រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងខូច ក៏ហៅរថយន្តកុងតឺន័រមួយគ្រឿងទៀតមកសណ្តោងអូសឡើងលើផ្លូវរថភ្លើងបន្តិច ក៏ស្រាប់តែត្រូវមេការផ្នែករថភ្លើងឃាត់រថយន្តកុងតឺន័រ បន្ទាប់មកមេការរូបនោះទាមទារចំនួន២ពាន់ដុល្លារ តែមិនមានការខូចខាតនោះទេ។ ក្រោយមករថយន្តកុងតឺន័រមិនមានថវិកាសង មេការក៏ទាក់ទងទៅផ្នែកជំនាញអោយជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងកែងផ្លូវរថភ្លើង ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា រថយន្តកុងតឺន័រខាងលើនេះ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A- 3030 អូសសណ្តោងឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ។
បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកុងតឺន័របានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តកុងតឺន័ររបស់គាត់បានខូច ហើយក៏ហៅរថយន្តកុងតឺន័រមួយគ្រឿងទៀត ដើម្បីសណ្តោងអូសយកទៅជួសជុល។ នៅពេលអូសរថយន្តកុងតឺន័រនៅចំណុចផ្លូវរថភ្លើងនោះ ដោយសារផ្លូវតូចចង្អៀត រថយន្តក៏គាត់បានឡើងលើផ្លូវរថភ្លើងបន្តិច តែមិនមានការខូចខាតនោះទេ។
តៃកុងរថយន្តកុងតឺន័របន្តថា ខណៈពេលនោះ បុគ្គលិកបានបិទផ្លូវរថភ្លើង ហើយឃើញរាយការណ៍ទៅមេការ បន្ទាប់មកក៏បានឃាត់រថយន្តកុងតឺន័ររបស់គាត់ ដោយប្រាប់ថា «មេរបស់គាត់អោយឃាត់ ហើយទាមទារចំនួន២ពាន់ដុល្លារ» ប៉ុន្តែទីតាំងខាងលើនេះ មិនមានការខូចខាតឡើយ។ ហើយខណៈពេលមេការឃាត់រថយន្តកុងតឺន័រនោះ គឺមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថ ចុះមកទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ តែដោយមិនមានការខូចខាត ក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យជាបន្តបន្ទាប់ទៀត។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានមកដល់កន្លែងកើតហេតុ ហើយក៏ធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ តែដោយសារមិនមានការខូចខាតសោះ ទើបជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ មិនឃាត់រថយន្តកុងតឺន័រខាងលើនោះទេ៕
ចែករំលែកព័តមាននេះ