លើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំស្រូវសែនក្រអូប ខណៈកំពុងមានទីផ្សារនិង តម្លៃខ្ពស់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យនាំគ្នាងាក់មកដាំដំណាំស្រូវពូជសែនក្រអូបឡើងវិញ គ្រាដែលពូជស្រូវនេះមានទីផ្សារល្អនិងមានតំលៃខ្ពស់។ការលើកទឹកចិត្តដល់ប្រជាកសិករនេះធ្វើឡើង គ្រាលដែលឯកឧត្តមដឹកនាំក្រុមការងារនិងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការប្រមូលផលស្រូវស្រាល ស្រូវកណ្តាលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ស្រូវសែនក្រអូបគឺជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកន្លងមកប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍ក្នុងការដាំដុះប្រភេទស្រូវនេះនោះទេ បែរជានាំគ្នាដាំដុះស្រូវនាំចូលពីបរទេសទៅវិញ។ស្រូវសែនក្រអូបដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នស្រូវសើមមានតំលៃប្រមាណ១៤០០រៀលក្នុងមួយគីឡូឬអាចលើសពីនេះ គ្រាដែលស្រូវបងប្អូនប្រជាកសិករនិយមធ្វើសព្វថ្ងៃមានតំលៃចន្លោះពី៨០០ទៅ១០០០រៀលឬលើសពីនេះតិចតួចប៉ុណ្ណោះ ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដោយបញ្ជាក់ថា ពាក់ព័ន្ធនិងវិស័យស្រូវអង្ករនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្មនិងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង។ហើយជាងនេះទៅទៀត សម្តេចក៏បាននិងកំពុងពង្រីកវិសាលភាពនិងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជាដោយបានបន្តចែកចាយនិងនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ។

ក្នុងជំនួបជាមួយបងប្អូនប្រជាកសិករឯកឧត្តម ជាម ចន្ទ័សោភ័ណ ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព គ្រាដែលបច្ចុប្បន្នទីផ្សារបន្លែបាននិងកំពុងទទួលបានការចាប់អារម្មណ៍និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាម ហើយចំពោះតំលៃក៏ខ្ពស់ផងដែរ ដែលការណ៍នេះអាចជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិតថែមទៀត។

លោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថា ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះគឺបានទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះនូវឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវនិងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទិន្នផលស្រូវគឺក្នុងមួយហិកតាទទួលបានជាង៣តោន និងតំលៃស្រូវដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែគឺជិត១៤០០រៀលក្នុងមួយគីឡូក្រាមផងដែរ ៕











ចែករំលែកព័តមាននេះ