ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​ធ្វើ​អន្តរាគមន៍​ពី​អ្នកធំ ឬ​អ្នកមាន​អំណាច​បាន​កើត​មាននៅ​ក្នុង​សង្គម​កម្ពុជា​ជា​យូរ​មក​ហើយ​។ គេ​សង្កេត​ឃើញ​ថា ការ​ធ្វើ​អន្តរាគមន៍​នេះ​កើត​មាន​ស្ទើរ​គ្រប់កន្លែង​។​ជា​ទូទៅ គេ​សង្កេត​ឃើញ​ថា អ្នក​និយម​ធ្វើ​អន្តរាគមន៍ គឺ​មិន​ថា​ខ្លួន​មាន​អំណាច​បុណ្យ​ស័ក្តិតូច ឬ​ធំ​ប៉ុណ្ណា​នោះ​ទេ​ឱ្យ​តែ​អាច​ប្រើ​អំណាច​របស់​ខ្លួន​បាន តែងតែ​ធ្វើ​អន្តរាគមន៍​ភ្លាម​។​មិន​ថា តែ​អ្នកធំ​មានបុណ្យ​ស័ក្តិ…

ការ​ធ្វើ​អន្តរាគមន៍​ពី​អ្នកធំ ឬ​អ្នកមាន​អំណាច​បាន​កើត​មាននៅ​ក្នុង​សង្គម​កម្ពុជា​ជា​យូរ​មក​ហើយ​។ គេ​សង្កេត​ឃើញ​ថា ការ​ធ្វើ​អន្តរាគមន៍​នេះ​កើត​មាន​ស្ទើរ​គ្រប់កន្លែង​។​ជា​ទូទៅ គេ​សង្កេត​ឃើញ​ថា អ្នក​និយម​ធ្វើ​អន្តរាគមន៍ គឺ​មិន​ថា​ខ្លួន​មាន​អំណាច​បុណ្យ​ស័ក្តិតូច ឬ​ធំ​ប៉ុណ្ណា​នោះ​ទេ​ឱ្យ​តែ​អាច​ប្រើ​អំណាច​របស់​ខ្លួន​បាន តែងតែ​ធ្វើ​អន្តរាគមន៍​ភ្លាម​។​មិន​ថា តែ​អ្នកធំ​មានបុណ្យ​ស័ក្តិ និយម​ធ្វើ​អន្តរាគមន៍​ឱ្យ​កូនចៅ​ញាតិសន្តាន​របស់​ខ្លួន​នោះ​ទេ​។

រូបតំណាង

ទម្លាប់​ធ្វើ​អន្តរាគមន៍ និង​ការ​ស្នើ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ត្រូវ​គេ​មើលឃើញ​បាន​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ បង្កើត​ទម្លាប់​អាណា​ធិ​ប​តេ​យ្យ គ្មាន​របៀបរបប​ការ​រស់នៅ​មិន​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​បង្កើត​ឱ្យ​មាន​បក្សពួក​និយម​។​ពិសេស​វា​អាច​បង្កើត​ជា​អំពើ​ពុក​រលួយ​នាំ​ឱ្យ​ប្រទេស​ជាតិ​ខាតបង់​ប្រយោជន៍​ទៀត​ផង​។

ករណី​ដែល​គេ​អាច​មើលឃើញ​ពី​ទម្លាប់​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្គម​ខ្មែរ​ដូច​ជា​នៅ​ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ផាកពិន័យ​ម្តង​ៗ​នៅ​លើ​ដងផ្លូវ​តែងតែមាន​កិច្ច​អន្តរាគមន៍​។​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគី​បង្កហេតុ​តែងតែ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​បងប្អូន​ញាតិ​មិត្ត​ដែល​ជា​សមត្ថកិច្ច ជា​ជាង​ការ​ទុក​ពេល​ឱ្យ​ច្បាប់​រកខុសរកត្រូវ​ឱ្យ​។ជា​ទម្លាប់​ក្នុង​ករណី​នេះ គេ​សង្កេត​ឃើញ​នៅ​កន្លែង​កើតហេតុ​ម្នាក់​ៗ​ទូរស័ព្ទ​ទៅ​រក​លោក​នេះ រក​លោក​នោះ ដើម្បី​ជួយ​ដោះស្រាយ​។ អ្នកខ្លះ​គ្រាន់តែ​កើតហេតុ​ភ្លាម មិន​គិត​ថា​ខ្លួន ខុស​ឬ​ត្រូវ​នោះ​ទេ​បាន​ស្នើ​ទៅ​សមត្ថកិច្ច​សម្រួល​ឱ្យ​ខ្លួន​ដោយ​សំអាង​ថា ខ្លួន​ជា​បងប្អូន​លោក​នេះ ឯកឧត្តម​នោះ ឬ​យ៉ាង​ហោច​គេ​ថា ខ្លួន​ស្គាល់​ឯកឧត្តម «​ក​»​ឯកឧត្តម​«​ខ​»​ជាដើម​។

រូបតំណាង

ទម្លាប់​អន្តរាគមន៍ សូ​ម្បី​នៅ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ក៏​មាន​។ ដោយសារ​ខ្លួន​ជា​កូនលោក​នេះ ឬ​ជា​មិត្ត​ជា​ភក្តិ​អ្នកធំ​នេះ លោក​នោះ គឺ​នឹង​ត្រូវ​គេ​សម្រួល​អោយ​។​ជូន​កាល​ដោយសារ​កិច្ច​អន្តរាគមន៍ អ្នកខ្លះ​មិន​ទាំង​ចាំបាច់​ឈរ​តម្រូវ​ឈរ​ជាមួយ​គេឯង​នោះ​ទៀត​។​ទោះ​នៅ​ក្រោម​ក្រសែភ្នែក​មហាជន​ដែល​មាន​ជនជាតិ​បរទេស​ផង​ក្តី អ្នកមាន​កិច្ច​អន្តរាគមន៍ ទោះ​មក​ក្រោយ​គេ តែ​បាន​ដើរ​ឆ្លងកាត់​ហ្វូង​មនុស្ស​ទៅ​មុនគេ ដោយ គ្មាន​ខ្មាស់​អៀន​គេឯង​ឡើយ​។

កិច្ច​អន្តរាគមន៍​មាន​ច្រើន​យ៉ាង និង​សម្បូរ​បែប​។ ដោយសារ​មាន​កិច្ច​អន្តរាគមន៍​អ្នកជំងឺ​ខ្លះ​បាន​ទទួល​ការ​ព្យាបាល​មុន អ្នកជំងឺ​ដែល​មាន​សភាព​ធ្ងន់ ឬ​ជា​មនុស្ស​ចាស់ជរា ដែល​បាន ទៅ​ដល់​ពេទ្យ​មុន មនុស្ស​ដែល​ទទួល​បានការ​ធ្វើ​អន្តរាគមន៍​។ ដោយសារ​មាន​បទ​អន្តរាគមន៍ សេវា​សាធារណ​ខ្លះ គេ​ទទួល​បាន​យ៉ាង​រហ័ស ខណៈ​ច្បាប់​កំណត់​ថា​មួយ អាទិត្យ​ឬ​មួយ​ខែ​។

រូបតំណាង

នៅ​ដើមឆ្នាំ​២០២៣​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ពី​ជោគជ័យ​នៅ​ក្នុង​កំណែទម្រង់ ការ​ប្រឡង​ឌុ​ប​១០​ឆ្នាំ​មកនេះ​។ ការ​ធ្វើ​កំណែទម្រង់​ចំពោះ​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បញ្ចប់​វប្បធម៌​អន្តរាគមន៍​ដែល​ធ្លាប់​មាន​ពេល​កន្លង​មក​។
ជា​ការ​ពិត នៅ​មុន​មាន​កំណែទម្រង់​នេះ នៅ​ពេល​ប្រឡង​ម្តង​ៗ គេ​សង្កេត​ឃើញ​ថា ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ពី​ន​ណា​ម្នាក់​បេក្ខជន​ខ្លះ​មាន​មនុស្ស​កាន់​យក​ចម្លើយ​វិញ្ញាសារ​ប្រឡង​ដល់​កន្លែង​អង្គុយ​។​មាន​បេក្ខជន​ខ្លះ​ទៀត ត្រូវ​បាន​អនុរក្ស​ឈរ​ប្រាប់​ចម្លើយ ដោយសារ​បេក្ខជន​ប្រឡង​នោះ​ជា​កូន​នាយក​សាលា ឬ​ជា​កូន​ប្រធាន​មណ្ឌល​ជាដើម​។​រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ពេល​ប្រឡង​បាន​លុប​បំបាត់ ក្រោម​យន្តការ​«​អ្នកចេះ​គឺ​ជាប់​»​។

រូបតំណាង

តាម​ពិត​ទៅ​ការ​លុប​បំបាត់​ទម្លាប់​អន្តរាគមន៍​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពលរដ្ឋ​ទោះ​មានបុណ្យ​ស័ក្តិ ឬ​គ្មាន​បុណ្យស័ក្តិ ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំងអស់​គ្នា​។ ការ​គ្មាន​ទម្លាប់​អន្តរាគមន៍​ធ្វើ​អោយ​ការ​រស់នៅ​របស់​មនុស្ស​មាន​សីលធម៌ សមធម៌ ចេះ​គោរព​សិទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គ្មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឱ្យ​សង្គម​ជាតិ​ខាតបង់​។

យើង​អាច​មើលឃើញ​នៅ​ប្រទេស​អស់​គ្លេ​ស​ដែល​លោកនាយក​រដ្ឋមន្ត្រី រី​ស៊ី ស៊ុ​ណា​ក ( Rishi Sunak) ដែល​ត្រូវ​ផាកពិន័យ​ដោយ​ប៉ូលិស​ចរាចរណ៍ ដោយសារ​លោក​ជិះ​រថយន្ត​មិន​បាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​។ ការ​ធ្វើ​ដូច្នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ថា មនុស្ស​គ្រប់​គ្នា​មិន​ថា​ធំ ឬ​តូច គឺ​ត្រូវ​តែ​គោរព​ច្បាប់​អោយ​បាន​ល្អ​។

កម្ពុជា​បច្ចុប្បន្ន​កាន់​ត​តែ​ជឿនលឿន និង​មានការ​អភិវឌ្ឍ​ក្រោម​ទង់​សន្តិភាព​។ ដូច្នេះ​ប្រជាជន​កម្ពុជា​គ្រប់​រូប​មិន​ថា មន្ត្រី​អ្នក​រកស៊ី ឬ​រាស្ត្រ​សាមញ្ញ​ទេ ក៏​ត្រូវ​តែ​កាន់តែ​មាន​ភាព​ជឿនលឿន និង​មិន​គួរ​ឱ្យ​មាន​ទម្លាប់​អន្តរាគមន៍​នេះ​ចេះ​តែ​បន្ត​ញាំញី​ប្រទេស​កម្ពុជា​ទៀត​នោះ​ឡើយ​។

ជា​ពិសេស​ការ​លុប​បំបាត់​ទម្លាប់​អន្តរាគមន៍​នៅ​ពេល​ប្រឡង​បាក់​ឌុ​ប​នា​នេះ​គួរ​បាន​ក្លាយជា​គំរូ​មួយ​នៅ​ក្នុង​ការ​លុប​បំបាត់​ទម្លាប់​មិនល្អ​នេះ​ចេញពី​សង្គម​ខ្មែរ​ទាំងមូល​។កម្ពុជា​ពិតជា​អាច​ធ្វើ​បាន​នៅ​ក្នុង​ការ​លុប​បំបាត់​ទម្លាប់​នៃ​ការ​ធ្វើ​អន្តរាគមន៍ ហើយ​បង្កើត សង្គម​មួយ​កាន់តែ​ល្អ​ប្រសើរ​ដែល​មនុស្ស​គ្រប់​គ្នា​ចេះ​គោរព​ច្បាប់ទម្លាប់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។ពលរដ្ឋ​ល្អ សង្គម​ជាតិ​ល្អ ប្រទេស​មាន​កេ​រ្ត៍​ឈ្មោះ​ក្រអូប​គ្រប់​ទិស​ទី​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ