ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វី? ជប៉ុនដាក់រនាំងសំណាញ់ដ៏ធំបាំងកន្លែងពេញនិយមបំផុត ថតរូបដ៏ស្រស់ស្អាតនៃភ្នំហ្វូជី

2 អាទិត្យ មុន

ប្រទេសជប៉ុន ៖ រនាំងសំណាញ់ពណ៌ខ្មៅដ៏ធំមួយ នឹងត្រូវដំឡើងដោយអាជ្ញាធរជប៉ុន នៅកន្លែង

ប្រទេសជប៉ុន ៖ រនាំងសំណាញ់ពណ៌ខ្មៅដ៏ធំមួយ នឹងត្រូវដំឡើងដោយអាជ្ញាធរជប៉ុន នៅកន្លែងថតរូបដ៏ពេញនិយមបំផុតមួយ ដើម្បីបាំងទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំហ្វូជី (Fuji) ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរបរទេស។

មន្ត្រីមកពីទីក្រុង Fujikawaguchiko ខេត្តយ៉ាម៉ាណាស៊ី (Yamanashi) កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសថា ការដំឡើងរនាំងសំណាញ់មានកម្ពស់ ២.៥ម៉ែត្រ ប្រវែង ២០ម៉ែត្រ នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ រនាំងដ៏ធំនេះ នឹងត្រូវដំឡើងនៅពីមុខហាងលក់ទំនិញគ្រប់មុខ Lawson ផ្ទាល់តែម្ដង ដែលជាទីតាំងដ៏ពេញនិយមបំផុតមួយអាចមើលឃើញ ក៏ដូចជាផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំហ្វូជី។

ការធ្វើបែបនេះ កើតឡើងបន្ទាប់ពីអ្នកស្រុកបានចោទប្រកាន់ភ្ញៀវបរទេសចរបរទេសភាគច្រើន ដែលមកកន្លែងថតរូបដ៏ពេញនិយមបំផុតរបស់ទីក្រុង Fujikawaguchiko ថាបានចោលសំរាម និងចតរថយន្តគ្មានសណ្តាប់ធ្នាប់ និងខុសច្បាប់ ដើម្បីពួកគេអាចស្វែងរកទីតាំងល្អសម្រាប់ផ្តិតយករូបភាពដ៏ល្អឥតខ្ចោះនៃភ្នំហ្វូជី។ មន្ត្រីប្រចាំទីក្រុងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP យ៉ាងដូច្នេះថា «វាជារឿងគួរឱ្យសោកស្ដាយណាស់ ដែលយើងត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែអ្នកទេសចរមួយចំនួនមិនអាចគោរពច្បាប់ ដោយទុកចោលសំរាមពាសវាលពាសកាល និងមិនអើពើនឹងបទប្បញ្ញត្តិចរាចរណ៍»។

មន្ត្រីបានបន្តទៀតថា អ្នកទេសចរមិនមែនជនជាតិជប៉ុនភាគច្រើន មានចំនួនច្រើនកកកុញនៅតាមចិញ្ចើមផ្លូវក្បែរហាងទំនិញ Lawson ដូច្នេះអាជ្ញាធរឈានដល់ការបញ្ចប់អាកប្បកិរិយាមិនសមរម្យរបស់ពួកគេ ដោយអ្នកទេសចរខ្លះថែមទាំងបានឡើងទៅលើដំបូលផ្ទះ ដើម្បីអាចថតរូបដ៏ស្រស់ស្អាតនៃភ្នំហ្វូជី។ មុនពេលចាត់វិធានការដ៏តឹងរ៉ឹងបែបនេះ មន្ត្រីក៏បានដាក់ផ្លាកសញ្ញាតាមផ្លូវ និងបានអះអាងថា ការព្រមានម្ដងហើយម្ដងទៀតពីសំណាក់សន្តិសុខមិនត្រូវបានអើពើឡើយ។

រនាំងសំណាញ់ក៏នឹងត្រូវដំឡើង ដើម្បីការពារអគារពេទ្យធ្មេញក្បែរនោះ ដែលភ្ញៀវទេសចរបានចតឡានក្នុងចំណតពួកគេដោយគ្មានការអនុញ្ញាត ហើយថែមទាំងឡើងលើដំបូលអគារដើម្បីថតរូបផងដែរ។ ស្របពេលមន្ត្រីទីក្រុងបានអះអាងថា ទីក្រុងបង្ខំចិត្តដាក់ចេញវិធានការនេះ ហើយវិធានការនេះនឹងត្រូវបានដកចេញវិញ នៅពេលដែលស្ថានភាពល្អប្រសើរឡើងវិញ។

បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងរីករាយនឹងការរីកចម្រើនផ្នែកទេសចរណ៍ បន្ទាប់ពីការដកការរឹតបណ្ដឹងការធ្វើដំណើរ ក្រោយការរីករាលដាលជំងឺកូវីដ១៩ បូករួមនឹងការជំរុញដោយរដ្ឋាភិបាល ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន ហើយជាលើកដំបូងមិនធ្លាប់មានក្នុងខែមីនាកន្លងទៅ ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសជប៉ុន បានកើនឡើងដល់ទៅ៣លាននាក់ ប៉ុន្តែចំនួនភ្ញៀវទេសចរកើនឡើងក៏បានបង្កបញ្ហាមួយចំនួនផងដែរ។ តួយ៉ាង ការកកស្ទះនៅលើភ្នំហ្វូជី ដែលបង្កឡើងដោយអ្នកឡើងភ្នំមានន័យថា ចាប់ពីរដូវក្ដៅនេះ អ្នកឡើងភ្នំនឹងត្រូវបង់ប្រាក់១៣ដុល្លារក្នុងម្នាក់ ចំពេលដែលអាជ្ញាធរកំពុងព្យាយាមកំណត់ចំនួនដែលកើនឡើង ក៏ដូចជាជួយសម្រួលដល់ការកកស្ទះ។

មន្ត្រីម្នាក់លើកឡើងថា ការកកស្ទះនៅលើផ្លូវឡើងភ្នំហ្វូជីកម្ពស់ ៣,៧៧៦ម៉ែត្រ ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន បាននាំឱ្យមានការរងរបួសកាន់តែច្រើន និងសំរាមពាសពេញផ្លូវ ដែលនេះមិនសំដៅលើអ្នកដើរភ្នំស្លៀកពាក់មិនសមរម្យនោះទេ៕ (ប្រភព ៖ BBC និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ