ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអីមនុស្សធ្វើបុណ្យរាល់ថ្ងៃ គិតតែរឿងជាតិក្រោយ តែភ្លេចគិតខ្លួនឯងក្នុងជាតិនេះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា​មនុស្ស​បែប​ណា ឬ​ចាស់​ ឬក្រមុំ​ក​ម្លោះ​អី​នោះ​ទេ តែងតែមាន​ទុក្ខ និង​សប្បាយ​ជា​និច្ច គ្រាន់តែ​ថា​តិច ឬ​ច្រើន​ប៉ុណ្ណោះ​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ ជា​ទូទៅ​មនុស្ស​យើង​ទៅ​ធ្វើបុណ្យ…

រាជធានី​ភ្នំពេញ ៖ មិន​ថា​មនុស្ស​បែប​ណា ឬ​ចាស់​ ឬក្រមុំ​ក​ម្លោះ​អី​នោះ​ទេ តែងតែមាន​ទុក្ខ និង​សប្បាយ​ជា​និច្ច គ្រាន់តែ​ថា​តិច ឬ​ច្រើន​ប៉ុណ្ណោះ​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ ជា​ទូទៅ​មនុស្ស​យើង​ទៅ​ធ្វើបុណ្យ ឬ​ចូល​បច្ច័យ​អ្វីមួយ ឲ្យ​អ្វីមួយ​ហើយ តែង​សុំ​ប៉ងប្រាថ្នា​ជាតិ​ក្រោយ​ឲ្យ​សុខ​សប្បាយ មាន​លុយកាក់​មាសប្រាក់​ចាយ​ច្រើន​ៗ និង​រូប​សម្រស់​ស្រស់​ស្អាត ជួប​មនុស្ស​ល្អ​ៗ​ជាដើម​។

ដោយឡែក​មាន​មនុស្ស​មួយ​មួយ​ចំនួន​ធំ​គាត់​បាន​និយាយ​ថា​«​ជាតិ​នេះ​ពិបាក យ៉ាប់​ណាស់ ដូច្នេះ​ជាតិ​ក្រោយ គាត់​សុំ​ឲ្យ​កើតជា​អ្វី​ផ្សេង ដោយ​មិន​ពិបាក​ដូច​ជាតិ​នេះ និង​ខុស​ពី​មនុស្ស​ដូច​រាល់​ថ្ងៃនេះ​។

ដើម្បី​ឲ្យ​កាន់តែ​យល់​ច្បាស់​ល្អ​ដែល​ថា«​មនុស្ស​ដ៏​ច្រើន​ទៅ​ធ្វើបុណ្យ​រាល់ថ្ងៃ គិតតែ​រឿង​ជាតិ​ក្រោយ តែ​ភ្លេច​គិត​ខ្លួនឯង​ក្នុង​ជាតិ​នេះ​» លោក​ម្ចាស់​គ្រូ សាន សុ​ជា មាន​សង្ឃដីកា ពន្យល់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​មូលហេតុ​ ដែល​មនុស្ស​ភាគច្រើន​គាត់​សុំ​ប្រាថ្នា​ជាតិ​ក្រោយ​ឲ្យ​កើតជា​អ្វី​ផ្សេង មិន​យ៉ាប់​ពិបាក​នោះ លោក​ម្ចាស់​គ្រូ​បាន​បកស្រាយ​ថា ៖ មិនមែន​គាត់​មានគំនិត​ហ្នឹង​ខ្លួនឯង​ទេ គឺ​ដោយសារ​សង្គម ព្រោះតែ​ការ​ឲ្យ​ពរ​ទាំង​អស់នោះ​ដែល​ធ្វើ​ឲ្យ​គាត់​សង្ឃឹម​ជាតិ​ក្រោយ​ជា​និច្ច តែ​គាត់​បាន​បំភ្លេច​ខ្លួនឯង​ក្នុង​ជាតិ​នេះ​។

លោក​ម្ចាស់​គ្រូ បាន​បញ្ជាក់​ថា មនុស្ស​ដ៏​ច្រើន​ទៅ​ធ្វើបុណ្យ​រាល់ថ្ងៃ គិតតែ​រឿង​ជាតិ​ក្រោយ តែ​បំភ្លេច​ខ្លួនឯង​ក្នុង​ជាតិ​នេះ មាន​បញ្ហា​ពិបាក​អត់​មាន​ពី​ណា​មក​បង្រៀន​វិធី​ដោះស្រាយ​បញ្ហា​ទេ គេ​ឲ្យ​ពរ​ឲ្យ​ទៅ​យកជាតិ​ក្រោយ​បណ្តោយ​។​ត្រូវ​ដឹង​ថា ជាតិ​នេះ គឺជា​ប្លង់​នៃ​ជាតិ​ក្រោយ បើ​ប្លង់​ជាតិ​នេះ មិន​ចេះ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ទេ ជាតិ​ក្រោយ​រញ៉េរញ៉ៃ​ជាង​នេះ​ទៅ​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ម្ចាស់​គ្រូ បាន​បន្ថែម​ថា នៅ​ជា​មនុស្ស​ដោះស្រាយ​មនុស្ស​អត់​រួច​ផង ចុះ​ទម្រាំ​ទៅ​ស្រុក​ខ្មោច មិន​កាន់តែ​រញ៉េរញ៉ៃ​ទេ​អី? ចង់​ដឹង​អនាគត​ត្រូវ​មើល​ប្លង់​បច្ចុប្បន្ន​។ ដូច្នេះ​ដើម្បី​ឲ្យ​ស្រួល​ៗ​រៀន​មើលចិត្ត កុសល អកុសល ចិត្តល្អ ចិត្ត​មិនល្អ ឥឡូវ​ហ្នឹង​បាន​យើង​មើលឃើញ គិត​យល់ ហើយ​កុំ​សង្ឃឹម​ផល​។

ទន្ទឹម​នេះ​ដែរ លោក​ម្ចាស់​គ្រូ សាន សុ​ជា បាន​មាន​សង្ឃដីកា​ថា ហើយ​មែនទែន​ទៅ បើ​យើង​បាន​ស្តាប់ធម៌​ចឹ​ង​ៗ​ពី​យូរ​មក យើង​មិន​វង្វេង​ទេ ហើយ​ក៏​អត់​ដើរ​វៀង​ឆ្ងាយ​ទេ​(​មើល​ការ​ពិត​ក្នុង​ជីវិត​ហ្នឹង​)​។

លោក​ម្ចាស់​គ្រូ​មាន​សង្ឃដីកា​ថា យើង​ឲ្យ​តែ​លឺ​សច្ច​ធម៌ ស្មាន​តែ​ត្រូវធ្វើ​អី​ម្យ៉ាង ត្រូវធ្វើ​បុណ្យ​អី​ម្យ៉ាង ដើម្បី​ឲ្យ​បុណ្យ​ហ្នឹង​គ្រប់​ទៅ មើលឃើញ​ហ្មង តែ​ភ្លេច​ថា ធម៌​ឃើញ​នេះឯង ជា​សច្ចធម៌ ធម៌​លឺ​នេះឯង ជា​សច្ចធម៌​។ ភាគច្រើន​យើង​ច្រឡំ​ថា យើង​លឺ ខ្ញុំ​លឺ អាហ្នឹង​វង្វេង​សច្ច​ធម៌ ប៉ុន្តែ​បើ​បញ្ហា​ដឹង​ច្បាស់​ថា លឺ​ត្រឹមតែ​ជា​ធាតុ​លឺ​ហ្នឹងឯង បញ្ហា​ឃើញ​សច្ចធម៌​ដែល​កំពុង​តែ​ប្រាកដ ចិត្ត​រួច​ស្រឡះ​ត្រង់​ដោះ​ពី​ទិដ្ឋិ មាន​ត្រឹមតែ​ធម៌​កើតឡើង ដល់​ធម៌​កើតឡើង​ហើយ សេចក្តី​ប្រកាន់​ហ្នឹង​អត់​មាន ស្រឡះ​ហ្មង​។លោក​ម្ចាស់​គ្រូ ថា ធម៌​ជួយ​ដោះស្រាយ​មែន ឲ្យ​រឿង​កើតទៅ​តាម​អំណាចចិត្ត​របស់​យើង​ទេ តែ​យើង​ចង់​កែ​រឿង​ទៅ​តាម​អំណាចចិត្ត​យើង​នោះ អាហ្នឹង​គឺ​តាម​អំណាច​តណ្ហា​ទេ​។​ធម៌​ទាំងឡាយ​នៅ​តែ​កើត​ពី​ហេតុ​ដដែល គ្មាន​ពី​ណា​បង្កើត​ហេតុ​បាន​ទេ​។

លោក​ម្ចាស់​គ្រូ មាន​សង្ឃដីកា​ថា អាត្មា​ពី​មុន​ក៏​មានចិត្ត​មួយ​ដែរ ឃើញ​យើង​នាំ​គ្នា ទៅ​តែ​ជាតិ​មុខ​អស់​អ៊ីចឹង​ទើសចិត្ត​ដែរ ប៉ុន្តែ​ដល់​សិក្សា​ធម៌​កើត​ពី​បច្ច័យ​ថា ហេតុ​អី​បាន​គាត់​នៅ​តែ​ជាមួយ​អតីតកាល ហើយនឹង​អនាគត​ចឹ​ង និយាយ​ត្អូញត្អែរ​ថា កម្ម​អី​ៗ​ហ្នឹង អាហ្នឹង​នៅ​ជាមួយ​អតីតកាល ដូច​និយាយ​ថា ឥលូវ​ដូច​ពិបាក​ណាស់ ចង់ទៅ​ជាតិ​ក្រោយ អាហ្នឹង​នៅ​មួយ​អនាគតកាល ផ្ទុយ​ស្រឡះ​ពី​ការ​បង្រៀន​របស់​ព្រះពុទ្ធ​។

លើស​ពី​នេះ​ទៅ​ទៀត លោក​ម្ចាស់​គ្រូ មាន​សង្ឃដីកា​ថា ព្រះពុទ្ធ​ត្រាស់​ថា ធម៌​ណា​ជា​អា​ឌិ​ត ធម៌​នោះ​កន្លង​ហើយ មិនមែន​ជា​និស្ស័យ​របស់​អ្នក​ចាប់​ទុក​ទេ ធម៌​ណា​ដែល​ជា​អនាគត ហៅ​ថា កត្តា​ធ​ម្មា ធម៌​នោះ​មិន​ទាន់​មក​ដល់​ឡើយ ក៏​មិនមែន​ជា​វិស័យ​របស់​អ្នក​ដែរ តែ​ធម៌​ដែល​កំពុង​ប្រាកដ គឺ​ធម៌​បច្ចុប្បន្ន​នេះឯង តាម​ទ្វារ​ទាំង​៦​នេះ​មាន​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត​។ ឲ្យ​តែ​បញ្ញា​កើត យល់​នៅ​សភាវៈ​ដែល​ព្រះពុទ្ធ​បង្រៀន​គ្មាន​នរណា​ម្នាក់​ប្រើ​ពាក្យ​ថា ហួសពេល​ទេ ហួសពេល​សម្រាប់​តែ​អ្នក​ស្លា​.​ប់​ទេ​(​ហួសពេល​ប្រើ​ជំនួស​អ្នក​ស្លា​.​ប់​)​តែបើ​មនុស្ស​នោះ​នៅ​រស់ ស្តាប់​លឺ នៅ​អាច​និយាយ​គ្នា​បាន គឺ​អត់​ចេះ​ហួសពេល​ក្នុង​ការ​យល់​នៅ​សភាវៈ​បច្ចុប្បន្ន​នេះ​ទេ​។

សូម​រំលឹក​ថា បច្ចុប្បន្ន​ព្រះ​អង្គ​ក្លាយជា​ស្ថាបនិក និង​ជា​ប្រធាន​សមាគម​ធម្ម​ក​ឋិ​ក​កម្ពុជា ។​ព្រះ​អង្គ ជា​ធម្មាចារ្យ​ដែល​បង្រៀន​ព្រះ​អភិធម្ម​ដ៏​មាន​កេ​រិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​សព្វ​ថ្ងៃនេះ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា គង់នៅ​ទីក្រុង មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ហើយ​ព្រះ​អង្គ​តែងតែបាន​និមន្ត​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ