ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េផ្ដល់​ថវិការ​២​លាន​ដុល្លារ សម្រាប់​ការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​ឯកភាព លើ​កិច្ចព្រមព្រៀង អំពី​ផែនការ​អនុវត្ត​គម្រោង​លើកកម្ពស់​សមត្ថភាព​វិទ្យាស្ថាន សម្រាប់​ការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា ក្នុង​កញ្ចប់​ជំនួស​ពី​កូរ៉េ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​ឯកភាព លើ​កិច្ចព្រមព្រៀង អំពី​ផែនការ​អនុវត្ត​គម្រោង​លើកកម្ពស់​សមត្ថភាព​វិទ្យាស្ថាន សម្រាប់​ការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កម្ពុជា ក្នុង​កញ្ចប់​ជំនួស​ពី​កូរ៉េ ២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ពិធី​ចុះហត្ថលេខា​នេះ បាន​ប្រព្រឹត្ត​ទៅ​រវាង​លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក LEE Jaewang ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ការងារ ។

លោក ឡេ​ង តុង ទីប្រឹក្សា​អម​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បានឱ្យ​ដឹង​នៅ​ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ថា នេះ​ជា​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍ ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កូរ៉េ សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​ច្បាប់ ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ ។ មួយវិញទៀត​ជួយ​ដល់​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ​ផង​ដែរ ។ ដែល​គម្រោង​ខាងលើ​នេះ មាន​រយៈពេល​៣​ឆ្នាំ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

លោក​បាន​លើក​ឡើង​ទៀត​ថា ស្រប​ពេល​ដែល​កម្ពុជា មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ការងារ​កំពុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះ ឱកាស នៃ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ក៏​អាច​នឹង​មាន​ខ្ពស់ ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ក្នុង​ការ​បង្ការ ហើយ​វិធានការ​ទាំងនេះ ផ្ដោត​លើ​គោលនយោបាយ បទដ្ឋាន​គតិយុត្តិ ដែល​ត្រូវ​រៀបចំ​ឲ្យ​មានច្បាប់ ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​ការពារ​កម្មករ​និ​យោ​ជិ​ក​របស់​យើង​។ កន្លង​មក មានច្បាប់ ស្ដី​ពី ការងារ ហើយ​ផ្នែក​សុវត្ថិភាព​ការងារ គឺជា​ផ្នែក​មួយ​ក្នុង​ច្បាប់​ការងារ​នេះ ដែល​បច្ចុប្បន្ន​កំពុង​តែ​រៀបចំ​ឲ្យ​មានច្បាប់​គោល​មួយ​ដាច់​ដោយឡែក អំពី​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ ។

លោក​គូសបញ្ជាក់​ថា ៖ «​តាម​រយៈ​ជំនួយ ក្នុង​ការ​អនុវត្ត​គម្រោង​នេះ មាន​ថវិកា​ប្រមាណ​ជាង ២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បំពាក់ និង​ធ្វើការ​រៀបចំ​ទៅ​ជា​វិទ្យាស្ថាន​ដ៏​ល្អ​មួយ ហើយ​ភាគី​កូរ៉េ ក៏​បាន​ឲ្យ​មន្ត្រី នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​ផ្នែក​អនុ​បណ្ឌិត ទៅ​បន្ត​ការ​សិក្សា​រយៈ ពេល​ពីរ​ឆ្នាំ នៅ​ប្រទេស​កូរ៉េ ដើម្បី​ពួក​គេ​ត្រឡប់​មក​ជួយ​ការងារ ក្នុង​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ ក៏​បាន​បញ្ជាក់​ជូន​ដែរ​ថា កន្លង​មក យើង​បាន​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​ដល់​មន្ត្រី​របស់​យើង​ឲ្យ​ទៅ​ជា​គ្រូពេទ្យ នៅ​តាម រោងចក្រ​សហគ្រាស ជួយ​ដល់​ការ​រួមចំណែក លើ​ការ​ការពារ​សុវត្ថិភាព​។​ក្រៅពី​នេះ ភាគី​កូរ៉េ ក៏​បាន​អញ្ជើញ​មន្ត្រី​ទៅ​រៀន​នៅ​ប្រទេស​កូរ៉េ ហើយ​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​គេ មក​បង្រៀន​ដល់​កម្ពុជា សម្រាប់​ការ​បណ្ដុះបណ្ដាល​នេះ គិត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​ថ្នាក់ អនុ​បណ្ឌិត​ចំនួន​៦​នាក់ បាន​ទៅ​រៀន​នៅ​កូរ៉េ និង​មាន​ជិត​១០០​នាក់​ទៀត ទទួល​បានការ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស ។

ចំំ​ណែ​ក​លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត ចំពោះ​ការ​ផ្ដល់​នូវ​ជំនួយ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ របស់​ប្រទេស​កូរ៉េ​មក​ដល់​កម្ពុជា ។

លោក​បាន​ចាត់​ទុក​ថា នេះ​គឺជា​ការ​ជ្រោមជ្រែង ដ៏​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​អត្រា​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ក៏​ដូច​ជា​ផ្ដល់​នូវ​ចំណេះ​ជំនាញ​ដល់​កម្មករ​ឲ្យ​មានការ​ការពារ​ទុកជា​មុន ក្នុង​ពេល​បំពេញការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​ផង​ដែរ ។

លោក​បាន​បន្ត​ថា ប្រទេស​កូរ៉េ គឺជា​ប្រទេស​ដែល​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ច្រើន​ជាងគេ ទាំង​ធនធានមនុស្ស និង​បច្ចេកទេស ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋលេខាធិការ ក៏​បាន​ស្នើ​ឱ្យ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ បន្ត​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ បន្ថែម​ទៀត ដើម្បី​ឲ្យ​ការងារ​សុវត្ថិភាព​និង​សុខភាព​ការងារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ