ការចិញ្ចឹមពពួកសត្វនៅក្នុងស្រុកនៅកម្ពុជា កំពុងតែមាននិន្នាការកើនឡើង ហើយប្រភេទសត្វចិញ្ចឹមដែលពលរដ្ឋយកមកចិញ្ចឹមក៏កាន់តែមានច្រើនប្រភេទ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលចិញ្ចឹមដាច់ខាតត្រូវតែយល់ដឹងពីបញ្ហា និងទំនួលខុសត្រូវ ដែលគួរតែដឹង និងគោរព ដើម្បីកុំអោយពពួកសត្វចិញ្ចឹមទាំងនោះបង្កបញ្ហាឬរំលោ.ភបំពានទៅអ្នកដទៃ ។…
ការចិញ្ចឹមពពួកសត្វនៅក្នុងស្រុកនៅកម្ពុជា កំពុងតែមាននិន្នាការកើនឡើង ហើយប្រភេទសត្វចិញ្ចឹមដែលពលរដ្ឋយកមកចិញ្ចឹមក៏កាន់តែមានច្រើនប្រភេទ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលចិញ្ចឹមដាច់ខាតត្រូវតែយល់ដឹងពីបញ្ហា និងទំនួលខុសត្រូវ ដែលគួរតែដឹង និងគោរព ដើម្បីកុំអោយពពួកសត្វចិញ្ចឹមទាំងនោះបង្កបញ្ហាឬរំលោ.ភបំពានទៅអ្នកដទៃ ។

សេចក្តីស្រលាញ់ហើយចិញ្ចឹមពពួកសត្វចិញ្ចឹមទាំងនោះមិនខុសនោះទេ ហើយក៏ជាសិទ្ធិរបស់យើងម្នាក់ៗ ប៉ុន្តែកុំភ្លេចថា សេចក្តីស្រលាញ់នោះក៏គួរតែមានព្រំដែន ហើយនិងត្រូវការនូវទំនួលខុសត្រូវដ៏ពិតប្រាកដ ។ បើមិនដូច្នេះទេ វាអាចនឹងបង្កបញ្ហាជាច្រើនជាមួយនឹងអ្នកជិតខាង និងអ្នកនៅជុំវិញខ្លួនយើង ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទំនោរនៃការនិយមស្រលាញ់ និងចិញ្ចឹមសត្វ គឺកើនឡើងជានិច្ច ដោយនៅពេលនេះសត្វចិញ្ចឹមដែលកំពុងតែត្រូវបានគេពេញនិយម គឺភាគច្រើន គឺឆ្កែ ឆ្មា ពពួកសត្វស្លាប ហើយក៏មានអ្នកខ្លះចិញ្ចឹមដល់ពពួកសត្វល្មូន ដូចជា បង្កួយ ពស់មួយចំនួនផងដែរ ។
ឃើញសត្វទាំងនេះរត់ឬហើរចុះ ហើរឡើង សូមកុំគិតថា វាថោកអោយសោះ ។ ពពួកសត្វទាំងនេះ សូម្បីតែឆ្កែ និងឆ្មា មានប្រភេទខ្លះតម្លៃចូលដល់ម៉ឺនដុល្លារក៏មានដែរ ។ នៅក្នុងពេលនេះ នៅក្នុងចំណោមអ្នកចិញ្ចឹមសត្វទាំងនេះ មានអ្នកខ្លះគឺបានអនុវត្តការចិញ្ចឹម ដោយការទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកជិតខាងល្អណាស់ ប៉ុន្តែគ្រាន់តែភាគរយហាក់នៅតិច បើធៀបនឹងអ្នកដែលចិញ្ចឹមទូទៅ ។

អ្នកចិញ្ចឹមសត្វភាគច្រើន នៅកម្ពុជាបានត្រឹមតែស្រលាញ់ទេ ប៉ុន្តែខ្វះការយកចិត្តទុកដាក់ខ្វះទំនួលខុសត្រូវ ហើយរហូតដល់អ្នកខ្លះទុកឲ្យសត្វទាំងនោះទៅបង្កការរំខានទៅអ្នកដទៃរំខានសាធារណៈជាពិសេសគឺអ្នកជិតខាង ហើយមិនតែប៉ុណ្ណោះ មានអ្នកខ្លះបន្ទោសអ្នកដទៃទៅវិញ ដោយសារតែសត្វចិញ្ចឹមរបស់ខ្លួនថែមទៀត ទោះបីជាសត្វចិញ្ចឹម របស់ខ្លួនបង្កបញ្ហា និងទុក្ខទោសដល់អ្នកដទៃក៏ដោយចុះ ។
មកដល់ពេលនេះ ផលរំខានដែលអាចនឹងកើតចេញពីសត្វចិញ្ចឹមមកលើអ្នកជិតខាង និងសាធារណៈ គឺការរំខានដោយសំឡេង ជាពិសេសគឺពពួកសត្វសុនខ ដោយសារតែពួកវាចូលចិត្តព្រូស ។ ការរំខានដោយក្លិន ជាពិសេស គឺសម្រាប់អ្នកដែលចិញ្ចឹមដែលខ្វះការថែទាំបណ្តាលឲ្យសត្វរស់នៅខ្វះអនាម័យ ។
ម្យ៉ាងវិញទៀត ពពួកសត្វចិញ្ចឹមខ្លះដែលម្ចាស់លែងផ្តេសផ្តាសវាអាចដើរទៅជុះនោម ឬចុះអាចម៍ ដាក់មុខ ឬក្នុងផ្ទះអ្នកជិតខាង និងតាមទីសាធារណៈ ជាពិសេស គឺសត្វឆ្កែ និងឆ្មានេះតែម្តង ។ ក្រៅពីនេះ ពពួកសត្វចិញ្ចឹមជាសត្វឆ្កែនិងសត្វឆ្មានេះទៀតសោត ប្រសិនបើម្ចាស់មិនបានគ្រប់គ្រងដិតដល់វាអាចចេញទៅទីវាលខាំគេខាំបង្ករបួសស្នាម ហើយវាក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ ជាពិសេស គឺម៉ូតូ និងកង់ ហើយនៅពេលខ្លះក៏អាចប៉ះពាល់ ដល់រថយន្តផងដែរ ។

ទន្ទឹមនឹងនោះដែរ ពពួកសត្វចិញ្ចឹមទាំងនេះ នៅក្នុងករណីយើងមិនបានមើលថែគ្រប់គ្រាន់ទេនោះ វាក៏អាចឆ្លងមេរោគដែលអាចចម្លងមកមនុស្សតាមរយៈរោម តាមរយៈលាមក និងទឹកនោមរបស់វាមកយើងជាម្ចាស់ និងអ្នកដទៃនៅជិតខាង ហើយជាពិសេស គឺវាគឺជាប្រភពនៃជំងឺឆ្កែឆ្កួត ដែលមកដល់ពេលនេះគេមិនអាចព្យាបាលបានឡើយ ប្រសិនបើវាឆ្លងមេរោគហើយវិវត្តន៍ទៅជាជំងឺនោះ ។
សរុបមកវិញ ប្រសិនបើយើងស្រលាញ់សត្វចិញ្ចឹម ហើយសម្រេចចិត្តចិញ្ចឹមវា គឺត្រូវតែចិញ្ចឹមពពួកសត្វទាំងនោះដោយទទួលខុសត្រូវ ។ កុំស្រលាញ់បានតែស្រលាញ់ ហើយទុកពួកវាចោលដោយគ្មានការទទួលខុសត្រូវ ។ ត្រូវចាំថា ការស្រលាញ់ និងចិញ្ចឹមពួកវាដោយគ្មានទំនួល ខុសត្រូវ វាអាចនឹងបង្កទំនាស់ជាមួយនឹងអ្នកជិតខាង ៕ ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ