ដែល​កាលពីមុន​ទោះជា​ជួប​ការ​លំបាក​ខ្លះ តែ​ពួក​គាត់​អាច​រក​ប្រាក់​បង់​បាន ប៉ុន្តែ​ពេល​នេះ​សេដ្ឋកិច្ច​ធ្លាក់​ចុះ រក​លុយ​មិន​បាន​បង់​មិន​គ្រប់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ។

អ្នកទិញ​ផ្ទះ​បុរី​ខាងលើ​បាន​និយាយ​ទៀត​ថា ក្រោយ​ជួប​ការ​លំបាក​ពួក​គាត់​ក៏​បាន​សុំ​ការ​យោគយល់ និង​ស្នើរ​សុំ​ជួប​ម្ចាស់​បុរី​ដើម្បី​រក​ដំណោះស្រាយ​តាម​រយៈ​ការ​បន្ធូរបន្ថយ​ចំនួន​បង់​ខ្លះ​ឬ ក៏​សុំ​ឲ្យ​មានការ​បង់​បន្ត​តាម​លទ្ធភាព​ក្នុង​ចំនួន​សមរម្យ​ណាមួយ​ជា​ការ​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា ។ ប៉ុន្តែ​ម្ចាស់​បុរី​មិន​ព្រម​ចេញ​មុខ​ជួប​ដោះស្រាយ​នោះ​ទេ​គឺ​បាន​គេចវេស​រហូត ហើយ​ផ្ទះ​ណា​គ្មា​លុយ​បង់​ត្រូវ​រឹបអូស ឬ បង់​យឺត​បង់អត់​គ្រប់ ត្រូវ​កាត់​ផ្ដាច់​ទឹក​និង​ភ្លើង​ចោល​មិន​ឲ្យ​ប្រើប្រាស់​ឡើយ ។ សម័យនេះ​ទៅ​ហើយ​ បើ​គ្មាន​ទឹក​និង​ភ្លើង​តើ​ឲ្យ​ពួក​គាត់​រស់នៅ​ដូច​ម្ដេច​ម៉េច​និង​កើត​ទៅ ? ទើប​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពួក​គាត់​ធ្វើការ​តវ៉ា​ជា​លើក​ទី​១​ទាមទារ​លក្ខខណ្ឌ​ខាងលើ ហើយ​ពេល​នោះ​ម្ចាស់​បុរី​មិន​ចេញ​មក​ជួប​ពួក​គាត់​ឡើយ ។

ពួក​គាត់​បាន​ប្រាប់​បន្ថែម​ថា ខណៈនោះ​អាជ្ញាធរ​ខណ្ឌ​កំ​បូល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ម្នាក់​ចុះ​ទៅ​ជួប​សម្របសម្រួល​ជាមួយ​ពួក​គាត់ ហើយ​ក្រោយមក​បាន​ហៅ​តំណាង​ពួក​គាត់​ទៅ​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​កំ​បូល ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ខកចិត្ត ហើយ​ក៏​គ្មាន​លទ្ធផល​នោះ គឺ​ព្រោះតែ​ខាង​ម្ចាស់​បុរី​មិន​ព្រមទៅ​ចូលរួម​ដោះស្រាយ​ឡើយ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា នេះ​ពួក​គាត់​បាន​ធ្វើការ​តវ៉ា​ជា​លើក​ទី​២​ទៀត ហើយ​លើក​នេះ​ពួក​គាត់​បាន​យក​សំបក​កង់​រថយន្ត​ជា​ច្រើន​ដើម្បី​ដុត​ធ្វើការ​តវ៉ា ។ ប៉ុន្តែ​ខណៈ​ហៀ​ប​និង​ដុត​ទៅ​ហើយ ស្រាប់តែ​លោក​អភិបាលរង​ខណ្ឌ​កំ​បូល​ម្នាក់​ទៀត ដឹកនាំ​កម្លាំង​ទៅ​រារាំង ហើយ​សន្យា​ថា​និង​ព្យាយាម​ហៅ​ម្ចាស់​បុរី​ទៅ​ជួប​ដោះស្រាយ​នៅ​ស​ប្ដា​ហ៍​ក្រោយ​ទៀត ទើប​ពួក​គាត់​អត់​ដុត​កង់​រថយន្ត​នោះ​និង​រំសាយ ។

ទាក់ទិន​ទៅ​និង​ការ​តវ៉ា​និង​រៀបរាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខាងលើ​នោះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​បុរី​បា​នឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ