ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ​សំណាលជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម លើកទី១២

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀល​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

ភ្នំពេញ៖ នៅរសៀល​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាល ក៏ដូចជា​ផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេល​ដែលពួកគាត់ ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នាពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ( ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លី​ខាងមុខ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វី ដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ASEAN GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនី​ជនមានពិការភាពទាំងអស់ ដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជា​ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការ​ខិត​ខំប្រឹងប្រែងរបស់បងប្អូនជនពិការភាពទាំងអស់ មិនមែនគ្រាន់តែជាប្រធាន សម្រាប់ការ​ប្រកួតនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។

សម្តេចតេជោ បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជាទាំងអស់ នឹង​ទទួល​បានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នាពេលឆាប់ៗ​ខាងមុខនេះ​។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះ កម្ពុជា​ចាយ មិនអស់នោះទេ ពាក់ព័ន្ធ​នឹងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នេះ។

សម្តេច​បន្តទៀតថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ​នៃការយកចិត្តទុកដាក់​របស់ថ្នាក់​ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗជាច្រើនលើពិភពលោក ដូចជា CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនានាជាច្រើនទៀត ដែលបានផ្សព្វផ្សាយ​ល្អពីកម្ពុជា។

សម្តេចតេជោ ក៏បានឱ្យគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍​រៀបចំឆ្លាក់ទុក​នូវព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៅវិមានឈ្នះឈ្នះ ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំអោយបណ្តាញសារព័ត៌មានក្នុងស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡា​អាស៊ានប៉ារ៉ាហ្គេម ឱ្យបានផុសផុល ដូចព្រឹត្តិការណ៍​ស៊ីហ្គេមដែរ។

សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ ប្រឹងប្រែង​នៅក្នុងការប្រកួត​ទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយ​មានការ​អត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។

សម្តេចតេជោ ក៏បានផ្ដាំដល់អត្តពលិកប្រកួតក្នុងព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេមទាំងអស់ ត្រូវចង់ចាំថា ខ្លួនប្រកួតតំណាងឱ្យប្រជាជន ១៧លាននាក់ នៅពីក្រោយខ្នង ដូច្នេះត្រូវខិតខំ​ប្រកួតឱ្យអស់​ពីសមត្ថភាព ដោយគោរពឱ្យបានត្រឹមត្រូវ​ទៅតាមលក្ខខ័ណ្ឌនៃការប្រកួត។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ក្នុងម្នាក់ៗ ទទួលបាន ៥០០ដុល្លារ ជាការលើកទឹកចិត្ត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនី​ទាំងអស់ អោយទទួលបាន​ជោគជ័យ​ក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខ​សេចក្តីចម្រើនគ្រប់ៗគ្នា៕