កម្ពុជាបានបិទទំព័រប្រវត្តិសាស្ត្រនៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យ និងមោទនភាព។ ជាមួយការរៀបចំបានយ៉ាងល្អបំផុតហើយ កីឡាករកម្ពុជា ក៏បានបំបែកឯកត្តកម្មរបស់ខ្លួនដែលនៅក្នុងការទទួលបានមេដាយផងដែរ។
នៅក្នុងឱកាសធ្វើផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣នេះ កីឡាករកម្ពុជា បានលើកមុខមាត់ប្រទេសជាតិពីបាតតារាង មកឈរនៅក្នុងលំដាប់លើគេ។ ទោះមិនទទួលបានមេដាយច្រើនជាគេឈរលំដាប់លេខ១ ប៉ុន្តែការលំដាប់ទី៤ នៅក្នុងតារាង១១ប្រទេស ជាកិត្តិយសរបស់កម្ពុជាដ៏ធំក្នុងប្រវត្តិសាស្ត្រ។ កាលពីអតីតកាលកម្ពុជា ឈរនៅបាតតារាង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។ កាលពីឆ្នាំ១៩៩៩ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាពុំទទួលបានមេដាយអ្វីទាំងអស់ គឺស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់។
ប្រមាណជិត២០ឆ្នាំក្រោយ នៅឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយសរុបចំនួន១៧ នៅក្នុងនោះ មេដាយមាស០៣ មេដាយប្រាក់០២ និងមេដាយសំរឹទ្ធ១២។ គេនៅចាំថាកាលនោះ មេដាយមាស គឺប្រភេទកីឡា ប៉េតង់ចំនួន១ គុនខ្មែរចំនួន១ និងតេក្វាន់ដូចំនួន១។ ចំណែកមេដាយប្រាក់ គឺកម្ពុជាទទួលបានក្នុងប្រភេទកីឡាប៉េតង់តង់ចំនួន១ និងគុនខ្មែរចំនួន១។ រីឯមេដាយសំរឹទ្ធិ គឺនៅក្នុងប្រភេទកីឡាសីប៉ាតាក្រ-ឈីនឡូនចំនួន២ ប៉េតង់ចំនួន៣ តឺនីសចំនួន១ ជិះសេះចំនួន១ គុនខ្មែរចំនួន២ ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន២។
រហូតមកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២១ ពីរឆ្នាំមុនកម្ពុជា ធ្វើម្ចាស់ផ្ទះនេះ កីឡាករកម្ពុជា បានដណ្តើមមេដាយសរុបចំនួន៦៣ ក្នុងនោះមាសចំនួន៩ ប្រាក់១៣ និងសំរឹទ្ធចំនួន ៤១ មេដាយ។
គិតទៅមានតែនៅពេលធ្វើជាម្ចាស់ផ្ទះនេះប៉ុណ្ណោះដែលឈ្មោះកម្ពុជា បានឡើងទៅលើតារាង ដែលជាក្តីរំភើបរបស់ពលរដ្ឋគ្រប់រូប។ ជាមួយជោគជ័យបែបនេះ មានសំណួរថា តើវិស័យ កីឡាកម្ពុជានឹងរីកចម្រើនតទៅមុខទៀតឬយ៉ាងណា?។ តើនៅឆ្នាំ២០២៥ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃនឹងធ្វើមម្ចាស់ផ្ទះនោះ កម្ពុជានៅតែឈរលេខរៀងល្អទៀតឬយ៉ាងណា?។
ឆ្លើយសំណូរនេះ គឺមានតែការបន្តវិនិយោគរបស់រាជរដ្ឋាភិបាលឱ្យកាន់តែខ្លាំងនោះទេ ទើបវិស័យកីឡាមានការរីកចម្រើនទៅមុខ ហើយអាចរក្សាលំដាប់ល្អនៅក្នុងតារាងបាន។ ការវិនិយោគលើវិស័យកីឡា ដែលគេតែងតែឮពីខាងអ្នកជំនាញកីឡាចង់បាននាពេលកន្លងមកនោះមានដូចជា ការទទួលបានការហ្វឹកហាត់មួយប្រកបដោយគុណភាពលើប្រភេទកីឡាដែលមានស្រាប់ បន្ទាប់មកគេត្រូវពង្រីកចំនួនកីឡាករមានទាំងសមត្ថភាព និងបរិមាណ។ កសាងហេដ្ឋាចរនាសម្ព័ន្ធកីឡាឱ្យបានគ្រប់គ្រាប់ សម្រាប់ហ្វឹកហាត់ និងប្រកួតផ្តល់ការឧបត្ថម្ភជាថវិកាសម្រាប់ទ្រទ្រង់ជីវភាពកីឡាករឱ្យបានរស់នៅសមរម្យដល់កីឡាករចាស់ៗ។ ជំរុញលើកទឹកចិត្តដល់យុវជនជាទូទៅឱ្យចូលរួមលេងកីឡា បញ្ចេញទេពកោសល្យ ដើម្បីក្លាយជាកីឡាករអាជីពរបស់ជាតិ។
ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំនេះបានយ៉ាងល្អដូចដែលបានឃើញនោះ គេដឹងថា កីឡាករកម្ពុជា ទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីរដ្ឋាភិបាល ក្នុងការហ្វឹកហាត់។ កីឡាករកម្ពុជា បានទទួលការហ្វឹកហាត់នៅក្នុងស្រុកផង និងបានបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសផង។ ជាមួយគ្នានេះ កីឡាករគ្រប់ប្រភេទបានប្រមូលផ្តុំដើម្បីពង្រឹងសមត្ថភាព។ កិច្ចទាំងអស់នេះ សុទ្ធសឹងជាយន្តការល្អ មានប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណភាពកីឡា ដែលគេគួរបន្ត ធ្វើជារហូតទៅមិនត្រូវបញ្ចប់ត្រឹមស៊ីហ្គេមលើកទី៣២នេះឡើយ៕ ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ