រាជធានីភ្នំពេញ ៖ មិនយូរនោះទេ តំបន់ឆ្នេរកម្ពុជាដែលសណ្តូកពីខេត្តព្រះសីហនុ កោះកុង កំពត ដល់កែប ដែលមានប្រវែងសរុប៤៣៥ គមនឹងមានគម្រោងដំណើរការអាកាសយានដ្ឋានអន្តរជាតិ និងសាងសង់ដល់ទៅ៣។ជាមួយនឹងព្រលានយន្តហោះអន្តរជាតិទាំងបីនេះ គេរំពឹងថានឹងធ្វើអោយមានសន្ទុះភ្ញៀវទេសចរបរទេស ពិសេសចិនធ្វើដំណើរមកកាន់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
គម្រោងអាកាសយានដ្ឋានទីមួយដែលកំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលត្រូវបានគេដឹងថា កំពុងតែគ្រប់គ្រងនឹងប្រតិបត្តិការទទួលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិដោយក្រុមហ៊ុន Cambodia Airports ដែលគេដឹងថា ជាអតីតក្រុមហ៊ុនសម្បទានព្រលានយន្តហោះរបស់បារាំង។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង ដែលបានសាងសង់ហើយជាស្ថាពរដោយ ក្រុមហ៊ុនចិនមួយឈ្មោះ Chinese Tianjin Union Development Group នៅក្នុងតម្លៃប្រមាណជា៣៥០លានដុល្លារ។និងគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ដោយក្រុមហ៊ុនRoyal Group Koh Rong Development Company ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅក្រោមទុន ប្រមាណជា៣០០ លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺជាអាកាសយានដ្ឋានអន្តរជាតិដែលមានស្រាប់ និងបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម ហើយក្រោយមករាជរដ្ឋាភិបាលបានប្រគល់សិទ្ធិគ្រប់គ្រង និងអភិវឌ្ឈន៍ទៅក្រុមហ៊ុនបារាំងខាងលើប្រតិបត្តិការ និងពង្រីកដោយរួមទាំងបំពាក់សេវាកម្ម និងឧបករណ៍នានា ដើម្បីធានាសុវត្ថិភាពនៃការហោះហើរ ដឹកជញ្ជូន អ្នកដំណើរ និងទំនិញ។ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុងវិញ ត្រូវបានគេដឹងថា គឺជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនខាងលើ នៅតំបន់តារាសាគរនៅក្នុងខេត្តកោះកុង ដោយមានទុនសរុបប្រមាណជា ៣.៨០០ លានដុល្លារ នៅលើផ្ទៃដីទំហំរហូតដល់ទៅ ៣.៦០០ ហត ដោយទីនោះមានតាំងពីរីសត កន្លែងវៃកូនហ្គោល គម្រោងអេកូទេសចរណ៍ ផ្ទះលំហែ កំពង់ផែ ។ និយាយឲ្យចំទៅនោះ គឺជាកន្លែងតំបន់អភិវឌ្ឈន៍ឯកជនមួយរបស់អ្នកវិនិយោគទុន ចិន និងអ្នកដែលមានលុយ។
សម្រាប់គម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុងមិនទាន់មានរូបរាងនៅឡើយទេ ប៉ុន្តែក្រោយពិធីចុះហត្ថលេខាមួយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗ នេះរវាង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គេដឹងថា គម្រោងនេះនឹងលេចរូបរាងឡើង។
ពាក់ព័ន្ធនឹងគម្រោងនៅកោះរ៉ុងនេះ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា គម្រោងអភិវឌ្ឍនេះស្ថិតក្រោមក្របខណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់តារាសាគរ ពោល គឺការវិនិយោគឯកជន១០០ភាគរយសម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង។នេះ គឺជាគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្រោយពេលដែលកោះនេះបានទទួលសម្បទានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីវិនិយោគកោះដែលមានទំហំធំជាងគេ ទីពីររបស់កម្ពុជារយៈពេល៩៩ឆ្នាំ ។
ឪគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិដល់ទៅ៣គៀកៗគ្នាបែបនេះវាហាក់ដូចជាសម្បើមមែន ប៉ុន្តែគោលដៅរបស់ម្ចាស់គម្រោង គឺបានកំណត់រៀងៗខ្លួនច្បាស់លាស់ ហើយគេក៏មិនមែនចេះតែសាងសង់ដោយគ្មានការសិក្សានោះឡើយ។គម្រោងទាំងនេះ គឺសុទ្ធតែមានសង្គតិភាព (ភាពស៊ីសង្វាក់គ្នា) ជាមួយនឹងចក្ខុវិស័យផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលច្បាស់លាស់។
ជាមួយនឹងជើងហោះហើរទៅកាន់តំបន់ទាំងនោះដោយផ្ទាល់វានឹងធ្វើអោយកាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍តាមឆ្នេសមុទ្រទាំងនោះ។ដូច្នេះ គម្រោងទាំងនោះនឹងរុញច្រានកំណើនទេសចរណ៍បរទេសទៅកាន់តំបន់ឆ្នេរសមុទ្រជាប្រាកដ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ