រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងជំរុញខ្លាំងចំពោះការងាកទៅរកការប្រើរថយន្តលក្ខណៈគ្រួសារ និងរថយន្តក្រុងដែលប្រើប្រាស់អគ្គិសនី ដើម្បីដើរអោយទាន់ប្រទេសជិតខាង និងពិភពលោក។

ទោះបីកម្ពុជាយឺតជាងប្រទេសជិតខាងមួយជំហាន ប៉ុន្តែពលរដ្ឋអាចនឹងមានឱកាសសាកល្បងរថយន្តក្រុងអគ្គិសនី ដែលហៅកាត់ថា E-Bus នៅក្នុងពេលឆាប់ៗនេះ ខណៈដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងតែជំរុញ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាកាលពីពេល ថ្មីៗនេះថា ក្រសួងកំពុងតែជំរុញកិច្ចការនេះ។

លោកបានឲ្យដឹងថា នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាគោលដៅដែលក្រសួងកំពុងតែជំរុញ។លោកបានបន្តថា គោលនយោបាយជំរុញការប្រើប្រាស់រថយន្តក្រុងដើរ ដោយថាមពល អគ្គិសនី សំដៅចូលរួមការការពារបរិស្ថាន គឺជាជំហាននៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ។
មកដល់ពេលនេះ គេដឹងថា កម្ពុជាមានយានយន្តអគ្គិសនីសរុបចំនួន ៧៣១គ្រឿងក្នុងនោះរថយន្តមានចំនួន៣៦៩គ្រឿងត្រីចក្រយានយន្ត ដែលភាសាសាមញ្ញហៅថា ម៉ូតូកង់បីមានចំនួន៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន២៣គ្រឿង ខណៈដែលពេលនេះកម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន១៣កន្លែង ក្នុងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤កន្លែង ផ្សារទំនើបអ៊ីអនម៉លសែនសុខ១កន្លែង ស្ថានីយប្រេងឥន្ធនៈតូតាល់ចំការដូង១កន្លែង ខេត្តបាត់ដំបង១កន្លែង ខេត្តសៀមរាប១កន្លែង ក្រុងព្រះសីហនុ១កន្លែង ខេត្តមណ្ឌលគិរី ១កន្លែង ហើយ៣កន្លែងទៀត គឺនៅស្ថានីយប្រេងឥន្ធនៈ PTT ព្រែកព្នៅ ផ្លូវជាតិលេខ៥ និងស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦ និងស្ថានីយប្រេងឥន្ធនៈ PTT ច្បារអំពៅ ផ្លូវជាតិលេខ១។
ទាំងនេះ គឺជាការខិតខំរបស់កម្ពុជានៅលើវិថីនៃយានយន្តប្រើអគ្គិសនី ស្របពេលដែលប្រទេសជិតខាងកម្ពុជា ជាពិសេស គឺវៀតណាម និង ថៃ គឺគេបានដើរមុនកម្ពុជាមួយជំហានដ៏វែងឆ្ងាយហើយលើបញ្ហានៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ។

នៅវៀតណាមនៅពេលនេះ គេមិនត្រឹមតែកំពុងតែប្រើប្រាស់រថយន្តក្រុងអគ្គិសនីនោះទេ ប្រទេសនេះក៏មានរោងចក្រដំឡើងរថយន្តក្រុងនេះផងដែរដែលជ្រកក្រោមស្លាកសញ្ញាពាណិជ្ជថា VinFast ។ ក្រុមហ៊ុននេះបានកំពុងតែផលិត និងដំណើរការសេវាកម្មរថយន្តក្រុងសាធារណៈនៅវៀតណាម តាំងពីខែមីនា ឆ្នាំ២០២២ ជាមួយនឹងរថយន្តដែលមានធុងអាគុយផ្ទុកអគ្គិសនីទំហំ២៨១ kWh ហើយអាចនឹងធ្វើការដឹកជញ្ជូនបានដល់ទៅពី២២០ទៅ២៦០គម។
សម្រាប់ថៃវិញក្រុមហ៊ុន Thai Smile បានអះអាងថា ខ្លួននឹងពង្រីកការប្រើប្រាស់រថយន្តក្រុងប្រើអគ្គិសនីនេះដល់ទៅ៣.១០០ គ្រឿង នៅលើផ្លូវរត់សរុបចំនួន១២២ ខ្សែរនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលពេលនេះក្រុមហ៊ុនកំពុងតែដំណើរការជាមួយនឹងរថយន្តក្រុងអគ្គិសនីចំនួន ១.២៥០គ្រឿង នៅលើផ្លូវរត់ ៧១ ។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបានអះអាងថា នៅក្នុងទីក្រុងបាងកក មានផ្លូវរថយន្ត ក្រុងចំនួន៧៧ខ្សែរ ហើយក្រុមហ៊ុននេះកាន់កាប់ ៧១ខ្សែរ ខណៈដែលនៅសល់ គឺក្រុមហ៊ុនពីរទៀតបានទទួលភ្លើងខៀវរួចហើយដែរ។ នៅពេលនេះថៃក៏មានផែនការយករថយន្តក្រុងអគ្គិសនីមកជំនួសរថយន្តក្រុងប្រើដោយថាមពលប្រេងម៉ាហ្ស៊ូតដែរ ប៉ុន្តែនៅមិនទាន់អាចផ្លាស់ប្តូរទាំងស្រុងនៅឡើយទេ ។
លើផែនការជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានេះ វាពិតជាយឺតសម្រាប់កម្ពុជាបើធៀបនឹងវៀតណាម និងថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាក៏កំពុងតែមានស្ថានភាពមួយប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ ខណៈដែលពេលនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយផែនការយុទ្ធសាស្ត្រ និងវិធានការណ៍ចំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា៧០% នៅឆ្នាំ២០៥០៕
ចែករំលែកព័តមាននេះ