បញ្ញាសិប្បនិមិត្ត ដែលមកពីភាសាអង់គ្លេសថា Artificial Intelligence ហើយគេតែងតែហៅកាត់ថា AI វាបានមកដល់កម្ពុជាហើយ ដោយនៅពេលនេះមានអ្នកដែលកំពុងតែប្រើប្រាស់វាទាំងក្មេងទាំងចាស់ថែមទៀតផង គ្រាន់តែអ្នកខ្លះមិនដឹងថា វា…
បញ្ញាសិប្បនិមិត្ត ដែលមកពីភាសាអង់គ្លេសថា Artificial Intelligence ហើយគេតែងតែហៅកាត់ថា AI វាបានមកដល់កម្ពុជាហើយ ដោយនៅពេលនេះមានអ្នកដែលកំពុងតែប្រើប្រាស់វាទាំងក្មេងទាំងចាស់ថែមទៀតផង គ្រាន់តែអ្នកខ្លះមិនដឹងថា វា គឺជា AI ប៉ុណ្ណោះ។
AI វាមិនមែនទើបតែមកដល់សង្គមកម្ពុជានោះទេ វាបានមកដល់កម្ពុជា ស្ងាត់ៗតាំងពីចុងទស្សវត្សន៍នៃឆ្នាំ២០១០មកម្ល៉េះ គ្រាន់តែយើងទាំងអស់គ្នាមិនបានដឹងថា វា គឺជា AI ។
AI កំពុងផ្តល់អំណាច និងអាចត្រួសត្រាយផ្លូវរបស់យើងទាំងអស់គ្នារហូតដល់អនាគត ហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់យើង ប្រសិនបើយើងខ្វះការពិចារណា ហើយផ្តេកផ្តួលខ្លាំងនៅលើបច្ចេកវិទ្យាដ៏ទំនើបនេះ។តើយើងសម្គាល់ថា សង្គមកម្ពុជាយើងកំពុងតែរស់នៅក្នុងជំនាន់ចាប់ផ្តើមនៃ AI នេះដោយរបៀបណា? ចម្លើយប្រហែលជាងាយស្រួលទេ ប្រសិនបើអ្នកសង្កេតគ្រាន់តែយើងមិនចាប់អារម្មណ៍។
អ្នកមានទូរស័ព្ទទំនើប តើអ្នកមានកំពុងប្រើការកម្មវិធីសម្គាល់ផ្ទៃមុខ ឬ ក្រយៅដៃ ដើម្បីដោះសោទូរស័ព្ទរបស់យើងដែរទេ ប្រសិនបើយើងប្រើ គឺនោះហើយហៅថា AI ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់សេវាកម្មហៅឬកក់ឡានតាក់ស៊ី ឬម៉ូតូកង់បី ដែលយើងកំពុងតែពេញនិយមនេះ នោះហើយ គឺជាផ្នែកមួយនៃAI។
នៅពេលនេះ ក្រៅពីកម្មវិធីងាយៗនៅក្នុងសង្គមជីវភាពរស់នៅរបស់មនុស្ស សូម្បីតែស្ថាប័នមួយចំនួនក៏កំពុងតែប្រើប្រាស់ AI នេះផងដែរ ប៉ុន្តែគេមិនដឹងថា នោះ គឺជា AI ។ សព្វថ្ងៃនេះ ប្រភពដែលមានការពេញនិយម និងកំពុងតែត្រូវបានណែនាំមកចូលនៅក្នុងសង្គមកម្ពុជា នោះ គឺកម្មវិធីមួយដែលគេហៅថា ChatGP ។
អ្នកដែលប្រើប្រាស់ ChatGPT គឺជាអ្នកដែលកំពុងតែប្រើប្រាស់ AI នេះហើយ។កម្មវិធី ChatGPT ត្រូវបានអ្នកប្រើប្រាស់អះអាងថា ផ្តល់ភាពងាយស្រួលជាច្រើននៅក្នុងការងាររបស់ពួកគេមិនថា ជាការងារធ្វើរបាយការណ៍ រដ្ឋបាល ឬគណនេយ្យអ្វីនោះទេ សូម្បីតែការសរសេរគម្រោង ក៏ត្រូវបានគេអះអាងថា ChatGPT អាចជួយមនុស្សបានដែរ ។
ក្រៅពីមនុស្សពេញវ័យ និងយុវជនដែលគេពេញនិយមផ្នែកនេះ សូម្បីតែកុមារមួយចំនួនក៏បានប្រើប្រាស់កម្មវិធី AI នេះយ៉ាងស្ទាត់ជំនាញផងដែរ។ នៅពេលខ្លះលោកគ្រូ ឬអ្នកគ្រូ បានដាក់លំហាត់ឲ្យសិស្សរៀនធ្វើដោយមិនបានតាមដានជាប់លាប់ដោយឪពុកម្តាយនៅផ្ទះ កុមារទាំងនោះមួយចំនួន គឺលួចប្រើ AI ដើម្បីដោះស្រាយលំហាត់ឬចំណោត និងកិច្ចការសាលា ។
ទោះបីពួកគេមិនចេះធ្វើគណិតវិទ្យានោះក៏ដោយ ប៉ុន្តែពួកគេចេះប្រើ AI អោយធ្វើជំនួសពួកគេនោះហើយ គឺជាចំណុចដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ ដើម្បីការពារអនាគតរបស់យើងទាំងអស់គ្នា ។ដោយសារតែ AI នេះហាក់ថ្មីផលប៉ះពាល់ជាក់ស្តែងរបស់វាហាក់មិនមានការសិក្សាឲ្យស៊ីជម្រៅនៅឡើយទេ ប៉ុន្តែរបាយការណ៍សិក្សា និងស្ទាបស្ទង់ដែលធ្វើឡើងនៅលើពិភពលោកដោយវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០២០កន្លងមកបានអះអាងថា ទីផ្សារការងារដែលមានរហូតដល់៩៧លាននាក់នឹងគ្រប់គ្រងដោយ AI នៅក្នុងឆ្នាំ២០២៥ខាងមុខ ហើយស្ថានភាពទីផ្សារការងាររហូតដល់ទៅ៨៥ លាននាក់អាចនឹងត្រូវកែសម្រួលដោយ AI ផងដែរ។
ប្រភពដដែលបានអះអាងថា ប្រសិនបើនិន្នាការនៅតែមិនផ្លាស់ប្តូរកម្មករ និងនិយោជិត៥០ភាគរយនៅលើពិភពលោកនឹងមានការប្រែប្រួល ហើយតម្រូវឲ្យ ឬក៏ទាមទារការពង្រឹងជំនាញ បើមិនដូច្នេះទេពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាការងារនៅមុនឆ្នាំ២០៣០។តាមការស្ទាប់ស្ទង់ទីផ្សារការងារដែលនឹងរំជើបរំជួល ហើយអាចនឹងត្រូវគ្រប់គ្រងឬក៏ផ្លាស់ប្តូរដោយ AI នោះ គឺរាប់តាំងពីការងារទាក់ទងនឹងការរៀបចំអាហារ សំណង់ សំអាត បើកបរ កសិកម្ម សេវាកម្ម បច្ចេកវិទ្យាព័ត៌មាន វិស្វកម្ម រហូតដល់សេវាកម្មថែទាំសុខភាព។
សរុបមកវិញនៅក្នុងអំឡុងពេលនេះ នៅពេលដែល AI មិនទាន់វា.យលុកខ្លាំងនៅក្នុងសង្គម យើងគិតថា អ្នកដែលពាក់ព័ន្ធ និងអាជ្ញាធរគួរតែពិភាក្សា និងរិះគិតរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យ AI នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្គមយើងមិនមែនសង្គមយើងត្រូវបាន AI ដឹកច្រមុះនោះទេ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ