ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូចិន មកទស្សនកិច្ចស្វែងយល់ពីវិស័យ​ទេសចរណ៍កម្ពុជា ដើម្បីរៀបចំផែនការទាក់​ទាញ​ទេសចរចិន មកកម្ពុជាឡើងវិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រតិភូទេសចរណ៍ចិនមួយក្រុម មកពីទីក្រុងស៊ីអាន (Xi’an) ខេត្តស្សានស៊ី (Shaanxi) បានមកធ្វើទស្សនកិច្ច នៅកម្ពុជា រយៈពេល ៦ថ្ងៃ…

រាជធានីភ្នំពេញ៖ ប្រតិភូទេសចរណ៍ចិនមួយក្រុម មកពីទីក្រុងស៊ីអាន (Xi’an) ខេត្តស្សានស៊ី (Shaanxi) បានមកធ្វើទស្សនកិច្ច នៅកម្ពុជា រយៈពេល ៦ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីវិស័យ​ទេសចរណ៍កម្ពុជា និងរៀបចំផែនការទាក់ទាញទេសចរចិន មកទស្សនាកម្ពុជាឡើងវិញ ក្រោយខកខានអស់ពេលជាង ៣ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។

ក្នុងពេលទទួលស្វាគមន៍ប្រតិភូទេសចរ​ចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ ឬ Familiarization Trip នេះ គឺដើម្បីសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើនទំនាក់ទំនងដៃគូជាមួយផ្នែក​ឯកជន ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចលក់នៅលើទីផ្សារទេសចរចិន។

លោក ប្រាក់ វុទ្ធី បានបន្តថា ប្រតិភូចិន មកពីទីក្រុងស៊ីអាននេះដែរ ដឹកនាំដោយលោក យ៉ាង ប៉ (Yang Bo) ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៊ីអាន រួមជាមួយក្រុមការងារ ៧នាក់ទៀត សរុប ៨នាក់ ដែលមានទាំងតំណាងក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនវិនិយោគ ធុរកិច្ច ក៏ដូចជាតំណាងស្ថាប័នរដ្ឋផងដែរ។  

ទស្សនកិច្ច Familiarization Trip នេះដែរ ក៏ដើម្បីអបអរសាទរខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូត​រវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងដើម្បីជំរុញការផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ កម្ពុជាជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក៏ដូចជាជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក យ៉ាង ប៉ ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៊ីអាន បានថ្លែងប្រាប់​អ្នកសារព័ត៌មានថា ទស្សនកិច្ចរបស់ប្រតិភូលោក មកកាន់កម្ពុជានេះ គឺផ្ដោតលើការស្វែងយល់ពីគោលដៅទេសចរណ៍ សក្ដានុពលទេសចរណ៍ និងផលិតផលទេសចរណ៍នានា នៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅទីផ្សារទេសចរប្រទេសចិន ពិសេសនៅទីក្រុងស៊ីអាន។

លោកថា នឹងដកស្រង់ព័ត៌មាននៅកម្ពុជានេះ យកទៅរៀបចំផែនការក្នុងការលក់កញ្ចប់​ទស្សនកិច្ចជូនភ្ញៀវទេសចរ មកទស្សនាកម្ពុជា នាពេលខាងមុខ ក្រោយខកខានអស់ពេលជាង ៣ឆ្នាំដោយសារវិបត្តជំងឺកូវីដ១៩។ ចំពោះខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន លោក យ៉ាង ប៉ ក៏បានបញ្ជាក់ថា កម្ពុជានិងចិនគឺមានមិត្តភាពជាមួយគ្នាយ៉ាងជិតស្និទ្ធ ពិសេសប្រជាជន និងទេសចរ ហើយលោកក្នុងនាមក្រុមប្រឹក្សាភិបាលទេសចរណ៍នៃទីក្រុងស៊ីអាន នឹងជួយផ្សព្វផ្សាយទាកទាញភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

លោកថ្លែងថា «កាលពីមុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិនមកកម្ពុជា២លាននាក់ វានៅតែជាចំនួនតិច ដូច្នេះយើងចង់ជំរុញភ្ញៀវទេសចរចិនមកទីនេះឱ្យបានច្រើនជាងនោះ»។  

លោក ប្រាក់ វុទ្ធី បង្ហាញក្ដីរំពឹងថា «តាមរយៈដំណើរទស្សនកិច្ច Familiarization Trip កម្ពុជារំពឹងថា នឹងទទួលបានកំណើនភ្ញៀវទេសចរចិន និងវិនិយោគិនចិនកាន់តែច្រើនឡើងវិញនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត»។

សូមជម្រាបថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរចិន ប្រមាណ ២៥,០០០នាក់ដែរ ដែលមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់មកពីប៉េកាំង-ភ្នំពេញ ចុះចតនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ជាលើកដំបូង និងកាលពីថ្ងៃទី២៧ ខែមករា មានជើងហោះហើរត្រង់ មកពីគួនមីង-ព្រះសីហនុ ដែលមានភ្ញៀវទេសចរចិនជាង ១០០នាក់ដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ