រាជធានីភ្នំពេញ ៖ នៅក្នុងពេលដែលសមត្ថភាពរបស់កងកម្លាំងសមត្ថកិច្ចកម្ពុជានៅតែបន្តមានកម្រិតលំហសមុទ្រ កម្ពុជានៅតែជាច្រកបទល្មើសផ្សេងៗកើតមាននៅក្នុងប្រទេសកម្ពុជា ដូច្នេះកម្ពុជាចាំបាច់ត្រូវតែពង្រឹងសមត្ថភាពកងកម្លាំង និងពង្រឹងប្រសិទ្ធភាពការពារបទល្មើសនានានៅលំហសមុទ្រ ។
នៅពេលនេះគេដឹងថា បទល្មើសដែលអាចនឹងកើតមានយ៉ាងងាយស្រួលនៅដែនសមុទ្រកម្ពុជា គឺជាបទល្មើសជលផលការរត់ពន្ធទំនិញ ច្រកឧក្រិ.ដ្ឋជនជួញដូរមនុស្ស ភេវរកម្ម ហើយក៏អាចនឹងកើតមាន ទាំងបទល្មើសសេដ្ឋកិច្ច ដូចជា ករណីលាងលុយ ព្រមទាំងសកម្មភាពខុសច្បាប់ជាច្រើនទៀតទាំងបទល្មើសឆ្លងកាត់ព្រំដែន និងបទល្មើសដែលអាចកើតមាននៅក្នុងទឹកដីនៃប្រទេសកម្ពុជាផ្ទាល់ ដោយសារតែមកដល់ពេលនេះ សមត្ថភាពរបស់សមត្ថកិច្ចការពារលំហសមុទ្រកម្ពុជាហាក់នៅមានកម្រិតដែលទាមទារការធ្វើទំនើបកម្ម និងបំពាក់ឧបករណ៍ទំនើបៗជាច្រើនប្រភេទ ។
មកដល់ពេលនេះគេដឹងថា ឆ្នេរសមុទ្រកម្ពុជាដែលអូសបន្លាយប្រមាណជា៤៤០ គីឡូម៉ែត្រចាប់ពីខេត្តកោះកុង ខេត្តព្រះសីហនុ កំពត និងកែប គឺមានទំហំ១៧.៨០០ គីឡូម៉ែត្រក្រឡា ហើយលំហសមុទ្រដែលស្ថិតនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ កម្ពុជាទំហំប្រមាណជា ៤២.០០០ គីឡូម៉ែត្រក្រឡា ដោយមានកោះសរុបប្រមាណជាជាង ៦០កោះ ។
ផ្អែកតាមតួរលេខនេះ លំហសមុទ្រកម្ពុជាមិនសូវធំល្វឹងល្វើយដូចជា បណ្តាប្រទេសនានានៅលើពិភពលោកទេ ប៉ុន្តែសមត្ថភាពការពារ និងធានាសន្តិសុខនៅលំហសមុទ្រកម្ពុជានៅមានកម្រិត ប្រសិនបើប្រៀបធៀបនឹងប្រទេសជិតខាងដែលកំពុងតែមានព្រំដែនទឹកជាប់គ្នានៅឈូងសមុទ្រថៃ ។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅលំហសមុទ្រនេះដែរ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានកត់សម្គាល់អំពីបញ្ហានេះដែរ ហើយបានបញ្ជាក់ថា កម្ពុជាកំពុងតែពង្រឹងយកចិត្តទុកដាក់នៅលើចំណុចឆកល្វែងនេះ ។
ថ្លែងនៅពេលចូលរួមប្រជុំពិភាក្សាអំពីផែនការបង្កើនការប្រយុទ្ធប្រឆាំងលើអំពើជួញដូរមនុស្ស កាលពីពេលថ្មីៗនេះ សម្តេចបានកត់សម្គាល់ថាឈរលើការងារដ៏មានសារៈសំខាន់នេះដែរ យើងក៏នឹងបន្តពិនិត្យ វា.យតម្លៃលើសំណុំរឿងដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធី ប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែននៅតាមច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានជនជាតិរបស់ខ្លួន ប្រកាសថា ជាជនរងគ្រោះហើយស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ អង្កេត និងបង្ក្រាបឲ្យបាននូវមេខ្លោងខ្សែរយៈបណ្តាញមានអង្គការចាត់តាំងដែលធ្វើការអូសទាញ ឬក៏បញ្ឆោតជនបរទេសឲ្យឆ្លងដែនដោយស្របច្បាប់ និងមិនស្របច្បាប់ចូលមកកម្ពុជាធ្វើការងារដោយខុសច្បាប់ ។
ក្រៅពីនោះ សមត្ថកិច្ចប៉ូលិស នៅពេលនេះកម្ពុជាក៏កំពុងតែរៀបចំខ្លួនដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹកផងដែរ ខណៈដែលមកដល់ពេលនេះសមត្ថភាពកងទ័ពជើងទឹកយើងនៅខ្វះខាត និងទាមទារការបំពាក់សម្ភារៈ និងឧបករណ៍យោធាទំនើបៗជាច្រើនទៀត ។ នៅលើការងារបង្ក្រាបការរត់ពន្ធ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចផ្សេងៗ នៅពេលនេះ គយកម្ពុជាមាននាវាប្រដេញដែរហើយ ដោយមានជំនួយពីប្រទេសជប៉ុន ប៉ុន្តែចំនួន និងសមត្ថភាពរបស់ជំនាញក៏មិនគ្រាប់គ្រាន់ដែរ ដើម្បីឆ្លើយតបនឹងក្រុមឧក្រិ.ដ្ឋជន និងអ្នកដែលឆ្លៀត ឱកាសនានា ។
សរុបមកវិញ ដើម្បីរិតបន្តឹង និងធានាសុវត្ថិភាព និងសន្តិសុខនៅលំហសមុទ្រកម្ពុជាបានពេញលេញមានតែការធ្វើទំនើបកម្ម និងបំពាក់សម្ភា រៈបច្ចេកទេសខាងគ្រប់គ្រងលំហសមុទ្រ នៅក្នុងប្រទេសបន្ថែមទៀត ទេបានអាចទៅរួច បើមិនដូច្នេះទេ យើងព្រួយបារម្ភថា លំហសមុទ្រកម្ពុជា គឺជាមាត់ច្រកនៃឧក្រិ.ដ្ឋកម្មនានាចូលមកក្នុងប្រទេស ឬឆ្លងកាត់កម្ពុជាទៅប្រទេសទី៣ ដែលនាំអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេសកម្ពុជា ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ