ខេត្តតាកែវ ៖ ពលរដ្ឋក្នុងស្រុកព្រៃកប្បាស រួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់ថា លោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសថ្មីបានបញ្ចេញស្នាដៃមួយដ៏ហួសហេតុរឿងអោយថៅកែដីឡូលប់ប្រឡាយដាក់លូធំជាងប៉ោតក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ ។
ប្រភពពីពលរដ្ឋបានអោយដឹងទៀតថា អភិបាលស្រុកព្រៃកប្បាសច្រើនជំនាន់មកហើយ បានទប់ស្កាត់ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះ ព្រោះប្រឡាយមេមួយនេះ មានសារសំខាន់ណាស់ ក្នុងការំដោះទឹក ឬស្តុកទឹកទុកអោយពលរដ្ឋប្រើប្រាស់ ។
បើយោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកព្រៃកប្បាស សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ថៅកែដីឡូត៍ខាងលើ កំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុកព្រោះប្រឡាយមេមួយនេះ មានទទឹង២៥ម៉ែត្រ មិនទាន់បូកចំប្រឡាយផង ហើយប្រឡាយនេះ ត្រូវធ្វើផ្លូវអមសងខាងបង្ហូរទឹកទៅដល់បឹងកំពង់ចកដែលមានប្រវែងជាង៣គីឡូម៉ែត្រ។
ប្រភពដដែលបានអោយដឹងទៀតថា ថៅកែដីឡូត៍ខាងលើធ្លាប់សុំច្បាប់ដាក់លប់ប្រឡាយនេះជាច្រើនដងមក តែអភិបាលស្រុកចាស់ពីមុនមកមិនអនុញ្ញាតដាច់ខាតតែមកដល់លោកឌឹម គឹមសាន្ត អភិបាលស្រុកថ្មីបែរជាត្រូវរ៉ូវគ្នាជាមួយថៅកែដីឡូត៍ក៏អនុញ្ញាតអោយចាក់ដីលុបធ្វើអោយផ្អើលទាំងពលរដ្ឋនិងមន្ត្រីគ្រាក់ៗក្នុងស្រុកតែម្តង។
តាមប្រភពខ្សឹបខ្សាវច្បាស់ការចេញពីមន្ត្រីស្រុកថា រឿងនេះឮថាថៅកែដីឡូចាយលុយខ្ទង់ម៉ឺនតែមិនដឹងថា ចាយជាមួយលោកមេឃុំឬក៏លោកអភិបាលស្រុកនោះទេ បើគ្មានប្រយោជន៍ទេក៏មិនបានចិត្តល្អដល់ម៉ឹងដែរ ។
ជុំវិញករណីខាងលើ លោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសបានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់អោយថៅកែដីឡូត៍ចាក់លុបប្រឡាយដាក់លូនៅចំណុចខាងលើមែន ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា ។ លោកបានបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះ ត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ ។
ពលរដ្ឋស្នើអោយលោកអភិបាលស្រុកព្រៃកប្បាសកាយដី និងលូរបស់ថៅកែដីឡូត៍នេះចោលវិញ ព្រោះប្រឡាយរំដោះទឹកនេះជាប្រឡាយប្រវត្តិសាស្ត្រ និងជាប្រឡាយកំពង់ទូកពីសង្គមចាស់ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ