- ភ្នំពេញ
ភ្នំពេញ៖ «ឈ្នះ ឬចាញ់ បានមេដាយឬអត់» គឺមិនសំខាន់ទេ សំខាន់ គឺកីឡាករយើងខិតខំកសាងមិត្តឱ្យបានច្រើន ។ ពោល គឺកីឡាលើសពីភាពឈ្នះ…
ភ្នំពេញ៖ «ឈ្នះ ឬចាញ់ បានមេដាយឬអត់» គឺមិនសំខាន់ទេ សំខាន់ គឺកីឡាករយើងខិតខំកសាងមិត្តឱ្យបានច្រើន ។ ពោល គឺកីឡាលើសពីភាពឈ្នះ…
ភ្នំពេញ៖ «ឈ្នះ ឬចាញ់ បានមេដាយឬអត់» គឺមិនសំខាន់ទេ សំខាន់ គឺកីឡាករយើងខិតខំកសាងមិត្តឱ្យបានច្រើន ។ ពោល គឺកីឡាលើសពីភាពឈ្នះ និងចាញ់ ហើយបើទោះជាឈ្នះ ឬចាញ់ គឺយើងនៅទីនេះគាំទ្រអ្នក ។ ទាំងនេះ គឺជាសារដ៏សំខាន់សម្រាប់កីឡាករកីឡាការិនីកម្ពុជា ដែលបាន និងកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ។
យើងត្រូវតែប្រើប្រាស់កីឡា ដើម្បីបង្ហាញពិភពលោកថា កម្ពុជា គឺជាប្រទេសដ៏ល្អមួយដែលប្រជាជនមានស្នាមញញឹមពេញផ្ទៃមុខ រាក់ទាក់ចំពោះភ្ញៀវទេសចរ និងពោរពេញដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទាំងអស់ដែលបានមកចូលរួមស៊ីហ្គេមនៅកម្ពុជា ។
ទស្សនាទានកីឡា គឺបង្កើតមកហើយមិនមែនបង្កើតសត្រូវឡើយ ។ ដូច្នេះ កម្ពុជាត្រូវប្រើប្រាស់ការប្រកួតស៊ីហហ្គេមលើក៣២នេះ ដើម្បីចងមិត្តភាពជាមួយបណ្តាប្រទេស១០ទៀត នៅក្នុងអាស៊ានអោយកាន់តែរឹងមាំ និងឈានដល់កិច្ចសហប្រតិការលើវិស័យកីឡា និងវិស័យផ្សេងៗទៀតដើម្បីប្រយោជន៍ជាតិ ។
ប៉ុន្មានឃ្លាខាងលើនេះក៏ជាសារ ដើម្បីលើកទឹកចិត្តដល់អត្តពលិកខ្មែរយើងផង និងក៏ជាសារដ៏សំខាន់ជូនដល់ប្រជាជាតិខ្មែរយើងដែលជាម្ចាស់ផ្ទះ ហើយក៏បានគាំទ្រ និងស្រឡាញ់កីឡា ដោយចង់ឃើញកីឡាករកីឡាការិនីខ្មែរគ្រប់ទម្រង់កីឡា លេងបានល្អជាងនេះ និងបានឈ្នះលើគូប្រកួតឈានទៅដណ្តើមមេដាយជូនជាតិមាតុភូមិយើង ។
ក៏ប៉ុន្តែសូមបងប្អូនជនរួមជាតិ នឹកគិតថា កីឡាមិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ ចំពោះគូប្រកួតនោះទេខ្លឹមសារធំបំផុតរបស់អត្តពលិក ឬកីឡាករកីឡាការិនី គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ ។ មួយជំហាននៃការខិតខំប្រឹងប្រែង គឺជាមួយជំហានខិតទៅរកភាពជោគជ័យ ។
សម្រាប់ពេលនេះ ពេលដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក្រោយរង់ចាំអស់ពេល៦៤ឆ្នាំមក គឺប្រជាជនកម្ពុជាគ្រប់រូបមានមោទកភាពយ៉ាងក្រៃលែងចំពោះអត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែង ស្វែងរកមេដាយជូនជាតិមាតុភូមិយើង។ ដូច្នេះយើងនៅទីនេះគាំទ្រអ្នកមិនថាជ័យជំនះ ឬបរាជ័យក៏ដោយ ។
ម្យ៉ាងវិញទៀត ទាំងកីឡាករកីឡាការិនី ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល សូមរម្លឹកខ្លួនជានិច្ចថា«ឈ្នះ ឬចាញ់ បានមេដាយ ឬអត់» គឺមិនសំខាន់ទេ ។ សំខាន់ គឺកីឡាករយើងខិតខំប្រកួតអស់ពីសមត្ថភាព និងខិតខំកសាងមិត្តឱ្យបានច្រើន ។ ដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា អំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺមានមនុស្សគ្រប់ប្រភេទមកប្រទេសកម្ពុជាទាំងល្អទាំងអាក្រក់ ប៉ុន្តែសំខាន់កម្ពុជាត្រូវបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយធ្វើយ៉ាងណាឱ្យគេឃើញរូបភាពវិជ្ជមានពីកម្ពុជា ។ ពោល គឺយើងរៀបចំព្រឹត្តិការណ៍នេះក្នុងន័យដែលកម្ពុជាយើងឈ្នះកូវីដ សេដ្ឋកិច្ចរីកចម្រើន ប្រជាជនសុខសប្បាយ និងចង់បង្ហាញឱ្យឃើញថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែបេះដូងធំទូលាយ ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីគ្រប់រូបរបស់កម្ពុជាយើងជាប្រជាជាតិខ្មែរ ជាអ្នកគាំទ្រកីឡាករខ្មែរយើងក៏ត្រូវតែយល់ឱ្យច្បាស់ពីអត្ថន័យកីឡា ហើយកុំព្យាយាមបញ្ឆេះកំហឹងរវាងអ្នកគាំទ្រ និងអ្នកគាំទ្រក៏ដូចជា រវាងអ្នកគាំទ្រ និងកីឡាករជាដើម ។ ពោល គឺអត់ធ្មត់ ហើយទោះជាកីឡាករយើងចាញ់ ឬក៏ឈ្នះក៏ជាកីឡា ។ កីឡា នាំមកនូវសុខភាព និងមិត្តភាព ។ មិនមែនកម្ពុជាយើងខិតខំរៀបចំកីឡាស៊ីហ្គេមនេះដោយចំណាយរាប់លានដុល្លារហើយបែរជានាំបញ្ហា នាំរឿងមកវិញនោះទេ ។
ប៉ុន្មានថ្ងៃនេះ មានអ្នកបំផុសយុវជនយើង ដែលគាំទ្របាល់ទះ ឱ្យស្រែក «Thai go home» ដើម្បីធ្វើឱ្យរូបភាពស៊ីហ្គេម នៅកម្ពុជា ពេលនេះ ធ្លាក់ចុះ និងអាចយករូបភាពនេះមកវា.យប្រហាររាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះទោះបីស្រឡាញ់ ឬស្អប់រាជរដ្ឋាភិបាលក្ដី ឬក៏ជនជាតិ ណាក្តី ក៏សូមខ្មែរយើងគ្រប់រូបកុំភ្លេចថា ស៊ីហ្គេមលើកទី៣២នេះ តំណាងឱ្យប្រជាជាតិកម្ពុជាទាំងមូល ។
សូមកុំភ្លេចថា កីឡាស៊ីហ្គេម គឺបង្កើតឡើងដោយប្រទេសជាសមាជិកអាស៊ាន ដែលមានព្រំដែនជាប់គ្នាទាំង១១ប្រទេស ។ អាស៊ានក៏មានគោលដៅរួមគ្នាតែមួយ ដូចនៅអឺរ៉ុបដូច្នេះដែរ ។ នៅអឺរ៉ុបសព្វថ្ងៃបានបើកព្រំដែន សឹងតែក្លាយជាប្រទេសតែមួយទៅហើយ ។ ដូច្នេះមិនមានប្រយោជន៍អ្វី ដែលកម្ពុជាយើងយកព្រឹត្តិការណ៍ស៊ីហ្គេម ដែលមានការប្រកួតប្រជែងរវាងកីឡាករកីឡាការិនី តំណាងប្រទេសអាស៊ានតែមួយ ហើយក្លាយជាជម្លោះជាតិសាសន៍នោះឡើយ ។
កីឡាយើង បានរីកចម្រើនមកដល់ប៉ុណ្ណឹង គឺជារឿងប្រសើរណាស់ហើយ ខណៈដែលរៀងរាល់ស៊ីហ្គេមម្តងៗ កន្លងមកកម្ពុជាយើង ដណ្តើមបានមេដាយតិចជាង១០០គ្រឿងទេ ។ តែសម្រាប់ស៊ីហ្គេម ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះពេលនេះ មិនទាន់ចប់ការប្រកួតផង គឺកម្ពុជាយើងទទួលបានដល់ទៅជាង១០០មេដាយ ហើយស្ថិតនៅជាប់ណ្តោះអាសន្ន ពេលនេះ ឈរនៅលេខរៀងទី២ ក្នុងចំណោម ១១ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២នេះ។
ជារួម មិនមានប្រយោជនអ្វី ដែលកម្ពុជាយើងយកព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបញ្ឆេះកំហឹងបង្កជាជម្លោះជាតិសាសន៍ ឬក៏ខឹងសម្បារលើកីឡាករកីឡាការិនីកម្ពុជាខ្លួនឯង ឬក៏កីឡាករកីឡាការិនីបរទេសនោះទេ ។ ប្រជាជនកម្ពុជា សុទ្ធសឹងជាមនុស្សល្អ ចិត្តទូលាយ និងរាក់ទាក់ ។ ពេលនេះ គេមកប្រទេសយើង ហើយលើកមុនៗ យើងទៅប្រទេសគេ និងច្បាស់ជាលើកក្រោយៗទៀត យើងក៏ទៅចូលរួមស៊ីហ្គេម នៅប្រទេសគេវិញដែរ ។ ម្តងគេ ម្តងយើង ។ បើកីឡាណាយើងអន់ខ្សោយជាងគេ យើងត្រូវប្រឹងប្រែងហើយកីឡាណាដែលយើងល្អហើយ ឈ្នះមេដាយមាសថែមទៀត ក៏យើងនៅត្រូវបន្តហ្វឹកហាត់ឱ្យកាន់តែបាន ប្រសើរថែមទៀត។ ចូរកុំភ្លេចថា ជាធម្មតា ការប្រកួតកីឡាតែងតែមានចាញ់ មានឈ្នះ ឬក៏អាចស្មើ ។ ក្នុងនោះ ក៏ត្រូវបើកចិត្តឱ្យទូលាយថា កីឡា លើសពីភាពឈ្នះ និងចាញ់៕
ចែករំលែកព័តមាននេះ