ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​មាន​ន័យ​ថា ប្រជាជន​ចិន​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​។​ខណៈ​ដែល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​គួរ​អោយ​បារម្ភ​នោះ ការ​ធ្វើ​ដំណើរ​នៅ​ពេល​ចូល​ឆ្នាំ​ចិន​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២ ខែមករា អាច​នឹង​ធ្វើ​អោយ​មានការ​បារម្ភ​កាន់តែ​ច្រើន​អំពី​ការ​រាលដាល​កូ​វី​ដ​១៩​។ បី​ឆ្នាំ​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​មាន​ន័យ​ថា ប្រជាជន​ចិន​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​។​ខណៈ​ដែល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​គួរ​អោយ​បារម្ភ​នោះ ការ​ធ្វើ​ដំណើរ​នៅ​ពេល​ចូល​ឆ្នាំ​ចិន​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២ ខែមករា អាច​នឹង​ធ្វើ​អោយ​មានការ​បារម្ភ​កាន់តែ​ច្រើន​អំពី​ការ​រាលដាល​កូ​វី​ដ​១៩​។

បី​ឆ្នាំ​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ចិន អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​បង្ហាញ​នូវ​ទស្សនៈវិស័យ​អំពី​មេរោគ​នេះ ដោយសារ​ចំនួន​អ្នក​ឆ្លង​កើនឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​កំណើត​នៃ​ការ​រីក​រាលដាល​បន្ទាប់​ពី​ចិន​លើកលែង​គោលនយោបាយ​កូ​វី​ដ​-១៩​សូន្យ​មក​នោះ​។

លោក ថេ​ត​ត្រូ អេ​ដេ​នូ​ម ហ្គី​ប្រ៊ី​យេ​សឹ (Tedros Adhanom Ghebreyesus) អគ្គនាយក​អង្គការ សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា (WHO) បាន​អះអាង​ថា អង្គការ​នេះ​កំពុង​តែ​ពិចារណា​ដក​ការ​ប្រកាស​គ្រាអាសន្ន​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ ប៉ុន្តែ​ក្រោយ​ពេល​ឃើញ​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ចិន​ក្រោយ​ការ​ដក​គោលនយោបាយ​កូ​វី​ដ​-១៩​សូន្យ​មក​សន្ទុះ​នៃ​ករណី​ឆ្លង​នៅ​ចិន​ត្រូវ​បាន​គេ​អះអាង​ថា មានការ​កើនឡើង​។

នៅ​ពេល​នេះ អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​កំពុង​តែ​ធ្វើការ​ពិនិត្យ​ឡើង​វិញ និង​ពិភាក្សា​ដើម្បី​កំណត់​ទស្សនវិស័យ​នៃ​មេរោគ​នេះ​សម្រាប់​ឆ្នាំ ២០២៣​។អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ការ​កើនឡើង​នៃ​ករណី​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​របាយការណ៍​អំពី​ករណី​ឆ្លង​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។ អង្គការ​នេះ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ចិន​។

លោក​វេជ្ជបណ្ឌិត ម៉ា​យ រី​យ៉ា​ន ( Mike Ryan) នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​យើង​ជឿ​ថា ចំនួន​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ពិតប្រាកដ​នៃ​ជំងឺ​នេះ ជា​ពិសេស គឺ​ទាក់ទង​នឹង​ការ​ចូល​ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ និង​ករណី​អ្នកជំងឺ​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ​។
ដោយសារ​តែ​សេចក្តី​ព្រួយបារម្ភ​នេះ ប្រទេស​នានា ជា​ពិសេស​នៅ​សហភាព​អឺរ៉ុប កូរ៉េ​ខាងត្បូង ជាដើម​បាន​តម្រូវ​ឲ្យ​រឹត​បន្តឹង​លើ​ការ​ត្រួតពិនិត្យ​ចំពោះ​អ្នកដំណើរ​មក​ពី​ចិន​។

សហភាព​អឺរ៉ុប បាន​ប្រកាស​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​រដ្ឋ​សមាជិក​របស់​ខ្លួន ឱ្យ​ដាក់​ចេញ​គោលការណ៍​ការ​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​-១៩ លើ​អ្នកដំណើរ​ទាំងអស់​ដែល​ចាក​ចេញពី​ប្រទេស​ចិន ហើយ​ក៏​តម្រូវ​ឲ្យ​បំពេញបន្ថែម​ជាមួយនឹង «​ការ​ធ្វើតេស្ត »​បន្ថែម​ផ្សេង​ទៀត ប្រសិនបើ​មាន​ករណី​សង្ស័យ​នៅ​ពេល​អ្នកដំណើរ​មក​ដល់​គោលដៅ ដើម្បី​កំណត់​អត្តសញ្ញាណ និង​អន្តរាគមន៍​ដែល​អាច​កើត​មាន​។

អង្គការ​នេះ​បាន​អះអាង​ថា លើកលែងតែ​ប្រទេស​ចិន​មួយ​តួរ​លេខ​នៃ​ការ​ឆ្លង និង​ការ​ស្លា​.​ប់​ជាស​កល​នៃ​មេរោគ​កូ​វី​ដ​-១៩ មានការ​ថយ​ចុះ​ជា​សាកល​។អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា សម្រាប់​តែ​ចិន​មួយ អ្នក​ឆ្លង​ជិត ១១ លាន​នាក់ អ្នក​ស្លា​.​ប់​៣៤.០២៨ នាក់ ករណី​ឆ្លង​នេះ​បាន​ហក់​ឡើង​ខ្លាំង​នៅ​ពេល​ចិន​ប្រកាស​បញ្ចប់​គោលនយោបាយ​កូ​វី​ដ​សូន្យ​របស់​ខ្លួន​។ករណី​នៅ​អឺរ៉ុប គឺ​បង្ហាញ​ថា ទោះបីជា​អត្រា​នៃ​អ្នក​ទទួល​វាក់​សាំង​ក្នុង​ចំណោម ប្រជាជន​អឺរ៉ុប​ខុស​គ្នា​ក៏​ដោយ​ក៏​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​បាន​ចាត់​ទុក​ថា បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​មាន​កម្រិត​ស្ថេ​រ​ភាព​នៃ​ការ​ឆ្លង និង​ស្លា​.​ប់​។

អង្គការ​សុខ​ភា​ពិភពលោក​បាន​អះអាង​ថា ពេញ​មួយ​ឆ្នាំ​២០២២ មេរោគ​កូ​វី​ដ -១៩ បាន​ឆ្លង​មនុស្ស​សរុប​ប្រមាណ​ជា​៣៦០​លាន​នាក់ ពោល គឺ​ប្រហែលជា​ជាង​ពាក់កណ្តាល​នៃ​ករណី​ផ្ទុះ​មេរោគ​ដែល​បាន​រាយការណ៍​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត ហើយ​ច្រើន​ជាង​អំឡុង​ពេល​ពីរ​ឆ្នាំ​មុន​រួម​បញ្ចូល​គ្នា​។​ចំនួន​នៃ​ការ​ធ្វើតេស្ត​វិជ្ជមាន​ស្ទើរតែ​កើនឡើង​បី​ដង​ក្នុង​ឆ្នាំ​២០២២ ដោយ​វា​បាន​កើនឡើង​ដល់​ទៅ​២០​ភាគរយ​។

នៅ​ក្នុង​ឆ្នាំ​២០២២ ដដែល​មាន​មនុស្ស​ប្រហែល​១,២​លាន​នាក់​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា បាន​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​-១៩ ពោល គឺ​កម្រិត​នៃ​ការ​ស្លា​.​ប់ គឺ​ខ្ពស់​ដោយ​អត្រា​គ្រោះថ្នាក់​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​មនុស្ស​៥​នាក់ គឺ​មាន​អ្នក​ស្លា​.​ប់​១​នាក់​។​អង្គការ​នេះ​បាន​អះអាង​ថា ជា​រួម​អត្រា​អ្នក​ស្លា​.​ប់ គឺ​មាន​ពី​៨.០០០ ទៅ​១០.០០០ នាក់​ក្នុង​មួ​យស​ប្តា​ហ៍​។

សរុប គិត​ចាប់​តាំង​វា​បាន​ឆ្លង​រីក​រាលដាល​មក មេរោគ​នេះ​បាន​ចម្លង​មនុស្ស​៦៦២,៤៤ លាន​នាក់ ស​ម្លា​.​ប់​មនុស្ស​សរុប ៦,៧ លាន​នាក់ ហើយ​មាន​វាក់​សាំង​ដែល​បាន​ចាក់ គឺ​មាន​ប្រមាណ​ជា​១៣.១០៧ លាន​ដូ​ស​។

អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ថា លទ្ធភាព​ទទួល​បានការ​វិភាគ និង​ការ​ព្យាបាល​សង្គ្រោះ​ជីវិត​សម្រាប់​ករណី​មេរោគ​កូ​វី​ដ​១៩ នៅ​តែ​មាននៅ​ឡើយ ប៉ុន្តែ​ប្រទេស​នីមួយ​ៗ គឺ​មិន​ទាន់​អាច​ទទួលយក​បាន​ដូច​គ្នា​នៅឡើយ​ទេ​។

ដោយ​ផ្អែក​លើ​និន្នាការ​បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​សង្ឃឹមថា នៅ​ចុងឆ្នាំ​២០២៣ ភាព​គ្រោះថ្នាក់​នៃ​កូ​វី​ដ​១៩​អាច​ត្រូវ​បាន​បញ្ចប់​នៅ​ទូ​ទាំង​ពិភពលោក តែ​ស្ថាប័ន​នេះ​បាន​សង្កត់ធ្ងន់​ថា ពិភពលោក​ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ជំរុញ និង​ធ្វើ​បច្ចុប្បន្នភាព​វេជ្ជសាស្ត្រ និង​ពង្រឹង​ការ​ការពារ​។​អង្គការ​នេះ និង​ដៃគូរ​ក៏​នៅ​តែ​មានការ​ព្រួយបារម្ភ​ថា ពួក​គេ​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់ ដើម្បី​វា​.​យ​តម្លៃ​នៃ​ការ​ប្រែប្រួល​វ៉ា​រ្យ៉​ង់​នៃ​មេរោគ​កូ​វី​ដ ១៩ ៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ