រាជធានីភ្នំពេញ ៖ នៅសម័យនេះកុំអាងខ្លួនមានប្រាក់ហើយចូលសុទ្ធតែហាងទំនើប ប៉ុន្តែខ្វះការត្រួតពិនិត្យខ្លួនឯងឲ្យសោះពីព្រោះការធ្វេសប្រហែសនេះ គឺអាចនឹងនាំឲ្យខ្លួនយើង និងគ្រួសារដែលប្រើ ប្រាស់ទំនិញ ឬទទួលទានអាហារដែលយើងទិញទៅនោះមានបញ្ហាសុខភាព។

ការដែលលើកឡើងបែបនេះ មិនមែនមានន័យថា គ្រប់ហាងទំនិញ គ្រប់ទីផ្សារ គ្រប់អាជីវករទាំងអស់នៅក្នុងប្រទេសខិលខូចហើយលក់ទំនិញ ឬអាហារខូចគុណភាពនោះទេ ប៉ុន្តែគឺជាការរួមចំណែកករណីឆក់ល្វែង ឬក៏ធ្វេសប្រហែសរបស់បុគ្គលិកខ្វះការទទួលខុសត្រូវ និង ប្រការចៃដន្យដទៃទៀត ខណៈដែលអ្នកជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅតែបន្តរកឃើញទំនិញដែលខូចគុណភាព ប៉ុន្តែត្រូវបានអ្នកលក់បន្តដាក់លក់ ជាបន្តបន្ទាប់នៅទីតាំងជាច្រើនដោយរួមទាំងរាជធានី ភ្នំពេញ។

ជាក់ស្តែងពីថ្ងៃទី១៤ ដល់១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនៅរាជធានីភ្នំពេញ ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង កោះកុង កំពត មន្ត្រីជំនាញ បានរកឃើញ និងដកហូតយកទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបដល់ទៅជិត២១២គីឡូក្រាម ដើម្បីកម្ចេចចោល។
នៅមុននេះបន្តិចការត្រួតពិនិត្យរបស់មន្ត្រីជំនាញអគ្គនាយកដ្ឋានដដែល ដែលបានធ្វើនៅខេត្តកំពង់ឆ្នាំង ឧត្តរមានជ័យ កែប ប៉ៃលិន និងក្រចេះ ពីថ្ងៃទី១៣ ដល់១៤ ខែមីនា ឆ្នាំដដែល គឺបានរឹបអូសបានប្រមាណជាជិត១២០ គីឡូក្រាម។

ដោយឡែកប្រតិបត្តិការចុះ ត្រួតពិនិត្យពីថ្ងៃទី១១ ដល់១៣ ខែឆ្នាំដដែលនៅកំពង់ធំ កោះកុង ឧត្តរមានជ័យ បន្ទាយមានជ័យ និង ស្វាយរៀង គឺជំនាញបានរកឃើញ និងរឹបអូសទំនិញដែលមានបញ្ហា ទាំងនេះដល់ទៅ៦៨៧គីឡូក្រាម។
ហើយនៅថ្ងៃទី៤ ខែឆ្នាំដដែល នៅក្នុងប្រតិបត្តិការនៅខេត្តព្រះវិហារ កោះកុង កំពង់ឆ្នាំង និងស្វាយរៀង គេបានរឹបអូសទំនិញបានប្រមាណជាជិត៨០គីឡូក្រាម។

សរុបទៅនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមិនដល់មួយខែផង មន្ត្រីជំនាញ បានប្រមូល និងរឹបអូសទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រមាណជា ជាង១ តោនឯណោះ ហើយប្រសិនបើប្រតិបត្តិការបន្តធ្វើបន្តទៀត ដោយពង្រីកដែនប្រតិបត្តិការទំនងជានៅមានសេសសល់ទំនិញ ដែលមានបញ្ហានេះកាន់តែច្រើនថែមទៀត។
សូមប្រុងប្រយ័ត្នណាបងប្អូន ទំនិញជាពិសេសប្រភេទអាហារដែលខូចគុណភាព ឬក៏ហួសកាលបរិច្ឆេទប្រើប្រាស់នេះ គឺជាឃា.តកលាក់មុខដែលអាចសម្លា.ប់យើងទាំងអស់គ្នាដោយស្ងប់ស្ងាត់បំផុត។
ជាទូទៅប្រភេទអាហារកញ្ចប់ ឬអាហារកំប៉ុង ដើម្បីរក្សាទុកបានយូរអ្នកផលិតចាំបាច់ទៅដាក់សារធាតុគីមី ហើយគីមីនេះវានឹងបង្កើតជាប្រតិកម្មកាន់តែខ្លាំងឡើងៗនៅពេលដែលវាដល់កំណត់ ដូច្នេះនៅពេលដែលយើងទទួលទានវាទៅរាងកាយយើងនឹងស្រូបសារធាតុទាំងនេះហើយសារធាតុទាំងនេះវាអាចបង្កើតប្រតិកម្មគីមីនៅក្នុងខ្លួនរបស់យើងនាំឲ្យសរីរាង្គនៅក្នុងខ្លួនយើងកាន់តែរងទុក្ខទោសបន្ថែមទៀត។

តាមការស្រាវជ្រាវតាមឯកសារវេជ្ជសាស្ត្រនានាបានអះអាងថា សរីរាង្គដែលនឹងងាយរងទទួលទុក្ខទោសដោយសារតែពពួកអាហារដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះ គឺក្រពះ និងពោះវៀនដែលជាអ្នកផ្ទុកអាហារទាំងនេះមុនគេបន្ទាប់មកមានថ្លើម លំពែង និងប្រមាត់ដែលសរីរាង្គទាំងនេះ គឺជាអ្នកដែលបញ្ចេញសារធាតុសម្រាប់បំប្លែងជាសារធាតុចាំបាច់សម្រាប់រក្សាជីវិតមនុស្សប្រចាំថ្ងៃ ។
ដោយឡែកតម្រង់នោម ដែលអ្នកខ្លះស្គាល់ថា ក្រលៀននោះនឹងបន្តប៉ះពាល់ដោយសារតែវា គឺជាសរីរាង្គដែលមានតួនាទីសំអាតជាតិពុល នៅក្នុងរាងកាយ។ជាចុងក្រោយបេះដូង ក៏នឹងមានបញ្ហាផងដែរ ពីព្រោះសរីរាង្គទាំងនេះមានមុខងារប្រទាក់ក្រឡាគ្នាជាច្រើនដើម្បីចិញ្ចឹមរាងកាយមនុស្ស ។
សរុបមកវិញសូមប្រុងប្រយ័ត្ន និង លើកកំពស់គុណភាពនៃការហូបចុករបស់យើងប្រចាំថ្ងៃ។ ដើម្បីសុខភាពប្រសិនបើអាចជៀសវាងបាន គឺគួរតែព្យាយាមដាក់កម្រិតការទទួលទានគ្រឿង កំប៉ុង ឬអាហារកែច្នៃ នៅក្នុងករណីទទួលទានសូមកុំធ្វេសប្រហែសរឿងកាលបរិច្ឆេទ និង គុណភាពរបស់វា។ ទំនិញខ្លះកាលបរិច្ឆេទមិនមានបញ្ហាទេ ប៉ុន្តែដោយសារតែ ការទុកដាក់មិនត្រឹមត្រូវ វាក៏អាចនឹងបង្កឲ្យខូចគុណភាពផងដែរ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ