បិទការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់លោកស្នងការនគរបាលខេត្តតាកែវ លើកទី២ ឆ្នាំ ២០២៣
- តាកែវ
ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ
ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ
ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ឆ្នាំ២០២៣ ។
ពិធីនេះបានរៀបចំឡើងនៅតារាងបាល់ទះផ្ទះគ្រូបង្រៀន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងលោកស្រី ប៉ែន រតនរំចង់ ព្រមទាំង លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងលោកអធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក យ៉ាងច្រើនកុះករ។
លោក អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដែលបានរៀបចំការប្រកួតកីឡានេះឡើង ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនអ្នកស្នេហាកីឡាបាល់ទះនេះ ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនេះ គឺធ្វើឡើងក្នុងគោលបំណងចង់ជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជាវិស័យកីឡាបាល់ទះនៅតាមបណ្តាខេត្តឱ្យកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀ.ន ខណៈដែលប្រទេសកម្ពុជាយើងកំពុងមានការរីកចម្រើនខ្លាំង ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះផងដែរ ។
បើតាមរបាយការណ៍របស់គណៈកម្មការប្រកួតបានឱ្យដឹងថា ក្រុមកីឡាករដែលបានចូលរួមប្រកួតចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣នេះ មានសរុប ១២ក្រុម។ រីឯក្រុមកីឡាករដែលទទួលបានជ័យលាភីលេខ១ បានទៅក្រុមកីឡាបាល់ទះ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទទួលបានពានរង្វាន់មួយ មេដាយមាស និងថវិកាលើកទឹកចិត្ត ៤.០០០.០០០រៀល ។
ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាបាល់ទះ ធនាគារ ABA សាខាខេត្តតាកែវ ទទួលបានមេដាយប្រាក់ និងថវិកាលើកទឹកចិត្ត ២.៥០០.០០០រៀល ។ ជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាបាល់ទះ សាលាក្រុងដូនកែវ ទទួលបានមេដាយសំរឹទ្ធ និងថវិកាលើកទឹកចិត្ត ១.៥០០.០០០រៀល និងជ័យលាភីលេខ៤ បានទៅលើក្រុមកីឡាបាល់ទះ នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានលើកទឹកចិត្តដល់ក្រុមកីឡាករដោយផ្ដល់ជាថវិកាចំណាត់ថ្នាក់លេខមួយ ២.០០០.០០០រៀល, ចំណាត់ថ្នាក់លេខពីរ ១.៥០០.០០០រៀល, ចំណាត់ថ្នាក់លេខបី ១.០០០.០០០រៀល និងចំណាត់ថ្នាក់លេខបួន ៥០០.០០០រៀល និងគណៈកម្មការបច្ចេកទេស ថវិកា ៥០០.០០០រៀលផងដែរ ៕
ចែករំលែកព័តមាននេះ