ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ថ្លែងការណ៍​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា សម្តែង​នូវ​កា​រខក​ចិត្តជា​ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ជា​ការ​យល់​ច្រឡំ និង​មាន​ភាព​លម្អៀង…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា សម្តែង​នូវ​កា​រខក​ចិត្តជា​ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ជា​ការ​យល់​ច្រឡំ និង​មាន​ភាព​លម្អៀង ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត និង​របាយការណ៍​តែ​ម្ខាង នេះ​បើ​តាម
សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ការ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​នេះ បាន​ប៉ះពាល់​ដល់​កិច្ច ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​កម្ពុជា ក្នុង​ការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស ព្រមទាំង​គោលការណ៍ ប្រជាធិបតេយ្យ ។

ការ​អំពាវនាវ​នៅ​ក្នុង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​នយោបាយ សកម្មជន និង​អ្នក​សារព័ត៌មាន ពុំ​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត នៅ​កម្ពុជា នោះ​ឡើយ​។ នៅ​កម្ពុជា មិន​ទាន់​មាន​អ្នកទោស​នយោបាយ​នោះ​ទេ​។ ការ​លើក​ឡើង ដែល​ថា អាជ្ញាធរ​កំពុង​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​ជា​វិធី ​ដើម្បី​បំបិទមាត់ សង្គម​ស៊ី​វិល​នោះ ​គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។ ចំណាត់ការ​ផ្លូវច្បាប់​កន្លង​មក ​គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ នីតិវិធីតុលាការ ស្រប​តាម​ធាតុ​ផ្សំ​ នៃ​បទល្មើស​ក្នុង​គោលបំណង​រក្សា សណ្តាប់ធ្នាប់​សាធារណៈ និង​គណនេយ្យ​ភាព សង្គម​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ច្បាប់​ ។

លំហ​នយោបាយ​ និង​សង្គម​ស៊ី​វិល គឺ​មាន​លក្ខណៈ​សេរី និង​បើកចំហ ដែល​មិន​អាច​ប្រកែក​បាន តាម​រយៈវត្តមាន​ដ៏​ច្រើន ​នៃ​អង្គការ​សង្គម​ស៊ី​វិល (CSOs) មាន​ចំនួន​រហូត​ជាង​៦,០០០ ដែល​បាន​ចុះបញ្ជី​ និង​បណ្តាញផ្សព្វផ្សាយ​បែប​ប្រពៃណី​ និង​ឌី​ជី​ថ​ល​ជិត ២,០០០ រួម​ទាំង​បណ្តាញសារព័ត៌មាន​សំខាន់​ៗ របស់​អន្តរជាតិ​ផង​ដែរ បាន​និង​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ហាមឃាត់ ត្រួតពិនិត្យ ឬ​គាបសង្កត់​នោះ​ឡើយ​។

ថ្លែងការណ៍​ បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​កំពុង​ខិតខំ ប្រឹងប្រែង ​និង​ទទួល​បាន​នូវ​វឌ្ឍនភាព​យ៉ាងច្រើន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អង្គការ​សង្គម​ស៊ី​វិល កំពុង​ជួប​ប្រទះ ដោយ​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ ក្នុង​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល ​និង​សង្គម ស៊ី​វិល តាម​រយៈ ការ​បង្កើត​ឱ្យ​មាននូវ​វេទិកា​ពិគ្រោះ​យោបល់ រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល ដែល​បាន​រៀបចំ​ធ្វើ​ឡើងជាប្រចាំ​នៅ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង នៅ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ក្រុមការងារ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី «​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»​បាន​កំពុង​ដំណើរ​យ៉ាង​សកម្ម​តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ី​វិល ​។

ការ​បោះ​ឆ្នោត នៅ​កម្ពុជា​ បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជាស​កល​ និង​អ​សកល​ជា​ទៀងទាត់​តាម​ច្បាប់​កំណត់ ដោយ​លក្ខណៈ​សេរី តម្លាភាព និង​យុត្តិធម៌​។ ការ​បោះ​ឆ្នោត​ជាស​កល​នៅ​ឆ្នាំ ២០២៣ មាន​កំណត់​ត្រា​អ្នកបោះឆ្នោត ខ្ពស់ ដែល​មាន​ចំនួន ៨៤.៥៩% ហើយ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន ១៨ គណបក្ស​។ ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​វាយតម្លៃ​ជា​ទូទៅ​ថា ​មាន​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​អ្នក​សង្កេត​-ការណ៍​ក្នុងស្រុក និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន ៣៣៣នាក់ ​មក​ពី​បរទេស​តំណាង​ឱ្យ ៦៥ ប្រទេស​ ។

ប្រភព​បាន​អះអាង​ថា​ ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ ភាគច្រើន​នៃ​ទណ្ឌិត ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឱ្យ​មានការ​បះបោរ នៅ​ក្នុង​ប្រទេស កាលពី​កន្លង​មកនេះ ត្រូវ​បាន​ដោះ​លែង និង​លើកលែង​បម្រាម​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់ ពួក​គេ ហើយ​អ្នក​ទាំងនោះ​បាន​វិល​មក​ចូលរួម​សកម្មភាព​នយោបាយ​យ៉ាង​ពេញលេញ​វិញ ដោយ​អ្នកខ្លះ​បាន បង្កើត​គណបក្ស​នយោបាយ​និង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត នានា ដោយ​សេរី​និង​ស្មើភាព​ ។

សិទ្ធិ​បង្កើត​សហជីព និង​សមាគម​និយោជក – គិត​ត្រឹម​ខែមីនា ឆ្នាំ ២០២៤ អង្គការ​វិជ្ជាជីវៈ​ចំនួន ៦,៣១៧ រួម​ទាំង សមាគម សហជីព​ក្នុងស្រុក​ចំនួន​៥,៩៨៣ សហព័ន្ធ​សហជីព​ចំនួន ២៨០ សម្ព័ន្ធ​សហព័ន្ធ​សហជីព ចំនួន ៤២ និង​សមាគម​និយោជក​ចំនួន ១២​ត្រូវ​បាន​ចុះបញ្ជី​។ បើ​ធៀប​នឹង​ចំនួន​អង្គការ​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ ២០១៦ ចំនួន​នេះ​មានការ​កើនឡើង ៧៤.២១% ដែល​ជា​សក្ខីភាព​មិន​អាច​ប្រកែក​បាន​ថា ការ​អនុវត្ត​សេរីភាព ក្នុង​ការ បង្កើត​សមាគម​ក្រោម​ច្បាប់ ស្តី​ពី​សហជីព​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​បរិយាកាស​អំណោយផល​និង​ស្រប​តាម​អនុសញ្ញា របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)​។

ជាមួយ​គ្នា​នោះ​ដែរ​ថ្លែងការណ៍​ក៏​បាន​លើក​ឡើង​ថា​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​របស់ ILO (ILO BFC) – កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​អនុវត្ត គម្រោង​របស់ ILO ដែល​ទទួល​បាន​ជោគជ័យ​បំផុត ដែល​ឥឡូវនេះ​ត្រូវ​បាន​ចម្លង​ទៅ​ប្រើ​នៅ​ប្រទេស​ផ្សេង​ទៀត ដោយ​ដាក់​ឈ្មោះ​ថា «​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​» (Better Work Program)​។ តាម​របាយការណ៍​ចុង​ក្រោយ របស់​ILO កម្ពុជា​រក្សា​បាន​នូវ​អត្រា​ការងារ​ខ្ពស់​នៃ​កម្លាំង​ពលកម្ម​សរុប​ហើយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​មាន​កម្រិត ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​មាន​កម្រិត​កំណើនសេដ្ឋកិច្ច​ប្រហាក់ប្រហែល​គ្នា និង​ទាប​ជាង​ប្រទេស​ដទៃ​ទៀត នៅ​ក្នុង​តំបន់​។ ភាព​ជោគជ័យ​របស់​កម្ពុជា រួម​មាន​៖ ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ ដែល​មាន​ភាព​ធន់ និង​ប្រាក់ ចំណូល​ខ្ពស់ សម្រាប់​អ្នក​ដែល​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​សុខុមាលភាព របស់​កម្មករ​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ ។

ថ្លែង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ទៀត​ថា​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជិត​ស្និទ្ធ និង​ភាព​ជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​សហភាព អឺរ៉ុប ដោយ​ផ្អែក​លើ​តម្លៃ​រួម ការ​យោគយល់​គ្នា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​យើង​សូម​អញ្ជើញ សមាជិក​សភា​អឺរ៉ុប ដែល​ពាក់ព័ន្ធ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​និង​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី ស្វែង​យល់​អំពី​លំហ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ ។

រដ្ឋសភា​កម្ពុជា សូម​បញ្ជាក់​សា​ជា​ថ្មី​ដល់​សហគមន៍​អន្តរជាតិ​ថា ការ​លើកកម្ពស់ និងការ​ការពារ សិទ្ធិ​មនុស្ស នៅ​តែ​ជា​អាទិភាព​នៃ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​និង​បាន​ប្តេជ្ញា​ការពារ​សិទ្ធិ​របស់​បុគ្គល គ្រប់​រូប​ក្នុង​ក្របខ័ណ្ឌ​នៃ​នីតិរដ្ឋ​។ ជាង​នេះ​ទៅ​ទៀត រដ្ឋសភា​លើកទឹកចិត្ត​យ៉ាង​ខ្លាំង ដល់​សមាជិក​សភា​អឺរ៉ុប ដែល បាន​ដាក់​ស្នើ​ញត្តិ​ឱ្យ​មាន​សេចក្តី​សម្រេចចិត្ត​នេះ សូម​មេត្តា​ពិចារណា​ឡើង​វិញ នូវ​ទស្សនៈ​របស់​ខ្លួន ហើយ​ធ្វើការ វាយតម្លៃ​ប្រកបដោយ​សុភ​វិនិច្ឆ័យ តាម​ការ​ពិត​ជាក់ស្តែង និង​មិន​លម្អៀង​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​លើកកម្ពស់​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ