រាជធានីភ្នំពេញ ៖ បន្ទប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម (សមាជិក១១ប្រទេស) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងជាទីមោទនៈសម្រាប់ប្រជាជាតិ កាលពីយប់ថ្ងៃពុធទី១៧ ខែឧសភា ឆ្នាំ២០២៣នោះ ប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយទៀត គឺកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ Asian Youth Games (សមាជិកប្រមាណ ៤៥ប្រទេស) ក្រោយពីប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលចូលរួមពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាង៤០ប្រទេស ទាំងអស់គ្នាបានអបអរសាទរកម្ពុជាក្នុងការទទួលបានសិទ្ធជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ជាមួយនិងការមើលឃើញពីការរីកចម្រើនលើវិស័យកីឡា ។
ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីដែលចូលរួមក្នុងមហាសន្និបាត នឹងប្រើប្រាស់ធនធានយុវជនដែលជាអត្តពលិកអាយុក្រោម១៨ឆ្នាំ មកពីបណ្ដារប្រទេសក្នុងតំបន់អាស៊ីចំនួន៤៥ ក្នុងនោះអត្តពលិកប្រមាណជិត ៣០០០ នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមការប្រកួតប្រជែងក្នុងកីឡាចំនួន១៨ នៅក្នុងព្រឹត្តិការណ៍ “ ប្រកួតកីឡាយុវជនអាស៊ី ” នៅកម្ពុជា។ ដែលនេះជាសំណាងរបស់យុវជន និងប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិពេញមុខពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី ដែលត្រូវបានគេស្គាល់ថា AYG គឺជាព្រឹត្តិការណ៍ពហុកីឡាដែលរៀបចំឡើងរៀងរាល់បួនឆ្នាំម្តង ក្នុងចំណោមអត្តពលិកជិត ៣០០០ នាក់ មកពី៤៥ប្រទេស ជុំវិញទ្វីបអាស៊ីចូលរួម។ ខណៈការប្រកួតលើកទីមួយក្នុងឆ្នាំ២០០៩ ធ្វើឡើងនៅប្រទេសសិង្ហបុរី លើកទី២ ឆ្នាំ២០១៣ នៅណានជីង ប្រទេសចិន លើកទី៣ ឆ្នាំ២០១៧ ត្រូវបានខកខានតែគ្រោងនឹងរៀបចំឡើងវិញនៅប្រទេសអ៊ូបេគីស្ថាននាឆ្នាំ២០២៥ លើកទី៤ ឆ្នាំ២០២១គ្រោងធ្វើនៅទីក្រុង សានថូវ(Shantou) ប្រទេសចិន តែត្រូវពន្យារពេលមកធ្វើនៅឆ្នាំ២០២២ វិញដោយសារវិបត្តិកូវីដ-១៩ និងលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នឹងធ្វើឡើងក្នុងប្រទេសកម្ពុជាដែលទើបតែបិទបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games សមាជិក១១ប្រទេស) ប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។
Asian Youth Games ត្រូវបានគេពណ៌នាថា ជាព្រឹត្តិការណ៍ពហុកីឡាធំជាងគេ លំដាប់ទីពីរ បន្ទាប់ពី Asian Games (សមាជិក៤៥ប្រទេស) ៕
ចែករំលែកព័តមាននេះ