រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺសសៃប្រសាទ ជាយូរមកហើយ ព្យាបាលមិនជាសោះ ហើយកន្លងមក ដោយសារតែព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ផង និងខ្លាចគាត់ដើរទៅណាបាត់ ឬដើរអុកឡុកអ្នកដទៃផងនោះ ទើបប្ដី និងកូនៗ សម្រេចចិត្តដាក់ច្រវាក់ជើង និងចាក់សោឲ្យនៅតែក្នុងផ្ទះ ប៉ុន្តែចុងក្រោយ បន្ទាប់ពីឃើញថា គាត់ហាក់មានភាពប្រក្រតីឡើងវិញ និយាយដឹងខុសត្រូវជាងមុន និងចេះរៀបចំផ្ទះសម្បែង ថែមទៀតនោះ ទើបក្រុមគ្រួសារសម្រេចដោះច្រវាក់ចេញ និងមិនឲ្យនៅតែក្នុងផ្ទះទៀតទេ។ ក្រោយមក ក៏បាត់គាត់បាត់ចេញពីផ្ទះរយៈពេល១ព្រឹក ស្រាប់តែមានអ្នកភូមិប្រទះឃើញ គាត់ដេកស្លា.ប់នៅក្រោមដើមត្នោតទៅវិញ ដោយពុំដឹងថា ស្លា.ប់ដោយឃា.តកម្ម ឬអ្វីផ្សេងនោះឡើយ ។
សាកស.ពស្ត្រីរូបនោះ ត្រូវបានអ្នកភូមិប្រទះឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅតាមផ្លូវរទេះ ក្រោមដើមត្នោតវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ស្ត្រីរូបនោះឈ្មោះ សើ គឿន អាយុជាង៤២ឆ្នាំ មានប្ដីឈ្មោះ ឆុំ សារឿន ហៅឌឿន ជាជនពិការជើង ដោយសារធ្លាក់ពីលើដើមត្នោត កាលពីប៉ុន្មានឆ្នាំមុន និងមានកូនចំនួន៣នាក់ នៅក្នុងបន្ទុកគ្រួសារទៀតផង សព្វថ្ងៃរស់នៅក្នុងភូមិកើតហេតុខាងលើ ។
បុរសជាប្ដី បាននិយាយថា ប្រពន្ធរបស់គាត់ម្នាក់នេះ មានជំងឺសសៃប្រសាទយូរមកហើយ ហើយគាត់ និងកូនៗបានទៅបើកថ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី រៀងរាល់១ខែម្ដង យកមកឲ្យប្រពន្ធលេបព្យាបាល ហើយជួនកាលប្រពន្ធអត់ព្រមលេបថ្នាំ គាត់បានយកថ្នាំលាយជាមួយបាយឲ្យហូបទៀត ក៏មានដែរ ព្រោះតែចង់ឲ្យប្រពន្ធជា ប៉ុន្តែទោះបីជាខំព្យបាលយ៉ាងណា ក៏មិនជាទាល់តែសោះ មិនតែប៉ុណ្ណោះ កន្លងមកគាត់ និងកូនៗបានសម្រេចចិត្តទាំងការលំបាកបំផុត ដាក់ច្រវាក់ជើង និងចាក់សោឲ្យប្រពន្ធនៅតែក្នុងផ្ទះប៉ុណ្ណោះ ជាពិសេសនៅពេលយប់ ព្រោះមានការព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ខ្លាចដើរទៅណាបាត់ ហើយក៏ខ្លាចគាត់ដើរអុកឡុកអ្នកដទៃ ផងដែរ ។
បុរសរូបនោះ បាននិយាយបន្តទៀតថា ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់បានឃើញប្រពន្ធហាកមានភាពប្រក្រតីឡើងវិញ ដោយនិយាយស្ដីដឹងខុសត្រូវជាងមុន ហើយក៏ចេះរៀបចំផ្ទះសម្បែងថែមទៀត ទើបគាត់ និងកូនៗមានការត្រេកអរថា ប្រពន្ធជាហើយ ទើបសម្រេចដោះច្រវាក់ចេញ ហើយក៏មិនដាក់ឲ្យនៅក្នុងផ្ទះទៀតដែរ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រពន្ធដើរបាត់ពីផ្ទះ រយៈពេល១ព្រឹក លុះដល់ថ្ងៃត្រង់ ស្រាប់តែមានអ្នកភូមិប្រទះឃើញប្រពន្ធគាត់ដេកស្លា.ប់នៅចំណុចខាងលើ ទើបប្រាប់ឲ្យគាត់ដឹង បង្កការភ្ញាក់ផ្អើលតែម្ដង ។
អ្នកភូមិបាននិយាយថា ពុំមាននរណាបានដឹងថា ស្ត្រីរូបនោះស្លា.ប់ដោយអំពើឃា.តកម្ម ឬឡើងដើមត្នោតហើយធ្លាក់ស្លា.ប់ ឬក៏បណ្ដាលមកពីមូលហេតុអ្វីផ្សេងទៀតនោះឡើយ ក្រោយពីប្រទះឃើញស.ព ក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ