រាជធានីភ្នំពេញ ៖ គណបក្សភ្លើងទៀនដែលគេមើលឃើញថា ជាគណបក្សប្រឆាំងមួយនៅកម្ពុជាបានចេញសារលិខិតមួយចូលរួមអបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ។
យោងតាមសារលិខិតអបអរសាទររបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា គណបក្សភ្លើងទៀន មានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះមោទនភាពជាតិនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ។
គណបក្សភ្លើងទៀន ដែលថ្មីៗនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបដិសេធសំណើសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត នាខែកក្កដាខាងមុខ ដោយមិនបានបំពេញតាមលក្ខខណ្ឌតម្រូវមួយចំនួននោះបានសរសេរបន្តថា គណបក្សសូមសម្ដែងនូវការកោតសរសើរ និងអំណរគុណចំពោះភ្ញៀវជាតិ-អន្តរជាតិ និងកីឡាករ-កីឡាការិនីទាំងអស់ដែលបានចូលរួមលើកស្ទួយវិស័យកីឡាដែលបង្ហាញអំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកីឡាករជាតិ-អន្តរជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ ។
គណបក្សភ្លើងទៀនក៏បានពោលថា«គណបក្សភ្លើងទៀន សូមសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ និងជាទីមោទន» ។
ឆ្លៀតក្នុងឱកាសដ៏មហោឡាឫកនេះ គណបក្សភ្លើងទៀន សូមប្រសិទ្ធិពរជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីគ្រប់លំដាប់ថ្នាក់ កីឡាករ-កីឡាការិនី និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមរម្លឹកផងដែរថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែឧសភានេះ គ.ជ.ប បញ្ជាក់ថា ៖ «បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥មណ្ឌល រាជធានីខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម» ។
យ៉ាងណាមិញ គណបក្សភ្លើងទៀននៅថ្ងៃបន្ទាប់បានរៀបចំសន្និសិទ្ធកាសែតមួយប្រកាសថា គណបក្សខ្លួនមិនអាចទទួលយកបានឡើយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនចុះបញ្ជីគណបក្សជំទាស់ដ៏ធំមួយនេះ ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្របាន ។
គណបក្សភ្លើងទៀន ប្រកាសថា នឹងប្តឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នសម្រេចចុងក្រោយ ដើម្បីថា តើគណបក្សមួយនេះអាចចូលរួមការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានឬយ៉ាងណា ?៕
ចែករំលែកព័តមាននេះ